ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីប្រើកាំបិតកាប់ស្ត្រី២នាក់ជាម្ដាយនិងកូន បណ្ដាលឲ្យរងរបួសធ្ងន់ ព្រោះតែគំនុំ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថស្រុកកំរៀងបាននិយាយថា ជនសង្ស័យ ឈ្មោះ ទូច សារឿន អាយុ៤៨ឆ្នាំ នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ជននេះ បានប្រើកាំបិតប្រវែងកន្លះម៉ែត្រ កាប់ស្ត្រីឈ្មោះ ប៊ីន គឹមស្រ៊ាន អាយុ៥៩ឆ្នាំ រួចបន្តកាប់លើកូនស្រីឈ្មោះ យ៉ុម សាងហ៊ួរ អាយុ២៨ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ម្ដាយនិងកូន ពេលកំពុងលក់ដូរខាងមុខតូប។ មន្ត្រីដដែលបានបន្តថា អំពើហិង្សាដ៏ឃោឃៅនេះ កើតឡើងព្រោះតែភាគីទាំង២ធ្លាប់មានទំនាស់ជាមួយគ្នា។ ជនប្រព្រឹត្តិត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែមិថុនា ក្រោយពីបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យខេត្ត។
ចំពោះមុខសមត្ថកិច្ច ទូច សារឿន បានសារភាពអំពីកំហុសរបស់ខ្លួនថា ពិតជាបានប្រើកាំបិតកាប់ទៅលើស្ត្រី២នាក់ម្ដាយនិងកៅនមែន ពេលដែលដែលខ្លួនធ្វើជាទៅទិញពងមាន់ស្ត្រីរូបនេះដល់តូប ពេលគាត់កំពុងច្រកពងមាន់ ខ្លួនក៏ដកកាំបិតកាប់តែម្ដង ពេលនោះកូនស្ត្រីរងគ្រោះបានមកជួយ ឃើញដូច្នេះខ្លួនក៏កាប់កូនស្រីជាច្រើនកាំបិតទៀត បណ្ដាលឲ្យទាំង២នាក់ម្ដាយនិងកូនរបួសធ្ងន់ ទើបខ្លួនរត់គេចទៅផ្ទះភ្លាមៗដែរ។ ជននេះបានបញ្ជាក់ដែរថា មូលហេតុដែលខ្លួនប៉ងសម្លាប់ម្ដាយនិងកូននេះ ព្រោះតែខ្លួនមានគំនុំជាមួយស្ត្រីនោះ តាំងពីខ្លួនធ្លាប់ជួលផ្ទះស្ត្រីនោះស្នាក់នៅ។ មិនអាចស្វែងរកការបំភ្លឺពីក្រុមគ្រួសារស្ត្រីរងគ្រោះបានទេ នៅរសៀលថ្ងៃទី១៤ ខែមិថុនានេះ។ ប៉ុន្តែតាមរាបាយការណ៍កងរាជអាវុធហត្ថបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាធ្លាប់ជួលផ្ទះឲ្យជនដៃដល់នេះស្នាក់នៅមែន តែកាលណោះដោយសារតែជនដៃដល់នេះ ចេះតែបបួលកូនប្រុសគាត់ដើរផឹកស៊ីពេក ទើបគាត់ឈប់ជួលផ្ទះឲ្យ ដែលជាហេតុនាំឲ្យជននេះចងគំនុំតាំងពីពេលនោះមក រហូតប៉ងធ្វើឃាតស្ត្រីរងគ្រោះបែបនេះ។ សមត្ថកិច្ចនិយាយថា ជនឈ្មោះ ទូច សារឿន ត្រូវជាប់សង្ស័យពីបទ«ប៉ុនប៉ងមនុស្សឃាតដោយគិតទុកជាមុន» ហើយមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់តុលាការហើយ៕