លោក យន់ អន ឃុបឃិត​ឲ្យ​ក្រុមហ៊ុន តេង ឡាយ នាំចូល​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​បាវិត ដោយ​គ្មាន​ការត្រួតពិនិត្យ​

, , Leave a comment

ខេត្តស្វាយរៀង ៖ លោក  យន់ អន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​បាវិត បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​បិទ​ភ្នែក​បិទ​ត្រចៀក​ឲ្យ​ក្រុម​ ឈ្មួញ​ធំៗ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ មកពី​វៀតណាមយ៉ាង ​អនាធិបតេយ្យ​បំផុត​។ ជាពិសេស​ក្រុមហ៊ុន តេង ឡាយ ដែល​ម៉ៅការ​ដឹកជញ្ជូន​ទំនិញ ឲ្យ​តាម​បណ្តា​រោងចក្រ​កាត់ដេរ និង​តាម​ក្រុមហ៊ុន​ធំៗ​មួយចំនួន​បាន​លួច​បង្កប់​ទំនិញ​ខុសច្បាប់​ដោយ​ជ្រក​ ក្រោម​ស្លាក​ទំនិញ​វិនិយោគ ដែល​បន្ទុក​ពន្ធអាករ​ជា​របស់​រដ្ឋ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់ ក្នុង​មួយខែៗ​ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​។​

ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុងចំណោម​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែល​ឈរជើង​តាម​អនុក្រឹត្យ​របស់​ រាជរដ្ឋាភិបាល​ប្រចាំ​ច្រក​អន្តរជាតិ​បាវិត គឺ​មន្ត្រី​គយ​របស់លោក យន់ អន បាន​ប្រើ​ជំនាញ​របស់ខ្លួន​តាមរ​យៈ​ការត្រួតពិនិត្យ​ទំនិញ​ក៏ដូចជា​ឯកសារ​ នាំចូល​ដោយ​ដាក់​កំហិត​ឲ្យ​មានការ​បង់លុយ​ក្រោម​តុ​ជូន​មន្ត្រី​គយ​ផ្ទុយ​ពី ​គោលការណ៍​របស់​ថ្នាក់លើ ដោយ​បង្ខំ​ឲ្យ​ក្រុម​អ្នក​រត់ការ​ទំនិញ​បង់ប្រាក់​សម្រាប់​ថ្លៃ​សេវា​ ពិនិត្យ​ឯកសារ​ដោយ​គ្មាន​វិក្កយបត្រ​អាច​ចាត់ទុកជា​អំពើពុករលួយ​ដ៏​ធំ​។ អ្នករត់​ឯកសារ​មួយចំនួន​បាន​សម្តែង​ការខឹង​សម្បា​ឬ​ត្រូវ​បង់ប្រាក់​ឲ្យ​ មន្ត្រី​គយ​របស់លោក យន់ អន ទាំង​ទើសទាល់​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ទំនិញ ពោលគឺ​ក្រុម​ឈ្មួញ​តូចតាច​មួយចំនួន ឬ​ក្រុមហ៊ុន​វិនិយោគ​ដែល​នាំចូល​ទំនិញ​ដោយ​ខ្លួនឯង​តាម​ច្រក​អន្តរជាតិ​ បាវិត រង​នូវ​ការ​គាប​ជំរិត​បង្ខំ​ឲ្យ​បង់លុយ​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ ពាក់ព័ន្ធ​ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ បើ​មិន​បង់លុយ​តាម​ការទាមទារ​ទេនោះ គឺ​មិនអាច​នាំ​ទំនិញ​ចូល​ប្រទេស​កម្ពុជា​បានទេ​។​

 

ដោយឡែក​ជំនាញ​គយ​របស់លោក យន់ អន បាន​បង្ខំ​ឲ្យ​ក្រុម​អ្នក​រត់ការ​បង់លុយ​លើ​សេវា​ពិនិត្យ​ឯកសារ​នាំចូល​ ទំនិញ​ចាប់ពី ១០០​ទៅ​១១៥​ដុល្លារ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ឲ្យ​ជំនាញ​គយ​ក្រៅផ្លូវការ​ក្នុង​ម្នាក់ៗ​ចាប់ពី​១០ ​ដុល្លារ​ដល់​៦០​ដុល្លារ​ថែមទៀត​ផង ដើម្បី​កុំ​ឲ្យ​កកស្ទះ​ឯកសារ​ឬ​យឺតយ៉ាវ​សម្រាប់​ការ​នាំចូល​ទំនិញ ហើយ​ក្នុង​មួយថ្ងៃ​គ្រាន់តែ​ឯកសារ​នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន​វិនិយោគ​មាន ​ចាប់ពី​៧០​ទៅ​១២០​ឯកសារ បើ​គណនា​ជា​ចំនួន​ទឹកប្រាក់​ដែល​ជំនាញ​គយ​របស់លោក យន់ អន ប្រមូលបាន គឺ​មិនតិច​ទេ​។ ចំពោះ​ការបង់ប្រាក់​លើ​សេវា​ពិនិត្យ​ឯកសារ​ចន្លោះ​ពី​១០០​ទៅ​១១៥​ដុល្លារ​ មិនមែនជា​គោលការណ៍​រប​ស់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ឬ​ជាគោលការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​នោះទេ ប៉ុន្តែ​លោក យន់ អន បាន​ចាត់តាំង​ឲ្យ​មានការ​បង់លុយ​បែបនេះ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​រឿង​សំខាន់បំផុត​នោះ ទោះជា​មានការ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់​ចន្លោះ​ពី​១០០​ទៅ​១១៥​ដុល្លារ​ ក៏ពិតមែន ក៏​ជំនាញ​គយ​របស់លោក យន់ អន នៅតែ​រិះរក​វិធី​ចាប់កំហុស​លើ​ឯកសារ​មួយចំនួន ដើម្បី​កោសរូស ឲ្យ​អ្នក​រត់ការ​ឯកសារ​ប​ង់​លុយ​បន្ថែម​ចាប់ពី​២០​ដុល្លារ ទៅ​៣០​ដុល្លារ ចៀស​មិន​ផុត​ឡើយ​។​

សម្រាប់​ការនាំ​ចូល​ទំនិញ​វិនិយោគ​ដែល​បន្ទុក​ពន្ធអាករ​ជា​របស់​រដ្ឋ​ជួប​ ភាពលំបាក​យ៉ាងខ្លាំង បើទោះបីជា​មានការ​អនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​គយ​រួចហើយ​ក៏ដោយ ព្រោះ​សម្រាប់​លោក យន់ អន ដែលជា​ប្រធាន​ស្នាក់ការ​គយ​ប្រចាំ​ច្រក​អន្តរជាតិ​បាវិត គឺ​ខ្លួន​គាត់​ផ្ទាល់​នៅពេល​ត្រួតពិនិត្យ​ឯកសារ បាន​តម្រូវ​ឲ្យ​អ្នក​រត់ការ​បង់លុយ​ក្នុង​១​ឯកសារ ចំនួន​១០​ដុល្លារ សម្រាប់តែ​ទំនិញ​វិនិយោគ ហើយ​សម្រាប់​ករណី​នាំចូល​ទំនិញ​បង់ពន្ធ​គឺ​លោក យន់ អន តម្រូវ​ឲ្យ​មានការ​បង់លុយ​ច្រើនជាង​នេះ យ៉ាងហោចណាស់​ក៏ ២០​ទៅ​៤០​ភាគរយ​។ គេ​សង្កេតឃើញ​លោក យន់ អន បាន​រឹតបន្តឹង​និង​រិះរក​វិធី​កោស​លុយ ពី​ក្រុម​អ្នក​រត់ការ​ទំនិញ​ក៏ដូចជា​ក្រុម​ឈ្មួញ​តូចតាច ប៉ុន្តែ​លោក យន់ អន បែរជា​បិទ​ភ្នែក​បិទ​ត្រចៀក​មិនដែល​មើលឃើញ​ពី​ភាពអនាធិបតេយ្យ​របស់​ ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​មួយ​ឈ្មោះ តេង ឡាយ ដែល​គេ​ដឹងថា​មាន​លួចលាក់​ដឹកទំនិញ​ខុសច្បាប់​ឬ​ទំនិញគេចពន្ធ​ដោយ​ជ្រក​ ក្រោម​ស្លាក​ទំនិញ​វិនិយោគ​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​ សន្ធាប់​។

គេ​ចង់ឃើញ​អង្គភាព​សវនកម្ម និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន តេង ឡាយ ដែល​គេ​ដឹងថា​ក្រុមហ៊ុន​នេះ​ត្រូវបាន​ក្រុមហ៊ុន​រោងចក្រ​ជាច្រើន​ពឹង​ អាស្រ័យ​ឲ្យ​ជួយ​ដឹកជញ្ជូន​និង​នាំចូល​ផលិតផល​សម្រេច​មកពី​ស្រុក​ចិន ឬ​វៀតណាម​យកមក​បិទ​តែម​ផលិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​បន្ត​នាំ​ចេញទៅ​លក់​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ដែលជា​រឿង​ខុសច្បាប់​ធ្ងន់ធ្ងរ ព្រោះ​មិន​ត្រឹមតែ​នាំ​ឲ្យ​មានការ​ខាតបង់​ចំណូល​ថវិកាជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម ក្នុងស្រុក​ផងដែរ​។ ក្រុមហ៊ុន តេង ឡាយ មាន​ផែស្ងួត​ផ្ទាល់ខ្លួន​ជា​ឱកាស​ដែល​ក្រុមហ៊ុន​នេះ អាច​ដឹកជញ្ជូន​ឬ​នាំចូល​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ បើ​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុង​ប្រកប​អាជីព​ដឹកជញ្ជូន​ ទំនិញ​។

 

​ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន តេង ឡាយ មាន​ខ្នងបង្អែក​រឹងមាំ មិនដែល​មាន​នរណា​ហ៊ាន​ឮមាត់ឮក ឬ​ត្រួតពិនិត្យ​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​របស់​ ក្រុមហ៊ុន តេង ឡាយ ម្តងណា​ឡើយ ហើយ​លោក យន់ អន ចេះតែ​សុខ​ស្រួល​ក្នុង​ការឃុបឃិត​ជាមួយ​ក្រុមហ៊ុន តេង ឡាយ បើក​ឲ្យ​មានការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ​តាម​ច្រក​អន្តរជាតិ​បាវិត​។ ចំពោះ​ក្រុមហ៊ុន​រថយន្តក្រុង​មួយចំនួន​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​វៀតណាម ក៏មាន​លួចលាក់​ដឹកទំនិញ​គេចពន្ធ​និង​ទំនិញ​ខុសច្បាប់ ដោយ​ជ្រក​ក្រោម​ស្លាក​ការផ្ញើ​ទំនិញ ឬ​ជា​ឥ​វ៉ាន់​របស់​ភ្ញៀវ ដូចជា​ករណី​ក្រុមហ៊ុន​រថយន្តក្រុង​មួយ ជា​របស់​ឧ​ត្ត​ម​សេនីយ៍​យោធា​ដ៏​មានអំណាច មាន​លួចលាក់​ដឹកទំនិញ​គេចពន្ធ​ច្រើន​ឆ្នាំ​មកហើយ​មិនដែល​នរណា​ហ៊ាន​ ត្រួតពិនិត្យ​ទេ​៕

Simon

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published