លោក Hassan Rouhani បាន​ក្លាយ​ជា​​ប្រធានាធិបតី​ថ្មី​​​នៅ​ប្រទេស​អ៊ី​រ៉ង់​

, , Leave a comment

តាម​​ប្រភព​ព័ត៌មាន​ពីគេហទំព័រ​ CNN បាន​ឲ្យ​ដឹងថា លោក Hassan Rouhani បេក្ខជន​និយម​កណ្ដាល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី របស់​អ៊ីរ៉ង់​ហើយ បន្ទាប់ពី​គណបក្ស​របស់លោកយកឈ្នះ​គូប្រជែង​មកពី​គណបក្ស​ផ្សេងៗ​ទៀត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ​។ ​លោក Hassan Rouhani ដែលជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ និង​ជាបេក្ខជន​មកពីគណបក្ស​កំណែទម្រង់​និយម​បានបញ្ចប់​ក្ដីសង្ឃឹម​របស់​គណបក្ស​អភិរក្សនិយម  ដោយ​ទទួលបាន​សំឡេងឆ្នោត ១៨,៦ លាន​សំឡេង ដែល​ស្មើនឹង​ប្រមាណ​ជា ៥០,៦% នៃ​សន្លឹកឆ្នោត​សរុប​ ៣៦,៧ លាន​សំឡេង​។​


​ប្រជាជនអ៊ីរ៉ង់​ដែល​បាន​បោះឆ្នោត​គាំទ្រ​ប្រធានាធិបតី​ថ្មី​វ័យ​ ៦៥ ​ឆ្នាំ​រូបនេះ ដែល​ភាគច្រើន​ជា​យុវជន​បាន​ចេញមក​អបអរសាទរ​ទៅនឹង​ជ័យជំនះ​នេះ​ពាសពេញ​ដង ផ្លូវ​នានា​នៅក្នុង​ទីក្រុង​ Tehran ដើម្បី​ស្វាគមន៍​មេដឹកនាំ​ថ្មី​របស់​ពួកគេ​។​ ​ក្នុង នាម​ជា​ប្រធានាធិបតី​ថ្មី​របស់​រដ្ឋ​អិស្លាម​ដ៏​តឹងរ៉ឹង​មួយ​នេះ លោក Hassan ត្រូវបាន​គេ​មើលឃើញថា រូបលោក​គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​គណបក្ស​កំណែទម្រង់​និយម ក្នុង​ការផ្ដល់​ក្ដីសង្ឃឹម​ថ្មី​មួយ​ជួន​ដល់​ជាតិ​មាតុភូមិ​មួយ​នេះ ជាមួយនឹង​គោលនយោបាយ​កំណែទម្រង់  ដែល​ផ្ដោត​សំខាន់​ទៅលើ​ការផ្ដល់​សិទ្ធិសេរីភាព​ដល់​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ និង​អ្នកកាសែត​ជាច្រើនរូប​ដែល​កំពុង​ជាប់ឃុំ​ឃាំង​ដោយ​រដ្ឋាភិបាល អាណត្តិ​មុន​។​


​រដ្ឋាភិបាល​ថ្មី​របស់លោក ក៏ត្រូវ​បាន​គេ​ជឿជាក់​ផងដែរ​ថា អាចមាន​គោលនយោបាយ​ទន់ភ្លន់​ជាង​រដ្ឋាភិបាល​អាណត្តិ​មុន​ដែល​ដឹកនាំ​ដោយ លោក​ Mahmoud Ahmadinejad ជាពិសេស​គឺ​គោលជំហរ​ទៅនឹង​លោកខាងលិច​លើ​ដំណោះស្រាយ​កម្មវិធី​ចម្រាញ់​ជាតិ​អ៊ុយ​រ៉ា​ន្យោ​ម​ដ៏​ចម្រូងចម្រាស់​មួយ​របស់ខ្លួន​នាពេល​កន្លងមក​៕

17-10 (1) 17-10 (2) 17-10 (3) 17-10 (4) 17-10 (5) 17-10 (6)

 

Leave a Reply

(*) Required, Your email will not be published