ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី ធ្វើបាតុកម្ម​ទូទាំងប្រទេស ប្រឆាំង​ការឡើង​ថ្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​

, , Leave a comment

​ក្រុម​សកម្មជន ឥណ្ឌូនេស៊ី រាប់ពាន់នាក់ កាលពី​ម្សិលមិញ បានធ្វើ​បាតុកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​ប្រឆាំងនឹង​ផែនការ​ឡើងថ្លៃ នៃ​តម្លៃ​ប្រេងសាំង ក្នុងប្រទេស​នេះ​។បាតុកម្ម​បានកើត​មាន បន្ទាប់ពី​សភា​ឥណ្ឌូនេស៊ី បានអនុម័ត​លើ​សេចក្តីព្រៀងច្បាប់​មួយ ស្តីពី​ការកំណត់​ឲ្យ​មាន​កញ្ចប់​ថវិកា ដែល​ត្រូវ​ទាញយក​ពី​ការឡើង​ថ្លៃ​ប្រេង សាំង​។ សភា​បានសម្រេច​បែបនេះ តាមរយៈ​ការបោះឆ្នោត ដែលមាន​សំឡេងគាំទ្រ ៣៣៨​សំឡេង ទល់នឹង​១៨១​សំឡេង ដែលថា តម្លៃ​ប្រេងសាំង​នឹងត្រូវ​ឡើងថ្លៃ ៣៣% ។​ ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក គេ​សង្កេតឃើញថា នេះ​គឺជា​ការឡើង​ថ្លៃ​ប្រេងសាំង ជា​លើកដំបូង​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​។​


 
​ពួក​បាតុករ​ប្រមាណ​៣០០០​នាក់ បាន​ទៅ​ជួបជុំគ្នា​នៅ​ខាង​ក្រៅរបង​រដ្ឋសភា ស្ថិតក្នុង​រដ្ឋធានី​ហ្សា​កាតា ហើយ​ពួក​សកម្មជន​មួយចំនួន​បាន​គប់​ដប​ស្រា​ក្រឡុក កាំជ្រួច និង​ដុំថ្ម​ទៅលើ​កម្លាំង​សន្តិសុខ​។ នគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល និង​ទាហាន​ប្រមាណ​១៩០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​រដ្ឋធានី ដើម្បី​ទប់ទល់​នឹង​ភាពវឹកវរ​នេះ​។​ ​ពួក​សកម្មជន​ជាច្រើន​នាក់​ទៀត ក៏បាន​ធ្វើបាតុកម្ម នៅក្នុង​តំបន់​មួយចំនួនទៀត នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ក្នុងនោះ​អ្នកកាសែត ក្រុមបាតុករ និង​នគរបាល​មួយចំនួន បាន​ត្រូវរបួស បន្ទាប់ពី​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ​។​ ​លោក​ប្រធានាធិបតី ឥណ្ឌូនេស៊ី ធ្លាប់បាន​និយាយថា វិធាន​ការដែល​តម្រូវ​ឲ្យ​មានការ​ឡើងថ្លៃ​ប្រេងសាំង​នេះ គឺជា​កិច្ចការ​ចាំបាច់ ដើម្បី​ជួយ​ដោះបំណុល​ដែល​អាច​ឲ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​តំបន់ អាស៊ី អាគ្នេយ៍​មួយ​នេះ ជៀស​ផុតពី​បញ្ហា​ធ្ងន់ធ្ងរ​។​


 
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី រាប់លាន​នាក់​ប្រឆាំងនឹង​វិធានការ​នេះ ដោយ​ពួកគេ​គិតថា នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​។ តាម​ការសម្រេច​របស់​រដ្ឋសភា កាលពី​ម្សិលមិញ តម្លៃ​សាំង​នឹងត្រូវ​កើនឡើង​ពី​៤៥០០​រូពី ស្មើនឹង​០.៤៦​ដុល្លារ​អាមេរិក ក្នុង​មួយ​លី​ត ទៅ​៦៥០០​រូពី ស្មើនឹង​០.៦៦​ដុល្លារ​អាមេរិក ហើយ​តម្លៃ​ប្រេងម៉ាស៊ូត ៤៥០០​រូពី ស្មើនឹង​០.៤៦​ដុល្លារ​អាមេរិក ក្នុង​មួយ​លី​ត ទៅ​៥៥០០​រូពី ស្មើនឹង​០.៥៦​អាមេរិក​៕

19-7 (2) 19-7 (3) 19-7 (4)

 

Leave a Reply

(*) Required, Your email will not be published