ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវកូនបង្កើតរបស់ខ្លួនរុញទម្លាក់ពីលើផ្ទះរបស់គាត់ដែលមានកម្ពស់ជាង ៤ ម៉ែត្របានរងរបួសធ្ងន់រហូតដល់សន្លប់ ហើយត្រូវបានអ្នកជិតខាងដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបងែ្អកខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ តាមប្រភពព័ត៌មានពីអ្នកជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសអកតញ្ញូដែលរុញម្តាយបង្កើតរបស់ខ្លួនទម្លាក់ពីលើផ្ទះនេះ មានឈ្មោះចាប ដូង អាយុ៤៣ ឆ្នាំ។ ដោយឡែក ម្តាយដែលជាជនរងគ្រោះមានឈ្មោះ ជុំ ធួក អាយុ ៧២ ឆ្នាំ ទាំងពីរនាក់ម្តាយ និងកូន រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសឈ្មោះ ចាប ដូង មកពីផឹកស្រវឹង តែងតែបង្កទំនាស់ជាមួយនឹងប្រពន្ធ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយម្តាយដែលនៅក្នុងផ្ទះបានឃាត់កុំឲ្យឈ្លោះគ្នា។ ខណៈដែលម្តាយឃាត់កុំឲ្យឈ្លោះគ្នានោះ ស្រាប់តែឈ្មោះ ចាប ដូង ដែលជាកូនប្រុសបង្កើតរបស់គាត់ ជេរស្តីប្រមាថម្តាយ រួចបណ្តេញម្តាយឲ្យចុះចេញពីផ្ទះ និងបានប្រមូលខោអាវរបស់ម្តាយបោះចោលមកដីតែម្តង។ ឃើញសភាពមិនស្រួលម្តាយដែលកំពុងសម្រាន្ត ក៏ក្រោកឡើង រួចចុះមកទាំងភ័យខ្លាច ពេលចុះមកដល់កាំជណ្តើរទី ២ ក៏ត្រូវកូនប្រុសបង្កើតបានរុញទម្លាក់ម្តាយ ចុះពីលើផ្ទះដែលមានកម្ពស់ជាង ៤ ម៉ែត្រ បណ្តាលឲ្យសន្លប់ស្តូកក្រោមជណ្តើរតែម្តង។ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនោះ បានជួយនាំលោកយាយទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយធ្វើអន្តរាគមន៍តែម្តង។
តាមប្រភពដដែលបានបន្តប្រាប់ទៀតថា កូនអកតញ្ញូរូបនេះ តែងតែធ្វើបាបប្រពន្ធកូន និងម្តាយស្ទើរមិនលស់ថ្ងៃ ក្រោយពីផឹកស្រវឹង។ បើនៅក្នុងរដូវទឹកឡើងវិញ វ៉ៃម្តាយទម្លាក់ទឹក មិនឲ្យឡើងផ្ទះទៀតផង។ បច្ចុប្បន្ន ឈ្មោះចាប ដូង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង៕