ស្ត្រី​ចិត្តខ្លាំង​ទាញ​កាំបិតផ្គាក់​កាប់​ប្តី​ខ្លួនឯង ព្រោះតែ​ធុញទ្រាន់​នឹង​ប្តី​ពូកែ​រអ៊ូ​

, , Leave a comment

​ខេត្ដ​ពោធិ៍សាត់ ៖ ស្ត្រី​ចិត្តខ្លាំង​ម្នាក់ បាន​ទាញ​កាំបិតផ្គាក់​កាប់​ប្តី​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់  កាលពី​វេលា​ម៉ោង​៧​និង​១០ នាទី​យប់​ថ្ងៃទី​១៣  ខែ​មិ​​ថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្ទះបាយ​ខាងលើ​ផ្ទះ​ជន​រង គ្រោះ ស្ថិត​ក្នុងភូមិ​សាមគ្គីឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ ដោយសារតែ​ទ្រាំ​នឹង​ប្តី​​ដែល​តែងតែ​ផឹកស្រា​ស្រវឹង​ហើយ​មក​រអ៊ូរទាំ​ដាក់​ ប្រពន្ធ​កូន​ជា​ញឹកញាប់​។​

 

​បើតាម​ការរៀបរាប់រ​បស់​ក្រុមគ្រួសារ​ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើនេះ​មានឈ្មោះ បួន ម៉ាប់ អាយុ ៤៩​ឆ្នាំ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ចិត្តខ្លាំង​ហ៊ាន​ទាញ​កាំបិតផ្គាក់​កាប់​ប្តី​នោះ​ មានឈ្មោះ នាង សារ៉ន អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើត ហេតុ​ខាងលើ  បច្ចុប្បន្ន​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

 

ប្រភពពី​កូន​របស់​ជនរងគ្រោះ​បាន​ឲ្យ​ ដឹងថា  មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​រឿងនេះ​កើតឡើង គឺ​ដោយសារ​ឪពុក​ពេល​ត្រឡប់​មកពី​ផឹកស្រា​ជា​មួយ​​មិ​ត្ដ​ភក្ដិ​ក្នុងភូមិ ហើយ​ពេលមកដល់​ផ្ទះ​វិញ​រអ៊ូ រទាំ​រករឿង​ប្រពន្ធ​កូន ក៏​ធ្វើឱ្យ​ម្ដាយ​ពួកគេ​ទ្រាំ​មិនបាន​ទាញ​កាំបិតផ្គាក់​កាប់​មកលើ ឪពុក​ចំក្បាល​ផ្នែក​ខាងក្រោយ​១​កាំបិត និង​ស្មា​ខាងឆ្វេង​១​កាំបិត​បណ្ដាលឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​រងរបួស​ យ៉ាងធ្ងន់ធ្ងរ ត្រូវ​បានកូនៗ​នាំគ្នា​ដឹក​មកជួយ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ បង្អែក​ខេត្ដ​ពោធិ៍សាត់​ទាំងយប់​តែម្ដង ហើយ​ម្ដាយ​របស់​ពួកគេ​មកដល់​ពេល នេះ​បាន​រត់​គេចខ្លួនបាត់​មិនដឹង​ទៅដល់​ទីណា​នោះទេ ។

 

នេះ​គឺជា​លទ្ធផល​នៃ​ការ​មិនចេះ​យោគយល់​ គ្នា បង្ក​ឲ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ ក្លាយជា​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ ហើយ​អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ​នោះ​គឺជា​កូនៗ​ដោយពេល​នេះ​ឪពុក​កំពុង​តែមាន ​របួស​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ហើយ​ម្តាយ​ក្លាយជា​អ្នកទោស​រត់គេចខ្លួន តើ​វាសនា​ពួកគេ​នឹង​ក្លាយទៅជា​យ៉ាងណា​? ៕

444

 

Leave a Reply

(*) Required, Your email will not be published