អាមេរិក និង​តា​លី​បង់ ផ្តើម​ការចរចា​គ្នា​សារជាថ្មី​

, , Leave a comment

សហរដ្ឋអាមេរិក និង​ពួក​ឧទ្ទាម​តា​លី​បង់ ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គ្រោង​នឹង​បន្ត​ការចរចា​ដោយផ្ទាល់​ឡើងវិញ ដើម្បី​ស្វែងរក​សន្តិភាព​។ ក្រុម​តា​លី​បង់ បាន​ថ្លែង​ដូច្នោះ ក្នុង​ពិធី​បើកដំណើរការ​ការិយាល័យ​ថ្មី​របស់​ពួកគេ ក្នុង​ទឹកដី​នៃ​ប្រទេស​កាតា​។​ ​ពួកគេ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការិយាល័យ​ក្នុងប្រទេស​កាតា ដំបូង​មួយ​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ស្វែ​រ​រក​ដំណោះស្រាយ ដោយ​សន្តិវិធី​សម្រាប់​បញ្ហា​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ សហរដ្ឋអាមេរិក​គ្រោង​នឹង​ប​ញ្ចូ​ន​គណៈប្រតិភូ​របស់ខ្លួន​ទៅ​រដ្ឋធានី​ដូ​ហា នៃ​ប្រទេស​កាតា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី​បន្ត​ការចរចា​ជាមួយ​ពួក​តា​លី​បង់ បន្ទាប់ពី​ការចរចា​គ្នា​ដោយផ្ទាល់​បែបនេះ​ត្រូវបាន​ផ្អាក តាំងពី​ខែមីនា ឆ្នាំ​២០១២​មកម្ល៉េះ​។​


 
​គួរ​បញ្ជាក់ថា ភាគី​ទាំងពីរ​ចាប់ផ្តើម​ចរចា​គ្នា​ដោយផ្ទាល់​ក្នុង​ក្រុង​ដូ​ហា កាលពី​ឆ្នាំ​២០១០ ហើយ​ការផ្អាក កាលពី​ឆ្នាំមុន បាន​កើតមាន​ដោយសារតែ​មិនមាន​ភាព​ប្រាកដថា គួរតែមាន​វត្តមាន​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន ឬ​យ៉ាងណា​។​ ​កាលពី​ឆ្នាំមុន ក្រុម​អ្នកចរចា​របស់​ពួក​តា​លី​បង់ បាន​ប្រាប់​សារព័ត៌មាន NHK ថា ពួកគេ​ត្រៀមខ្លួន​ដើម្បី​ចរចា​ជាមួយ​អាមេរិក​រួចរាល់​ហើយ ប្រសិនបើ​អាមេរិក ដោះលែង​សមាជិក តា​លី​បង់​ជាន់ខ្ពស់​ចំនួន​៥​នាក់​។​


 
​ដោយ​យោងតាម​ការចុះផ្សាយ​រ​របស់​សារព័ត៌មាន CCTV ពួក​តា​លី​បង់ បាន​និយាយថា ពួកគេ​មាន​គោលបំណង​ដ៏​សំខាន់​ចំនួន​៣ ក្នុងនោះ​រួមមាន ទីមួយ​គឺ​ដើម្បី​ឈានដល់​ការយោគយល់​គ្នា​និង​ផ្តើម​ការពិភាក្សា​ជាមួយ​បណ្តា ប្រទេស​ក្នុង​ពិភពលោក ដើម្បី​គោលបំណង​ពង្រឹង​ទំនាក់ទំនង​។ សម្រាប់​គោលបំណង​ទី​ពីរ គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​និង​នយោបាយ​ដែល រួមបញ្ចូល​ទាំង​ការបញ្ឈប់​ការកាន់កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន និង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សន្តិសុខ​ឥស្លាម​ឯករាជ្យ​។ សម្រាប់​ហេតុផល​ទី​បី​នោះ គឺ​ដើម្បី​រៀបចំ​ជំនួប​ជាមួយ​ក្រុម​តំណាង និង​ក្រុមមន្ត្រី​ផ្លូវ​ការណ៍ របស់​អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​សមស្រប​ណាមួយ​៕

20-6 (1)

 

Leave a Reply

(*) Required, Your email will not be published