ឈ្មោះ ហេង ហៅ​ម៉ាង ក្លាយជា​មេកន្ទ្រាញ​រកស៊ី​ឈើ​គ្រញូង​ធំជាងគេ​នៅ​​ខេត្ត​បាត់​ដំ​បង បន្ត​​ពី​​ឪ​ពុក​ក្មេក​​ឈ្មោះ តា​សៀ​

, , Leave a comment

​ខេត្តបាត់ដំបង ៖  ឈ្មោះ ហេង ហៅ​ម៉ាង បាន​ចូលប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បន្ត​ពី​ឪពុកក្មេក​ របស់ខ្លួន ឈ្មោះ តា​​សៀ ដែលជា​មេកន្ទ្រាញ​រកស៊ី​ឈើ​គ្រញូង​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ប្រចាំខេត្ត​ បាត់ដំបង​រហូត​មកដល់ ពេលនេះ​ឈ្មោះ  ហេង ហៅ​ម៉ាង បាន​ប្រើ​ជំនាញ​បច្ចេកទេស​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​តា​សៀ បាន​បន្សល់ទុក​ឲ្យ​គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ជំ នួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​របស់គាត់​ទេ ព្រោះ​ឈ្មោះ ហេង ហៅ​ម៉ាង មាន​ជំនាញ​បច្ចេកទេស​ក្នុងការ​ចំណាយលុយ​ដើម្បី​ញ៉ុ​ក​មាត់ បិទ​ភ្នែក​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ មិន​ឲ្យ​រំខាន​ការរកស៊ី​ឈើ​ខុសច្បាប់​របស់ខ្លួន​។

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឈ្មោះ ហេង ហៅ​ម៉ាង បាន​ក្លាយជា​មេកន្ទ្រាញ​រកស៊ី​ឈើ​គ្រញូង​ទ្រង់ទ្រាយ​ធំជាងគេ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ហើយ​នៅ​ទូទាំង​ខេត្តបាត់ដំបង រាប់ទាំង​អភិបាលខេត្ត​ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត មន្ត្រី​ជំនាញ និង​​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សុទ្ធតែ​ធ្លាប់​បានទទួល​លុយ​ពី​មេ​ឈ្មួញ​ឈ្មោះ ហេង ហៅ​ម៉ាង យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់​ខ្លួន ដូចជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សមត្ថកិច្ច​នគរបាល ឬ​កងរាជអាវុធហត្ថ​មិនដែល​ហ៊ាន​ចេញមុខ​បង្ក្រាប​ការរកស៊ី​ឈើ​ខុស​ច្បាប់​​ របស់​ឈ្មោះ ហេង ហៅ​ម៉ាង នោះទេ​ព្រោះ​រាល់​ការដឹកជញ្ជូន​ឈើ​ឈ្មោះ ហេង ហៅ​ម៉ាង សុទ្ធតែ​បាន​ជូនដំណឹង​និង​សុំ​ការ​យោគ​យល់​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច ​ពាក់ព័ន្ធ​យ៉ាង​រលូន​ល្អ​។

 

​ដូចជា​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ កន្លងទៅនេះ ឈ្មោះ ហេង ហៅ​ម៉ាង បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ចំនួន​២​ជើង​រួច​មកហើយ ចេញពី​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​ដ៏​ធំ​មួយកន្លែង​ក្នុងភូមិ​ចំការ​សំរោង​ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង យកទៅ​ស្តុក​ទុក​នៅ​ស្រុក​មោង​ប្ញ​ស្សី យ៉ាង​រលូន​ល្អ​គ្មាន​នរណា​ចេញមុខ​មក​បង្ក្រាប​នោះទេ​។ មេកន្ទ្រាញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ឈ្មោះ ហេង ហៅ​ម៉ាង ជិះ​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M8168 ដែលជា​រថយន្ត​សម្រាប់​នាំ​ក្បួន​ឈើ​គ្រញូង​ពី​ស្រុក​មោង​ប្ញ​ស្សី​ឆ្លងកាត់​ ផ្លូវជាតិ​លេខ​៥ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ឬ​ឡើង​តាម​ស្ពាន​ព្រែក​ក្តាម​ចេញទៅ​វៀតណាម​តាម​ច្រកព្រំដែន ក្នុង​ខេត្ត​កំ​ពង់ចាម​។

 

​សូមបញ្ជាក់ថា ឈ្មោះ ហេង ហៅ​ម៉ាង ធ្លាប់​បានចេញ​ឈើ​មួយ​ជើង​សម្រេច​ជោគជ័យ គឺ​កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​៨ ខែ​មិ​ថុ​នា ឆ្នាំ​២០១៣​នេះ ហើយ​កាលពី​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ ក៏មាន​ការដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង​​ ក្នុងភូមិ ឃុំ ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី និង​ឃ្លាំង​ស្តុក​មួយកន្លែង​ទៀត​នៅ​ចំណុច ភូមិ​-​ឃុំ មោង ស្រុក​មោង​ប្ញ​ស្សី ខេត្ត​បាត់​ដំ​បង​។ ការចេញ​ឈើ​គ្រញូង​ទ្រង់ទ្រាយ​ធំ​របស់​ឈ្មោះ ហេង ហៅ​ម៉ាង ចំនួន​២​លើក​កន្លងមកនេះ​ដំណើរការ​ដោយ​រលូន​ល្អ ដោយ​មាន​​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជួយ​រត់ការ​បើកផ្លូវ តាំងពី​ស្រុក​មោង​ប្ញ​ស្សី រហូតដល់​រាជធានី​ភ្នំពេញ ។​

 

សូម​រំលឹកថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ ដងផ្លូវ​ជាតិ​លេខ​៥ ច្រើន​ស្អេកស្កះ​ហើយ​ក្នុង​នោះ​​មាន​ស្នាក់ការ​សន្តិសុខ​របស់​ កងរាជអាវុធហត្ថ​ជាច្រើន​កន្លែង ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ការរកស៊ី​ដឹកជញ្ជូន​ឈើ​គ្រ​ញូង​​ របស់​ឈ្មោះ ហេង ហៅ​ម៉ាង ម្តងណា​ឡើយ ព្រោះ​នៅពេល​ចេញ​ឈើ​ម្តងៗ​ឈ្មួញ ហេង ហៅ​ម៉ាង និង​បរិវា​របស់គាត់​ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មានអំណាច​តែងតែ​បើករថយន្ត​នាំមុខ​ក្បួន​ឈើ​គ្រញូង​ហើយ​ចុះ​បង់លុយ​ឲ្យ​ មន្ត្រី និង​សមត្ថកិច្ច​ជំនាញ​ដោយ​​ផ្ទាល់ដៃ គ្មាន​ចន្លោះ​កន្លែង​ណាមួយ​ទេ គឺ​មន្ត្រី​តូចៗ​គេ​ចែក​ចាយលុយ ទៅតាម​ឋានៈ​តួនាទី ហើយ​មេ​ធំៗ​គេ​មាន​របប​ចែក​ចាយ​ផ្សេងទៀត មិន​ឲ្យ​មានទំនាស់​ផលប្រយោជន៍​កើតឡើង ឈានដល់​ការបង្ក្រាប​ឬ​រំខាន​ជំនួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។

 

​ឈ្មោះ ហេង ហៅ​ម៉ាង ដែល​បន្ត​អាជីព​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បន្ត​ពី ​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ តា​សៀ មិនដែល​ក្រែង​ញញើត​ពីបទ​បញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​ម្តងណា​ឡើយ ហើយ​លោក ប្រាជ្ញ ចន្ទ ដែលជា​អភិបាលខេត្ត​បាត់ដំបង បាន​បិទ​ភ្នែក​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ភាពអនាធិបតេយ្យ​ដែល​ក្រុម​ឈ្មួញ​រកស៊ី ​ដឹកជញ្ជូន​ឈើ​មកពី​ស្រុកថៃ ចូល​តាម​ច្រករបៀង​នានា​ក្នុង​ស្រុក​​សំឡូត ជាពិសេស​ការដឹកជញ្ជូន​ឈើ​មកពី​ច្រករបៀង​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ធំៗ​នៅ​កណ្តាល​ក្រុង​បាត់ដំបង ដើម្បី​បន្ត​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ធំៗ​២​កន្លែង នៅ​ស្រុក​មោង​ប្ញ​ស្សី ក៏​គេ​មិនដែល​ឃើញ​លោក ប្រាជ្ញ ចន្ទ ហើបមាត់ ឬ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ ​ឈ្មោះ ហេង ហៅ​ម៉ាង ៕

Q1-343x300 Q2-400x298

 

Leave a Reply

(*) Required, Your email will not be published