សាលាឧទ្ធរណ៍ ជម្រះ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់ ដេ​វិដ ឆាយណាវ៉ា​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៣​ បាន​ជម្រះក្តី​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​អតីត​មេធាវី និង​ជា​ពាណិជ្ជករ ព្រមទាំង​បច្ចុប្បន្ន​ជាទី​ប្រឹក្សាព្រឹ​ទ្ឋ​សភា ឋានៈ​ស្មើ​រដ្ឋលេខាធិកា គឺ​លោក ដេ​វិដ ឆាយណាវ៉ា ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន​។​ ​បណ្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធចោល ម្តង​រួចទៅហើយ​កាលពីពេល​កន្លងទៅ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​លោក ដេ​វិដ ឆាយណាវ៉ា នៅក្រៅ​ឃុំ​នោះទេ​។​


 
​លោក ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា ឈ្មោះ ដេ​វិដ​ឆាយណាវ៉ា ឈ្មោះ ប្រាក់ អូ​ហ្វី និង​ឈ្មោះ យាន ស៊ីណា អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជាប់ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣ ក្នុង​ខណ្ឌដូនពេញ ទៅលើ​អ្នកសារព័ត៌មាន ក្នុងករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​មួយ​។​
 

លោក​ថ្លែងបន្តថា សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន ឈ្មោះ ដេ​វិដ ឆាយណាវ៉ា និង​ឈ្មោះ ប្រាក់ អូ​ហ្វី ហើយ​ក្រោយមក​ចៅក្រម​បាន​បិទ​ការ​ស៊ើបសួរ រួច​បញ្ជូន​សំណុំរឿង និង​ជនជាប់ចោទ​ទៅ​ជំនុំជម្រះ​។ ខណៈនោះ ដេ​វិដ ឆាយណាវ៉ា បាន​ប្តឹង​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ចៅក្រម​បាន​បដិសេធ​ទើប ដេ​វិដ ឆាយណាវ៉ា ប្តឹងទៅ​ឧទ្ធរណ៍​តែម្តង​។​
 

លោក ដេ​វិដ ឆាយណាវ៉ា បាន​ថ្លែង​ក្នុង​សវនាការ​ថា មូលហេតុ​ដែល​ខ្លួន​សុំ​នៅក្រៅ​ឃុំ ដោយសារតែ​មានមុខរ​បរ​ច្បាស់លាស់ ទីលំនៅ​ច្បាស់លាស់ និង​ព្រម​ចូលខ្លួន តាម​ការកោះហៅ​របស់​តុលាការ​គ្រប់ពេល​ព្រមទាំង​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន រៀល សម្រាប់​ធានា​សំណង​ដល់​ជនរងគ្រោះ ​ចំណែក លោក ហ៊ាន រិ​ទ្ឋិ តំណាង​មហាអយ្យការ បានធ្វើ​សេចក្តីសន្និដ្ឋាន ដោយ​សំណូមពរ ឲ្យ​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន លោក ដេ​វិដ ឆាយណាវ៉ា ក្នុង​ពន្ធនាគារ រង់ចាំ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដល់​រឿង​អង្គសេចក្តី​។​ ​ទោះបីជា​យ៉ាងណា ក្រោយ​ការសួរដេញដោល ចៅក្រម​បាន​លើក​ពេល​ប្រកាស​សាលដីកា លើ​សំណុំ​រឿងនេះ ទៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣​នេះ​វិញ​៕

13

 

Leave a Reply

(*) Required, Your email will not be published