លោក ឃុន រ៉ា​ន់ មេ​គយ​ខេត្តកំពង់ចាម​ប្រើ​លុយ និង​អំណាច​ជួយ​ការពារ​កូន​ទំនើង​ឈ្មោះ ឃុន ដូ​រ៉េ ដោយ​បំពាន​ចំណាត់ការ​របស់​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តាម​ការគ្រោងទុក​ជន​បង្ក​ឈ្មោះ ឃុន ដូ​រ៉េ ជា​កូនប្រុស​សំណព្វចិត្ត​លោក ឃុន រ៉ា​ន់ មេ​គយ​ខេត្តកំពង់ចាម ដែល​បង្ក​អំពើហិង្សា​រំខាន​សេចក្តីសុខ​ដល់​គ្រួសារ អតីត​សង្សារ ត្រូវ​ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង ១៦ រសៀល​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៣​នេះ ដើម្បី​ផ្តល់​ចម្លើយ​ដោយយោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ គឺ​លោកស្រី ស៊ឺ វណ្ណ​នី  ប៉ុន្តែ​គេ​មិន​បានឃើញ​ឈ្មោះ ឃុន ដូ​រ៉េ កូនលោក ឃុន រ៉ា​ន់​ចូលខ្លួន​នោះទេ ដោយសារតែ​លោក ឃុន រ៉ា​ន់ គឺជា​មនុស្ស​កំសាក​ការពារ​កូន​ទំនើង​ក្បាលខូច​របស់ខ្លួន​ទាំង​ទទឹងទិស​។​


 
​ជនបង្ក​ឈ្មោះ ឃុន ដូ​រ៉េ ជាប់ចោទ​ពីបទ​ព្រហ្មទណ្ឌ​ចំនួន​៣ គឺ​បទ​ប្រើ​អំពើហិង្សា​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បទ​លួច​ប្រាក់​ចំនួន​១៦០០​ដុល្លារ​អាមេរិក ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​សកម្មភាព​ដែល​ឈ្មោះ ឃុន ដូ​រ៉េ បាន​បង្កឡើង​កាលពី​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣​កន្លងទៅនេះ​។ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះជួយ​អន្តរាគមន៍ អំឡុងពេល​កើតហេតុ​ដោយបាន​រឹបអូស​យក​រថយន្ត​ម៉ាក រ៉ង់​រ៉ូ​វ៉ែ ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ 2T3277 ហើយ​បាន​កសាង​សំណុំរឿង​ដោយ​ជំហាន​ដំបូង​បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ ឃុន ដូ​រ៉េ និង​បក្ខពួក​ដែល​បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់ ដើម្បី​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ចំពោះ​បណ្តឹង​ចោទប្រកាន់​ពី​គ្រួសារ​ជនរងគ្រោះ​ឈ្មោះ ជា គឹម​ឡាយ​។​


 
​ដោយសារ​គ្មាន​វត្តមាន​ចូលមក​ឆ្លើយបំភ្លឺ​ពី​សំណាក់​ក្រុម​ជនសង្ស័យ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បញ្ជូន​សំណុំរឿង​មកកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត ហើយ​តំណាង​អយ្យការ​គឺ​លោកស្រី ស៊ឺ វណ្ណ​នី បានចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ ឃុន ដូ​រ៉េ និង​បក្ខពួក​ចូលខ្លួន​មក​ផ្តល់​ចម្លើយ។ ប៉ុន្តែ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​ឥទ្ធិពល​អំណាច​របស់ខ្លួន​ជួយ​ការពារ​កូនប្រុស​ក្បាលខូច​រហូតមក បើទោះបីជា​សម្តេចនាយក​រដ្ឋមន្ត្រី ធ្លាប់បាន​ព្រមាន​ដាក់ពិន័យ ឬ​ដកហូត​មុខតំណែង​អាណាព្យាបាល​ដែល​មិនចេះ​ទូន្មាន​កូនចៅ ហើយ​បណ្តែតបណ្តោយ​ឲ្យ​កូន​ទំនើង​របស់ខ្លួន​បង្ក​ការអុកឡុក​ក្នុងសង្គម ក៏​លោក ឃុន រ៉ា​ន់ មិនដែល​ឈឺក្បាល​វិលមុខ​។​

 
​បទល្មើស​ព្រហ្មទណ្ឌ​៣​ករណី​ចុងក្រោយ ដែលមាន​ស្ត្រី​ឈ្មោះ ជា គឹម​ឡាយ ជាដើម​បណ្តឹង និង​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន គឺ​ជនសង្ស័យ​ឈ្មោះ ឃុន ដូ​រ៉េ បាន​ចូលខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ដើម្បី​ផ្តល់​ចម្លើយ​បំភ្លឺ​ចំពោះ​ការប្តឹង​ចោទប្រកាន់ ហើយ​បើ​យោងតាម​ឯកសារ​ភស្តុតាង​ដែល​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​បញ្ជូន​ទៅកាន់​តុលាការ គេ​មើលឃើញ​ពី​ការដាក់បន្ទុក​ចោទប្រកាន់​លើ​ឈ្មោះ ឃុន ដូ​រ៉េ យ៉ាងច្បាស់​លាស់​។ ដូច្នេះ​គេ​យល់ថា​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវតែ​អនុវត្តន៍​តាមច្បាប់​គ្មាន​ការយោគយល់​ចំពោះ​កិច្ច​អន្តរាគមន៍​ណាមួយ​ដោយសារ​អំណាច​និង​ទឹក​លុយ​របស់លោក ឃុន រ៉ា​ន់ ជា​មេ​គយ​ខេត្តកំពង់ចាម​ដែល​ប្រឡាក់​ប្រឡូក​ដោយ​រឿងអាស្រូវ​ពុករលួយ​នោះទេ ។​


​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កន្លងទៅ ឈ្មោះ​ឃុន ដូ​រ៉េ ស្គាល់​នារី​រងគ្រោះ​តាមរយៈ​ហ្វេ​ស​បុក ដោយសារ​ប្រើប្រាស់​ពាក្យសម្តី​បោក​បញ្ឆោត និង​ឈានដល់​ស្គាល់​ក្រុមគ្រួសារ​របស់​នារី​រង​គ្រោះ​។ បន្ទាប់មក​យុវជន​រូបនេះ​បាន​ភូត​កុហកថា ខ្លួន​នៅ​លីវ ហើយ​ភាគី​ខាង​ស្រី​ក៏​យល់ព្រម​គិតគូរ​ផ្សំផ្គុំ​ជា​គូរ​អនាគត ។ ក្រោយមក​ក្រុមគ្រួសារ​នារី​រងគ្រោះ​បានដឹងថា ឈ្មោះ ឃុន ដូ​រ៉េ មាន​ប្រព​ន្ឋ​ថែមទាំង​មាន​ផ្ទៃពោះ ទើប​ក្រុមគ្រួសារ​នារី​រងគ្រោះ​បានសម្រេច ផ្តាច់​ពាក្យ​វិញ ។​

បន្ទាប់មក​ក្រុមគ្រួសារ​នារី​រងគ្រោះ​បាន​ផ្សំផ្គុំ​នាង​ជាមួយ និង​បុរស​ម្នាក់ទៀត ដោយបាន​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​អគារ​ម៉ុង​ឌី​យ៉ា​ល់ ។ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ ឃុន ដូ​រ៉េ និង​បក្ខពួក​ទៅ​រំខាន​មុខ​រោងការ តែ​ត្រូវ​ក្រុមគ្រួសារ​ហៅ​សន្តិសុខ​ការពារ​មករា​រាំង ទើប​ក្រុមយុវជន​រូបនេះ​ត្រឡប់​ទៅវិញ ។​

ដោយឡែក​ឈ្មោះ ឃុន ដូ​រ៉េ នៅតែ​តាម​បន្ត​អុកឡុក និង​គំរាមកំហែង​ដល់​ជីវិត​នារី​រងគ្រោះ និង​ក្រុមគ្រួសារ ហើយ​គ្រួសារ​នារី​រងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ជា​លើក​ទី​២ មក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួច​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ឈ្មោះ ឃុន ដូ​រ៉េ ជា​លើក​ទី​២ តែ​ឪពុក​ក៏បាន​ចូលមក​សារភាព​សុំទោស​ចំពោះ​កំហុសឆ្គង​របស់​កូន ហើយ​ក្រុម​គ្រូ​សារ​នារី​រងគ្រោះ​បាន​អធ្យាស្រ័យ​ម្តងទៀត ។ ប៉ុន្តែ​បានធ្វើ​ឲ្យ​ស្វាមី​របស់​នារី​រងគ្រោះ​សម្រេចចិត្ត​លែងលះ​ជាមួយ​នាង ព្រោះ​ខ្លាច​ឈ្មោះ​ឃុន ដូ​រ៉េ តាម​រំខាន​ទៀត ។​

 

​ប៉ុន្តែ​ដោយសារតែ​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​សុខ​ស្រួល​ពេក និង​សារជាតិ​កំណើត​របស់​ឈ្មោះ ឃុន ដូ​រ៉េ គ្មាន​ភាពថ្លៃថ្នូរ​ក្នុងសង្គម​និង​មិនចេះ​ស្រឡាញ់​កិត្តិយស​ខ្លួនឯង បុគ្គល​ឈ្មោះ ឃុន ដូ​រ៉េ នៅតែ​បន្តសកម្មភាព​មាក់ងាយ​យាយី​លើ​ស្ត្រី​រងគ្រោះ និង​ក្រុមគ្រួសារ​ដូច​រឿងហេតុ​ជាក់ស្តែង ដែល​កើតមាន​កាលពី​រាត្រី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣ កន្លងមកនេះ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង​ថ្មី​មួយទៀត ហើយក៏​មាន​ដីកា​បញ្ជា​នាំខ្លួន​ឲ្យ​ឈ្មោះ ឃុន ដូ​រ៉េ ទៅ​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់លោក ឃុន រ៉ា​ន់ ដែល​ជួយ​ការពារ​កូនប្រុស​ក្បាលខូច​របស់ខ្លួន​ដោយ​ខ្វះ​ការទទួលខុសត្រូវ ហើយ​សកម្មភាព​នេះ​ហាក់ដូចជា​គឃ្លើន​ទៅនឹង​អនុសាសន៍​របស់​សម្តេច ហ៊ុន សែន ដែល​បាន​ព្រមាន​ដាក់ពិន័យ ឬ​ដកហូត​មុខតំណែង​ឪពុកម្តាយ​ដែល​បណ្តែតបណ្តោយ​ឲ្យ​កូនៗ​ធ្វើជា​ជន​ទំនើង​បង្ក​ការអុកឡុក​ក្នុងសង្គម​។​
 

អំពើ​មិន​ថ្លៃថ្នូរ​របស់​ជនសង្ស័យ​ឈ្មោះ ឃុន ដូ​រ៉េ ដែល​រស់ក្នុង​ត្រកូល​អ្នកមាន​លុយ មានមុខមាត់​ក្នុង​ស្ថាប័នគយ ប៉ុន្តែ​គ្មាន​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម តែងតែ​អុកឡុក​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​ងងឹត​ងងុល ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម​និង​ថ្កោលទោស​ខ្លាំង​បំផុត ប៉ុន្តែ​លោក ឃុន រ៉ា​ន់ ដែល​ត្រូវជា​ឪពុក​មិនចេះ​អប់រំ​ណែនាំ​កូន ចេះតែ​ជួយ​សម្របសម្រួល​ចំណាយ​លុយកាក់​ដើម្បី​ឲ្យ​កូនប្រុស​ក្បាលខូច​រួច​ផុតពី​ទោសពៃរ៍​យ៉ាង​ងងើល មិន​ខុសពី​ការធ្វើ​ឲ្យ​កូនប្រុស​របស់​ខ្លួនឯង​ធ្លាក់​ក្នុង​អំពើ​បាប​កាន់តែ​ជ្រៅ​នោះទេ​៕

15-jun (1) 15-jun (2)

ទិ​ដ្ធ​ភាព​កន្លែងកើតហេតុ​កាលពី រាត្រី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣​ដែល​កូនប្រុស​មេ​គយ​ខេត្តកំពង់ចាម នាំ​បក្ខពួក​ទៅ​បង្ក​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័​

15-jun (4)
 
​រថយន្ដ​ម៉ាក​លុ​ច្ស​ស៊ី​ស ៣០០​ភាគី បង្ក វាយបំផ្លាញ​

15-jun (5)
   រថយន្ដម៉ាក​លុ​ច្ស​ស៊ី​ស ៣០០​ភាគី បង្ក វាយបំផ្លាញ

 

Leave a Reply

(*) Required, Your email will not be published