សុន ស្រី​ពេជ្រ ភ័យញ័រ​ខ្លួន

, , Leave a comment

តារាចម្រៀង​ស្រគត់ស្រគំ​កញ្ញា សុន ស្រី​ពេជ្រ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នាង​ភ័យ​ឡើង​ញ័រ​ខ្លួន ក្នុង​បទ​ចម្រៀង​កាយវិការ​មួយ ដែល​ទើប​ថត​បញ្ចប់​ថ្មីៗ​នេះ ឲ្យ​ផលិតកម្ម​រស្មី​ហង្សមាស​។​
​បទ​ចម្រៀង​នោះ មាន​ចំណងជើង​ថា “​អនុស្សាវរីយ៍​បឹង​កំពីងពួយ​” ដែល​នាង និង​លោក សាន វិសាល បាន​សម្ដែង​រួមគ្នា​នៅលើ​ផ្ទៃ​បឹង​អាង​កំពីងពួយ​ខេត្តបាត់ដំបង​។ នាង ទើបនឹង​បាន​លើកយក​បទ​ចម្រៀង​ខាងលើ​មក​ច្រៀង​ក្នុង​កម្មវិធី “​តន្ត្រី​លើទឹក​” កាលពី​ចុង​សបា្តហ៍​មុននេះ ដោយមាន​វីដេអូ​ខារ៉ាអូខេ​ចាក់​បញ្ចាំង​លើ​អេក្រង់ LED ខាងក្រោយ​ផង​។


​ក្រោយ​ច្រៀង​ចប់ កញ្ញា សុន ស្រី​ពេជ្រ បាន​តប​ទៅនឹង​សំណួរ​របស់​ពិធីករ ពិធី​ការិនី លោក ភោ សុ​ផានិត និង​កញ្ញា និមល ថា កញ្ញា មានការ​ភិតភ័យ​ណាស់​ចំពោះ​ការថត​ខារ៉ាអូខេ​មួយ​បទ​នេះ ព្រោះ​ចំ​ចំណុចខ្សោយ​របស់​នាង​តែម្តង​។ តារាចម្រៀង​ដែលជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ​ជាតិ គ្រប់គ្រង រូបនេះ ថ្លែងថា “​ខ្ញុំ​អត់​ចេះ​ហែល​ទឹក​ទេ ដល់​ទៅ​ថត​លើទឹក​អីចឹង ខ្ញុំ​ភ័យ​ណាស់ គឺ​ស្ទើរតែ​ថត​មិនកើត​ទេ​!”​។​


​កញ្ញា សង្កត់ធ្ងន់ថា មួយជីវិត​នេះ នាង​ខ្លាច​ទឹក​បំផុត ក៏​ព្រោះតែ​កញ្ញា អត់​ចេះ​ហែល​ទឹក​នេះឯង​។ ស្រី​ពេជ្រ បន្តថា ពេលនោះ ដោយសារតែ​ភ័យ​ពេក អារម្មណ៍​អត់​មូល ចូល​តួ​សឹង​មិនកើត ហើយ​បើ​មិន​មានការ​លួងលោម​ផ្តល់​កម្លាំងចិត្ត ពី​អ្នកដឹកនាំ​សម្ដែង ក៏ដូចជា​ក្រុមការងារ​ទេនោះ ម្ល៉េះ​សមនាង មិនអាច​បន្ត​ថត​រហូតដល់​ចប់​ចុង​ចប់​ដើម​នោះឡើយ​។​
​ទោះយ៉ាងណា តារាចម្រៀង​ល្បីឈ្មោះ​តាមរយៈ​ការ​ច្រៀង​បទ​ចម្រៀង​ឲ្យ​ក្រសួងទេសចរណ៍ រូបនេះ លើកឡើងថា មួយផ្នែក​ក៏​នាង មាន​ទំនុកចិត្ត​ខ្លះ​ដែរ លើ​ក្រុមការងារ ព្រោះ​កន្លងមក​មិនដែល​មានការ​ភ្លាំងភ្លាត់​នោះទេ​។​


​បន្ទាប់ពី​ទើប​វិលត្រឡប់​ពី​ការសម្ដែង​កើប​ប្រាក់​នៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក​ថ្មីៗ កញ្ញា សុន ស្រី​ពេជ្រ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា នៅ​រវាង​ខែកក្កដា​ឆ្នាំ​២០១៣​ខាងមុខនេះ កញ្ញា​ត្រៀម​ចេញ​បទ​ចម្រៀង​វ៉ុល​ថ្មី​ពិ​សេសមួយ​តែម្នាក់ឯង ដោយ​ក្នុងនោះ​មាន​បទ​ចម្រៀង​ចំនួន ១០​បទ សុទ្ធ​ជា​បទ​សង់​ទី​ម៉​ង់​។​ ​លុះ​ក្រោយ​ពីបទ​ចម្រៀង​នោះ ចេញលក់​លើ​ទីផ្សារ​រួចរាល់​ហើយ នាង​ក៏​គ្រោង​នឹង​ចេញទៅ​សម្ដែង​នៅ​ប្រទេស​បារាំង​ទៀត​ដែរ តប​ទៅតាម​ការស្នើសុំ​របស់​ពុ​ក​ម៉ែ​បងប្អូន​ដែល​រស់នៅ​ទីនោះ​។ ប៉ុន្តែ​យ៉ាងណា ស្រី​ពេជ្រ បញ្ជាក់ថា អ្វីៗ​មិនទាន់​អាច​កំណត់​បាន ១០០%​នោះទេ ពិសេស​កាលបរិច្ឆេទ​នៃ​ការចេញដំណើរ​តែម្តង​៕

 24-6

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published