លោក សេង លាង ប្រើ​តួនាទី​នគរបាល​អន្តោប្រវេសន៍​រាប់​កុងតឺន័រ ចេញចូល​កំពង់ផែ​​ក្រុងព្រះសីហនុ យកលុយ​ច្រក​ហោប៉ៅ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ការដឹកជញ្ជូន​ ទំនិញ​ឆ្លងកាត់​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ មានការ​កើន​ឡើងជា​លំដាប់ ហើយ​សកម្មភាព​ដ៏​មមាញឹក​នេះ ផ្តល់ឱកាស​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កើប​ផលប្រយោជន៍​យកទៅ ​ធ្វើ​មាន​ធ្វើបាន​​​ផ្ទាល់ខ្លួនយ៉ាង​ ងាយស្រួល​បំផុត ដូចជា​លោក សេង លាង ក្នុងតួនាទី​ជា​ប្រធាន​ស្នាក់ការ​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ប្រមូល​លុយ​ក្រោម​តុ ពី​ក្រុមហ៊ុនរកស៊ី​ដឹកជញ្ជូន​ទំនិញ​ មិន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​ឬ​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ម្តងណា​ឡើយ។​

បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ជាពិសេស​ក្រុម​អ្នក​រត់ការ​ឯកសារ​ដឹក​ ទំនិញ​បាន​រអ៊ូរទាំ​ជា​ញឹកញាប់​អំពី​ករណី​ដែល​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍ ​ក្រោម​ការចាត់តាំង​របស់លោក សេង លាង បាន​រាប់​ក្បាល​ឡាន​កុងតឺន័រ​ដឹកទំនិញ​ចេញចូល​ឲ្យ​បង់លុយ​ទៅ​តាមតែ​អំពើ​ ចិត្ត​របស់​ពួកគេ ហើយ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ក៏បាន​លើក​ជា​សំណួរ​ផងដែរ​ ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ថា​តើ​តួនាទី​របស់​នគរបាល​អន្តោប្រវេសន៍ ត្រួតពិនិត្យ​ទិដ្ឋាការ លិខិតឆ្លងដែន​មនុស្ស​ចេញចូល ឬ​ត្រូវ​ចុះមក​រាប់​ក្បាល​ឡាន​ដឹក​កុងតឺន័រ​យកលុយ​? ការលើក​ជា​សំណួរ​បែបនេះ ក៏​ព្រោះតែ​នគរបាល​អន្តោប្រវេសន៍​របស់លោក សេង លាង ហាក់ដូចជា​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ការចាត់​តាំងរបស់​ថ្នាក់លើ​ច្រើន​ឆ្នាំ​ មកហើយ មិនដែល​មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ ។​

ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​បាន​អះអាង​ទៀតថា ជាធម្មតា​ក្នុង​មួយ​កុងតឺន័រ​សម្រាប់​ទំនិញ​នាំចូល​គ្រប់​ប្រភេទ​រាប់ទាំង​ ទំនិញ​វិនិយោគ​ដែល​បន្ទុក​ពន្ធអាករ​ជា​របស់​រដ្ឋ ក៏ត្រូវ​បង់លុយ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​របស់លោក សេង លាង ចំនួន ៤,៥​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់​កុងតឺន័រ​ដឹកទំនិញ​ចេញពី​កំពង់ផែ ខេត្ត​ព្រះសីហនុ ត្រូវ​បង់លុយ​ចំនួន​១,៥​ដុល្លារ​អាមេរិក​។ គេ​មិន​ច្បាស់​ទេ​ថា តើ​មាន​គោលការណ៍​អ្វីដែល​លោក សេង លាង ចាត់តាំង​ឲ្យ​មន្ត្រី​របស់គាត់​រាប់​ក្បាល​ឡាន​ដឹក​កុងតឺន័រ​យកលុយ​បែបនេះ​ ទេ ព្រោះ​កុងតឺន័រ​នាំចូល​ទំនិញ​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ ​ម៉ាស៊ីន​ស្កេ​ន​កាំរស្មី មានការ​ពិនិត្យ​ឯកសារ​នាំចេញ​នាំចូល​ពី​ជំនាញ​គយ​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើ​និយាយ​ពី​ការ​បង់លុយ​វិញ គឺ​ច្រើន​កន្លែង​ច្រើន​ដំណាក់កាល មិនដឹង​ជា​ផ្នែក​ណាខ្លះ​ទេ ចាំបាច់​អ្វី​ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ជូន​នគរបាល​អន្តោប្រវេសន៍​ របស់លោក សេង លាង មួយ​ជាន់​ទៀត ។​

ក្នុង​មួយថ្ងៃៗ​ការដឹកជញ្ជូន​ទំនិញ​ទាំង​ចេញ​និង​ចូល​កំពង់ផែ​អន្តរជាតិ​ ព្រះសីហនុ មិនតិចជាង ៤០០​ទៅ​៥០០​កុងតឺន័រ​ទេ ដូច្នេះ​នគរបាល​អន្តោប្រវេសន៍​របស់លោក សេង លាង អាច​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​មួយខែៗ​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​គ្រាន់តែ​ ករណី​រាប់​ក្បាល​កុងតឺន័រ​ដឹកទំនិញ​ចេញចូល​កំពង់ផែ​ក្រុងព្រះសីហនុ​យកលុយ​ តែប៉ុណ្ណោះ​។ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា ជាគោលការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ មិនបាន​តម្រូវ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ធ្វើបែបនេះ​ទេ ប៉ុន្តែ​លោក សេង លាង បាន​ឆ្លៀតឱកាស​ចាត់តាំង​មន្ត្រី​របស់ខ្លួន​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ការរាប់​ ក្បាល​កុងតឺន័រ​យកលុយ គឺជា​ការ​ឆ្លៀត​ប្រព្រឹត្ត​អំពើពុករលួយ​ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គស្ន​ង​ ការ​នគរបាលជាតិ​។​

ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​បញ្ជាក់ថា សម្រាប់​ទំនិញ​នាំចូល​គឺ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ក្នុង​មួយ​ កុងតឺន័រ​ចំនួន ៤,៥​ដុល្លារ​អាមេរិក ហើយ​សម្រាប់​ទំនិញ​ដឹក​ចេញ​ត្រូវ​បង់លុយ​ចំនួន​១,៥​ដុល្លារ​អាមេរិក គឺជា​សេវា​ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ស្របច្បាប់​និង​សម្រាប់​បង់លុយ​ក្នុង​ ម៉ោង​រដ្ឋបាល​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងករណី​ដែលមាន​ការកកស្ទះ​ទំនិញ ឬ​ហួស​ម៉ោង​រដ្ឋបាល យ៉ាងហោចណាស់​ក៏​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​ត្រូវ​បង់លុយ​ច្រើនជាង​ពេល​ ធម្មតា​។ ដូចជា​សម្រាប់​ទំនិញ​នាំចូល​មួយ​កុងតឺន័រ នគរបាល​អន្តោប្រវេសន៍​របស់លោក សេង លាង បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី​៣​ម៉ឺន​រៀល ទៅ​១៥​ដុល្លារ ហើយ​សម្រាប់​ទំនិញ​នាំចេញ​វិញ ត្រូវ​បង់លុយ​ចាប់ពី​១៥០០០​រៀល ទៅ ៣​ម៉ឺន​រៀល ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។

លោក សេង លាង មិនបាន​ក្រែង​ញញើត​ពី​ចំណាត់ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​នោះទេ គឺ​គាត់​បាន​យក​តួនាទី​របស់ខ្លួន​ទៅ​ប្រមូល​សេដ្ឋកិច្ច​យកទៅ​ច្រក​ហោប៉ៅ​ តាមរបៀប​ពុករលួយ​មិនដឹង​ជា​លោក សេង លាង ប្រឹង​រកលុយ​បែបនេះ​យកទៅ​បង់​ជូន​ថ្នាក់​ណាខ្លះ​ទេ​។ បើទោះបីជា​ពេលខ្លះ​លោក សេង លាង បាន​អួតអាង​ប្រាប់​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ថា ខ្លួន​ត្រូវ​ការប្រាក់​ដើម្បី​យកទៅ​បង់​ជូន​ថ្នាក់លើ​ក្នុង​ចំនួន​ច្រើនបែប​ ណាក៏ដោយ ក៏​គេ​ជឿថា វា​គ្រាន់តែ​ជា​លេស​ដែល​លោក សេង លាង ប្រឹង​ប្រមូល​លុយ​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ គេ​ចង់ឃើញ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ស៊ើបអង្កេត​ភាព​អសកម្ម​ របស់លោក សេង លាង ឲ្យ​បាន​ស៊ីជម្រៅ ៕

Net-Savoeun

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published