រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កកង់បីម្នាក់ បានរងរបួសក្បាលធ្ងន់ធ្ងរហូរឈាមស្រោចឈាមពេញខ្លួនប្រាណ ដោយសារតែត្រូវបុរសម្នាក់ដែលជាអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន ដឹកជញ្ជូន រិទ្ធមុនី វាយយ៉ាងចាស់ដៃដោយសារតែ រឿងទំនាស់ពាក្យសំដីបន្តិចបន្តួច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៥និង២០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នៅចំណតរថយន្តក្រុង របស់ក្រុមហ៊ុន រិទ្ធមុនី នៅខាងក្រោយសាលាខណ្ឌដូនពេញ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាអ្នករត់ម៉ូតូកង់បី បានឌុបភ្ញៀវម្នាក់ មកកាន់ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធមុនី នៅខាងក្រោយសាលាខណ្ឌដូនពេញ ហើយពេលធ្វើដំណើរមកដល់ អ្នករត់ម៉ូតូកង់បី រូបនេះបានទារលុយពីអ្នកភ្ញៀវចំនួន៤ម៉ឺនរៀល។ នៅពេលនោះជនបង្កនោះបានសួរថា ហេតុអ្វីថ្លៃអ្វីម្ល៉េះ?ពេលនោះក៏មានការតពាក្យតសំដី បង្កឲ្យមានទំនាស់បន្តិចបន្តួច ធ្វើឲ្យជនបង្កខឹង បានស្ទុះទៅវាយបណ្តាលឲ្យបែកក្បាល ហូរឈាមជោកខ្លួនប្រាណ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យព្រះកេតុមាលា ចំណែកជនបង្កបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល៕