ខេត្តបន្ទាយមានជ័យ ៖ ច្រើនឆ្នាំមកហើយដែលលោក ពេជ្រ វណ្ណា ជាប្រធានការិយាល័យទំនាក់ទំនងការងារព្រំដែន កម្ពុជា-ថៃ ដែលឡើងបន្តតំណែងពីលោក ឌី ផេន បានរកស៊ីនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ជាច្រើនប្រភេទមកពី ស្រុកថៃតាមច្រកព្រំដែននៃស្រុកម៉ាឡៃ ដោយគ្មានការរំខានពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនោះទេ ព្រោះលោក ពេជ្រ វណ្ណា មានទំនាក់ទំនងល្អក្នុងការបង់លុយកាក់ជូនមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីកុំឲ្យទៅរំខានការរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធរបស់គាត់ ដែលទាមទារឲ្យលោកផ្កាយ៣ សៀក សុជាតិ នាយកទីចាត់ការការងារព្រំដែនកម្ពុជា ពិនិត្យមើលបញ្ហានេះឡើងវិញផង។
មន្ត្រីតូចតាចបានបង្ហើបឲ្យដឹងថា ក្រុមគ្រួសារលោក ពេជ្រ វណ្ណា បច្ចុប្បន្ននេះកំពុងរកស៊ីនាំចូលទំនិញជាច្រើនប្រភេទមកពីស្រុកថៃ ដូចជាគ្រឿងសំណង់ ដែកស៊ីម៉ងត៍ ហ្គាស ជ្រូក ហើយទំនិញរបស់លោក ពេជ្រ វណ្ណា ដែលនាំចូលតាមច្រកម៉ាឡៃនេះ ភាគច្រើនគ្មានការបង់ពន្ធ ហើយបើបង់ពន្ធក៏បានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ អាចនិយាយបានថា ការនាំចូលទំនិញគេចពន្ធរបស់លោក ពេជ្រ វណ្ណា ភាគច្រើនជាប្រភេទទំនិញគេចពន្ធ ហើយគាត់អាចយកមកលក់ចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងយ៉ាងរលូនល្អ។ តាំងពីចំណុចព្រំដែនស្រុកម៉ាឡៃ រហូតដល់ទីតាំងស្តុកទំនិញជាច្រើនកន្លែងរបស់លោក ពេជ្រ វណ្ណា ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គេសង្កេតឃើញមន្ត្រីជំនាញគយ ក៏ដូចជាសមត្ថកិច្ចដែលប្រចាំការនៅច្រកព្រំដែននិងតាមដងផ្លូវ សុទ្ធតែបានជួយជ្រោមជ្រែងនិងសម្របសម្រួលការរកស៊ីដឹកជញ្ជូនទំនិញ របស់លោក ពេជ្រ វណ្ណា មិនដែលឲ្យទើសចិត្តម្តងណាឡើយ។
ទំនិញរបស់លោក ពេជ្រ វណ្ណា ភាគច្រើននាំចូលដោយបំពានទៅលើសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនស្របច្បាប់ មួយចំនួន ផងដែរ ដូចជាប្រភេទដែក ស៊ីម៉ងត៍ ហ្គាស ជាពិសេសជ្រូកក្រហមដែលត្រូវបាននាំចូលពីស្រុកថៃ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល មិនដែលមានការត្រួតពិនិត្យពីជំនាញពេទ្យសត្វម្តងណាឡើយ ធ្វើឲ្យប្រជាពលរដ្ឋសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ព្រោះការនាំចូលជ្រូកក្រហមមកពីស្រុកថៃ មកលក់ចែកចាយក្នុងប្រទេសកម្ពុជា អាចជាប្រភពចម្លងជំងឺគួរឲ្យបារម្ភ។ ការនាំចូលទំនិញដោយមានការជួយសម្របសម្រួលពីប្រធានការិយាល័យគយនិង រដ្ឋាករប្រចាំស្រុកម៉ាឡៃ លោក ពេជ្រ វណ្ណា អាចប្រមូលប្រាក់ចំណេញបានច្រើនសន្ធឹកសន្ធាប់យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ដោយសារតែមិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
សកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធរបស់លោក ពេជ្រ វណ្ណា ក្នុងមួយថ្ងៃៗមានទំហំធំធេងបើនិយាយពីការដឹកជញ្ជូនវិញគឺលោក ពេជ្រ វណ្ណា បានប្រើប្រាស់រថយន្តយីឌុបផ្ទាល់ខ្លួនចំនួន១០គ្រឿង គឺដឹកជញ្ជូនទំនិញតាំងពីចំណុចព្រំដែន មកស្តុកទុកនៅក្នុងឃ្លាំង ឯខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ហើយបន្តដឹកយកទៅលក់ចែកចាយដល់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ ផងដែរ។ រាល់ការដឹកជញ្ជូនទំនិញរបស់លោក ពេជ្រ វណ្ណា សុទ្ធតែប្រើប្រាស់រថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសផ្ទុកលើស ទម្ងន់បំផ្លាញផ្លូវពីស្រុកម៉ាឡៃចូលតាមខេត្តបន្ទាយមានជ័យនិង បាត់ដំបងជាច្រើនកន្លែង ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងព្រួយបារម្ភពីសុវត្ថិភាពដោយសារតែរថយន្តដឹកជញ្ជូនទំនិញរបស់លោក ពេជ្រ វណ្ណា បើកបរគ្មានសណ្តាប់ធ្នាប់យ៉ាងអនាធិបតេយ្យបំផុត មិនខ្វល់ពីផលប៉ះពាល់ចំពោះអ្នកដំណើរតាមដងផ្លូវនោះទេ។
លោក ពេជ្រ វណ្ណា ចាប់តាំងពីបានឡើងតំណែងជាប្រធានការិយាល័យទំនាក់ទំនងការងារព្រំដែន កម្ពុជា-សៀម ជំនួសលោក ឌី ផេន គេសង្កេតឃើញលោក ពេជ្រ វណ្ណា កាន់តែមានឥទ្ធិពលនិងអំណាចខ្លាំងសម្បើមហើយគាត់អាចយកតួនាទីនេះមក ពង្រឹងពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ កាន់តែអនាធិបតេយ្យខ្លាំងឡើង គ្មាននរណាហ៊ានប៉ះពាល់ទេ ។ យ៉ាងណាក៏ដោយ លោកផ្កាយ៣ សៀក សុជាតិ នាយកទីចាត់ការការងារព្រំដែនកម្ពុជា ទំនងជាទទួលបានផលប្រយោជន៍ពីការរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធរបស់លោក ពេជ្រ វណ្ណា ខ្លះដែរហើយមើលទៅ បានជាសកម្មភាពរកស៊ីគេចពន្ធបំផ្លាញចំណូលថវិកាជាតិរបស់លោក ពេជ្រ វណ្ណា អាចដំណើរការដោយរលូនល្អ ជាពិសេសគេមិនដែលឃើញលោក សៀក សុជាតិ កោះហៅលោក ពេជ្រ វណ្ណា មកសួរនាំឬដាក់ពិន័យម្តងណាឡើយ៕