ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកមោងឬស្សី ចាប់ខ្លួនបុរស២នាក់ដែលសង្ស័យថា ជាប់ពាក់ព័ន្ធករណីលួចម៉ូតូ និងប្លន់ប្រដាប់អាវុធ ក្រោយពេលធ្វើសកម្មភាពប្លន់អ្នកជិះម៉ូតូតាមដងផ្លូវម្នាក់ កាលពីម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ហើយត្រូវសមត្ថកិច្ចរឹបអូសបានម៉ូតូសេរីឆ្នាំ២០១៣ចំនួន៣គ្រឿង និងកាំភ្លើងខ្លី២ដើម។
លោកអធិការស្រុកមោងឬស្សីបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះម្នាក់ឈ្មោះ យុន ហំ អាយុ៤១ឆ្នាំ រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល និងម្នាក់ទៀតឈ្មោះ ឆុន វីរៈ អាយុ៣៦ឆ្នាំ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល។ ជនទាំង២នាក់នេះ បានប្រើប្រាស់កាំភ្លើងខ្លីធន់K59 ម្នាក់១ដើម ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ ពីបុរសម្នាក់ឈ្មោះ ធីម ធា អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ក្នុងគ្រាដែលគាត់កំពុងធ្វើដំណើរតាមផ្លូវទៅស្រែ។ ហើយជនទាំង២នាក់នេះ បានកាច់សោកលួចយកម៉ូតូមួយគ្រឿងរបស់ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ នៅក្នុងភូមិព្រៃដំរីនេះដែរ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ ។
ក្រោយពីចាប់ខ្លួន សមត្ថកិច្ចបានរឹបអូសម៉ូតូម៉ាកហុងដា ឌ្រីមសេរីឆ្នាំ២០១៣ ចំនួន៣គ្រឿងពីជនសង្ស័យ ក្នុងនោះ១គ្រឿងត្រូវជននេះ កាច់សោកលួចយកពីភូមិព្រៃដំរី ឃុំព្រៃតូច កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ជារបស់ឈ្មោះ សំ ពិសិដ្ឋ។ ឯ២គ្រឿងទៀត ១គ្រឿង ភ្ជង់ប្លន់ពីជនរងគ្រោះឈ្មោះ ធីម ធា អាយុ៤៣ឆ្នាំ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា តាមដងផ្លូវនៅភូមិព្រៃដំរីដែរ និង១គ្រឿងទៀត ពាក់ស្លាកលេខ ខេមរភូមិន្ទ 09.1.678៩ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងកាំភ្លើងខ្លីធន់K59 ចំនួន២ដើម បង់២ មាន៩គ្រាប់។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានរកឃើញកាបូបមួយ ដែលមានស្លាកលេខម៉ូតូចំនួន២ គឺ១លេខ ភ្នំពេញ 1BO-6537 និង២លេខ បាត់ដំបង 1H-6486 និងរកឃើញស្លាកសញ្ញាពាក់ដៃ អ.ហ មួយទៀត ប៉ុន្តែគេមិនដឹងថា វត្ថុតាងទាំងនេះក្លែងក្លាយឬបែបណានោះទេ។
ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងបន្ថែមទៀតមែន បន្ទាប់ពីធ្វើសកម្មភាពកាច់សោក លួចយកម៉ូតូ១គ្រឿង។ ដោយឡែកកាំភ្លើងខ្លីធន់K59ចំនួន២ដើម និងបាឡងពាក់ដៃអ.ហដែលប្រើប្រាស់ ជននេះប្រាប់ថា គឺបានមកពីមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ មឿន មានឋានៈជាអនុសេនីយយ៍ទោ ការពារសន្តិសុខនៅសាលាក្ដីខ្មែរក្រហម ប៉ុន្តែមន្ត្រីអាវុធហត្ថឈ្មោះ មឿន នេះត្រូវគេចាប់ដាក់គុកជាង៣ខែហើយ ដោយពួកខ្លួនមិនបានដឹងពីមូលហេតុទេ។ ទោះជាយ៉ាងណា ក៏ជាចម្លើយបឋមប៉ុណ្ណោះ ដែលជនសង្ស័យបានសារភាព ប៉ុន្តែសមត្ថកិច្ចថា ជនទាំង២នាក់នេះ អាចជាប់ពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើសជាច្រើនទៀត ដែលសមត្ថកិច្ចកំពុងសាកសួរបន្ត។
អធិការនគរបាលស្រុកមោងឬស្សីក៏បានបញ្ជាក់ដែរថា កម្លាំងរបស់លោកបានតស៊ូយ៉ាងស្វិតស្វាញ ក្នុងការតាមប្រមាញ់ជនសង្ស័យទាំង២នាក់នេះ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បន្ទាប់ពីក្រុមនេះ បានធ្វើសកម្មភាពកាច់សោក លួចយកម៉ូតូនៅភូមិព្រៃដំរី ឃុំព្រៃតូច តាំងពីល្ងាចថ្ងៃទី១៦ ខែមិថុនា។ លោកបញ្ជាក់ថា ជនសង្ស័យត្រូវកម្លាំងរបស់លោកតាមទាន់ម្ដងហើយ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា គ្រាដែលពួកគេកំពុងអូសម៉ូតូ២គ្រឿងកាត់ភក់ កាត់ទឹកក្នុងព្រៃរនាមភាគខាងជើងស្រុកមោងឬស្សី ក្រោយពីលូចបាន ប៉ុន្តែលោកថា ពួកគេបានរត់ចោលម៉ូតូទាំង២គ្រឿងនោះ លុះនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ពួកគេបានធ្វើសកម្មភាពប្លន់ម៉ូតូអ្នកដំណើរជាថ្មីទៀត ទើបកម្លាំងរបស់លោកដែលកំពុងតាមប្រមាញ់ជាប់រហូត ចាប់ខ្លួនពួកគេបានតែម្ដង បន្ទាប់ពីប្លន់បានប្រហែល២០នាទីប៉ុណ្ណោះ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕