គោយន្ត​ដឹកអុស​ក្រឡាប់​ចូល​ប្រឡាយ បណ្តាល​ឲ្យ​បុរស​៣​នាក់​ជា​បង្អូន​របួសធ្ងន់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង​៖ បុរស​អ្នក​កាប់​អុស​៣​នាក់ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​ក្រឡាប់​គោយន្ត ដែល​បាន​កើតឡើង​កាលពី​ម៉ោង​១៥​និង​៣០​នាទី​រសៀលថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវលំ ត្រង់ចំណុច​ក្រាំង​ស្លែង ស្ថិត​ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូ​ណ៍​។​


          
​សមត្ថកិច្ច​ស្រុក​បរិបូ​ណ៍​បាន​ឲ្យ​ដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​នេះ បណ្តាល​ឲ្យ​បុរស​៣​នាក់​រងរបួស​ធ្ងន់ ទី​១​ឈ្មោះ ប៊ុន ធឿន អាយុ​៥០​ឆ្នាំ ជា​អ្នកបើក​គោយន្ត ស្នាក់នៅ​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូ​ណ៍ រងរបួស​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង  ទី​២​ឈ្មោះ ហែម វុន អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​ជាមួយ​ឈ្មោះ ប៊ុន ធឿន រងរបួស​បែកក្បាល និង​ភ្លាត់​ក្បាលជង្គង់​ខាងឆ្វេង  និង​ទី​៣​ឈ្មោះ វន គឹម​លៀប អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ រងរបួស​បែក​ឈាម​ក្នុង​គ្រាប់ភ្នែក​ទាំងសងខាង​។​
 


​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ស្រុក​បរិបូ​ណ៍ ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំណែក​គោយន្ត​ត្រូវ​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូ​ណ៍ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​
          


​ទោះជា​សមត្ថកិច្ច​យក​គោយន្ត​ទៅ​រក្សាទុក​ក្តី ក៏​ស្ត្រី​ជា​ប្រពន្ធ​របស់​ឈ្មោះ ប៊ុន ធឿន បាន​និយាយ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ថា ពួកគាត់​គឺជា​បងប្អូន​នឹង​គ្នា​ទៅ​ទាំងអស់គ្នា ប្រហែលជា​គ្មាន​អ្នកណា​សង​អ្នកណា​ទេ អាចជួយ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ​។ ស្ត្រី​រូបនោះ​បាន​បន្តថា  មុនពេល​កើតហេតុ ខណៈ​គោយន្ត​កំពុងបើក​ត្រឡប់ទៅផ្ទះ​វិញ បានគេច​នឹង​ម៉ូតូ​មួយគ្រឿង ក្នុងទិសដៅ​ច្រាស់​គ្នា ហើយ​រអិល​ធ្លាក់​ប្រឡាយ​ក្រឡាប់ រងរបួស​អ្នកជិះ​លើ​រថយន្ត​ទាំងអស់គ្នា​តែម្តង​។ ចំណែក​សមត្ថកិច្ច​វិញ​ក៏បាន​និយាយថា បើទោះជា​ពេលនេះ​មិនទាន់មាន​អ្នកប្តឹង ប៉ុន្តែ​នៅពេល​ក្រោយ​បើ​មាន​អ្នករងគ្រោះ​ណា​ម្នាក់​ប្តឹង​តើ​គិត​យ៉ាងម៉េច​? ដោយហេតុ​នេះហើយ ទើប​សមត្ថកិច្ច​សម្រេច​រក្សាទុក​គោយន្ត​ជា​បណ្តោះអាសន្ន​។​


 
​មានការ​កត់សម្គាល់ថា គោយន្ត​កន្ត្រៃ​ជារឿយៗ តែងតែ​ជួប​គ្រោះថ្នាក់​ចរ​រាច​រណ៍​ជា​ញឹកញាប់ ដោយសារតែ​ចង្កូត​របស់​វា​វែង​ពេក ហើយ​ម្យ៉ាង​ហ្វ្រាំង​របស់​វា​ម្ខាង​ស៊ី ម្ខាង​មិន​ស៊ី ក៏​ជា​បញ្ហា​ដែរ៕​

10 (1) 10 (2) 10 (3) 10 (4)

 

Leave a Reply

(*) Required, Your email will not be published