រាជធានីភ្នំពេញ៖ បុរស២នាក់រងរបួសធ្ងន់ ដោយសារបើកម៉ូតូជែងគ្នា ហើយជ្រុសទៅបុកម៉ូតូមួយគ្រឿងទៀត ដែលជិះច្រាសគ្នា កាលពីម៉ោង២១និង៥០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវលេខ២៧១ មុខវិទ្យាល័យសាមគ្គី ស្ថិតក្នុងសង្កាត់បឹងស្រឡាង ខណ្ឌទួលគោក។
ព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW-3659 បើកដោយបុសរម្នាក់ វ័យប្រហែល២០ឆ្នាំ បានបើកវ៉ារថយន្តលុចស្សីសRX300យ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកនឹងម៉ូតូ វ៉េវអេស ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ1C-1516 ជិះដោយបុរសម្នាក់វ័យប្រហែល៣០ឆ្នាំ ដែលបើកក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយ៕