ក្រុងព្យុងយ៉ាង ៖ យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានស្នើសុំកិច្ចចរចាកម្រិតខ្ពស់មួយពីអាមេរិកដើម្បីបញ្ចប់ជម្លោះនិងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ការ ស្នើសុំនេះត្រូវបានគេមើលឃើញថា ជាគោលជំហរនយោបាយថ្មីមួយរបស់ប្រមុខមេដឹកនាំរដ្ឋកូរ៉េខាងជើង Kim Jong Un ដើម្បីធានាឲ្យមានកិច្ចពិភាក្សាតុមូលដ៏ជឿជាក់មួយលើបញ្ហា គំរាមកំហែង និងការប្រឈមមុខដាក់គ្នាខាងវិស័យយោធានាពេលកន្លងមក ជាពិសេសដើម្បីប្រែក្លាយពីកិច្ចព្រមព្រៀងបទឈប់បាញ់ ទៅជាកិច្ចព្រមព្រៀងសន្តិភាព។
ការពិភាក្សានេះ ក៏ត្រូវគេរំពឹងផងដែរថា នឹងផ្ដោតសំខាន់ទៅលើដំណើរការនៃកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ ប្រទេសដ៏ក្រីក្រមួយនេះ។ នេះបើយោងតាមការឲ្យដឹងរបស់គណៈកម្មការការពារជាតិរបស់ទីក្រុង ព្យុងយ៉ាង ដែលផ្ដល់ជួនកាលពីម្សិលមិញ។ គណៈកម្មការដដែលក៏បាន ឲ្យដឹងទៀតដែរថា ជំនួបពិភាក្សាខាងលើនឹងត្រូវធ្វើឡើងនៅទីក្រុងWashington នាពេលឆាប់ៗ ខាងមុខនេះរវាងភាគីទាំងពីរ។ គណៈកម្មការរបស់រដ្ឋកុម្មុយនិស្តមួយនេះ ក៏បានព្រមានអាមេរិកផងដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនត្រូវដាក់លក្ខខ័ណ្ឌណាមួយមុនពេល កិច្ចពិភាក្សានេះ ឬ បដិសេធន៍បោះបង់ឱកាសដ៏ល្អនេះនោះឡើយ ហើយអាមេរិកគូរតែព្រមព្រៀងលើជំហាននីមួយៗនៃសេចក្ដីសម្រេចរបស់ ទីក្រុងព្យុងដោយស្មោះត្រង់បំផុត។
គេមិនទាន់ដឹងនៅឡើយទេពីការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន លើការស្នើសុំកិច្ចចរចាទ្វេភាគីរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះ។
សូម បញ្ជាក់ថា ការស្នើឡើងរបស់កូរ៉េខាងជើងនៅពេលនេះ ធ្វើឡើងបន្ទាប់ពីការចរចាទ្វេភាគីរបស់បងប្អូនទាំងពីរត្រូវបរាជ័យ ដោយបានចោទគ្នាទៅវិញទៅមកថា មិនមានវត្តមានពីមន្ត្រីជាន់ខ្ពស់ណាមួយដំណាងឲ្យរដ្ឋាភិបាល ខ្លួនលើដំណោះស្រាយវិបត្តិនៅទ្វីបកូរ៉េនៅក្នុងជំនួបនេះ នោះឡើយ៕