លោក ឃុន រ៉ា​ន់ អាច​រង្គោះរង្គើរ​មុខតំណែង ប្រសិនបើ​មិន​នាំខ្លួន​កូនប្រុស​ទាំង​២​នាក់ មក​ប្រគល់​ឲ្យ​សមត្ថកិច្ច តាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​របស់​ព្រះរាជអាជ្ញា

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តាម​សំណើ​របស់​កងរាជអាវុធហត្ថ ​សា​លា​ដំ​បូ​ង​​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​កូនប្រុស​របស់លោក ឃុន រ៉ា​ន់ ជា​មេ​គយ​ខេត្តកំពង់ចាម ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​នារី​រងគ្រោះ​ជាស​ង្សា​រ​ចាស់ ដែល​បាន​ប្តឹង​ចោទប្រកាន់​លើ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៣​ករណី គឺ​បទ​បង្ក​ហិង្សា​ដោយ​ចេតនា វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ពីបទ​ប្លន់​លុយ​ជាង ១៦០០​ដុល្លារ​អាមេរិក ក្នុង​ហេតុការណ៍​មួយ កាលពី​យប់​ថ្ងៃ​២៨ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ភ្លើងស្តុប​ពេទ្យ​ចិន សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​បានត្រឹមតែ​ឆ្លើយថា កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​កូនប្រុស​ទាំង​២​នាក់​របស់ ឃុន រ៉ា​ន់ មក​ផ្តន្ទាទោស​តាមច្បាប់ ។​

 


​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈ្មោះ ឃុន ដូ​រ៉េ និង​ឈ្មោះ ឃុន រ៉ា​ឌី ដែលជា​កូនប្រុស​សំណព្វចិត្ត​របស់លោក ឃុន រ៉ា​ន់ ព្រមទាំង​បក្ខពួក​មួយចំនួនទៀត បានធ្វើ​សកម្មភាព​អុកឡុក​រំខាន​សេចក្តីសុខ​ដល់​អតីត​សង្សារ​ដែល​បាន​បែក​ គ្នា​កាលពី ៣​ឆ្នាំមុន នៅពេលដែល​ឈ្មោះ ឃុន ដូ​រ៉េ មាន​ប្រពន្ធ និង​មានកូន ហើយ​ស្ត្រី​ឈ្មោះ ជា គឹម​ឡាយ រង​ទុក្ខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយសារតែ​ការ​រុកកួន​របស់​ឈ្មោះ ឃុន ដូ​រ៉េ ។ រហូតដល់​យប់​ថ្ងៃទី​២៨ ខែមេសា កន្លងទៅនេះ ឈ្មោះ ឃុន ដូ​រ៉េ បាន​ជួប​នាង​ដោយ​ចៃដន្យ ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ក៏​តាម​រករឿង​បង្ក​ឲ្យ​មាន​ជម្លោះ​រហូត​វាយ​បំបែក​កញ្ចក់​រថយន្ត បង្ក​អំពើហិង្សា​លើ​ក្រុមគ្រួសារ​របស់​នាង ជា គឹម​ឡាយ ដែល​ក្នុងនោះ​មានការ​បាត់បង់​ប្រាក់​ចំនួន​១៦០០​ដុល្លារ​អាមេរិក​ផងដែរ កើតជា​រឿងរ៉ាវ​ប្តឹងផ្តល់​រហូត​មាន​ការចេញ​ដីកានាំខ្លួន​ពី​ស្ថាប័ន​តុលាការ ​។

 


​ក្រុមគ្រួសារ​ស្ត្រី​ឈ្មោះ ជា គឹម​ឡាយ បាន​ឲ្យ​ដឹងថា ឈ្មោះ ឃុន ដូ​រ៉េ តែងតែ​រករឿង​រំខាន​សេចក្តីសុខ របស់​នាង​ច្រើនលើកច្រើនសា​ហើយ​ក្នុងនោះ​លោក ឃុន រ៉ា​ន់ ក៏​ធ្លាប់បាន​ចូលខ្លួន​ទៅសុំ​ទោស​ក្រុមគ្រួសារ​ឈ្មោះ ជា គឹម​ឡាយ ចំពោះ​អំពើ​ពាល​របស់​កូនប្រុស​ផងដែរ ប៉ុន្តែ​ម្តង​ជា​ពីរដង ឈ្មោះ ឃុន ដូ​រ៉េ មិនបាន​លះបង់​គំនិត​រំខាន​សេចក្តីសុខ​របស់​សង្សារ​ចាស់​នោះទេ​។ ជាក់ស្តែង អំឡុងពេល ជា គឹម​ឡាយ រៀបការ​ជាមួយ​បុរស​ម្នាក់​ជា​គូ​អនាគត នៅ​ភោជនីយដ្ឋាន ម៉ុង​ឌី​យ៉ា​ល់ គេ​សង្កេតឃើញ​ឈ្មោះ ឃុន ដូ​រ៉េ បាន​លើក​បក្ខពួក​របស់គេ ទៅ​អុកឡុក​ពិធីមង្គលការ ហើយ​កាលនោះ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បានដាក់​កម្លាំង​ការពារ​យ៉ាងរឹងមាំ ទើប​ឈ្មោះ ឃុន ដូ​រ៉េ ដកថយ​។ ប៉ុន្តែ​នៅពេលដែល​គូ​ស្វាមីភរិយា​ថ្មោងថ្មី នាំគ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯ​ក្រៅប្រទេស ក៏​ស្រាប់តែ​ឈ្មោះ ឃុន ដូ​រ៉េ តាម​ទូរស័ព្ទ​គំរាមកំហែង​រំខាន​សេចក្តីសុខ​គ្រប់ពេលវេលា ។​

 


​រឿង​ដែល​ឈឺចាប់​បំផុត​នោះ​គឺ​ឈ្មោះ ជា គឹម​ឡាយ ត្រូវបាន​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ទាំង​វ័យក្មេង ដោយសារតែ​ឈ្មោះ ឃុន ដូ​រ៉េ អុកឡុក​ខ្លាំងពេក ស្វាមី​របស់​នាង​ក៏បាន​សម្រេចចិត្ត​លះលែង​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ វែងឆ្ងាយ ហើយ​កាលនោះ​មាន​ភាព​តានតឹង​យ៉ាងខ្លាំង រហូតដល់​ក្រុមគ្រួសារ​ស្ត្រី​ឈ្មោះ ជា គឹម​ឡាយ ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​យុត្តិធម៌ ប៉ុន្តែ​លោក ឃុន​រ៉ា​ន់ ក៏បាន​ចូលខ្លួន​ទៅ​សុំទោស​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ ដោយ​សន្យាថា នឹង​អប់រំ​ណែនាំ​កូន​មិន​ឲ្យ​អុកឡុក​រំខាន​សេចក្តីសុខ​របស់ ជា គឹម​ឡាយ ទៀត​ទេ​។ ប៉ុន្តែ​អត្តចរិត​ជា​ជន​ទំនើង​របស់ ឃុន ដូ​រ៉េ មិនអាច​កែ​បានឡើយ ដូចដែល​ពាក្យចាស់​បាន​ពោលថា អ្វីៗ​អាច​ពត់​លត់​ដំ​បាន ប៉ុន្តែ​សារជាតិ​ជា​មនុស្ស​ខូច​ដើរ​រំខាន​សេចក្តីសុខ​គេឯង​របស់ ឃុន ដូ​រ៉េ មិនអាច​មាន​អ្វី​កែប្រែ​បានទេ​។​

 


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ជារឿយៗ​ថា ប្រសិនបើ​មន្ត្រី​ណា​ម្នាក់​អត់​មាន​សមត្ថភាព​អប់រំ​ណែនាំ​កូនចៅ ហើយ​ប្រសិនបើ​កូនចៅ​ដើរ​ប្រព្រឹត្ត​អំពើ​ទំនើង ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម គឺ​សម្តេច ហ៊ុន សែន នឹង​ដកហូត​តំណែង​ឪពុកម្តាយ​ដែល​មិនចេះ​ប្រដៅ​កូន​។ ការព្រមាន​បែបនេះហើយ បាន​បង្ខំ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ ដួង ងៀប នាំ​កូនប្រុស​របស់ខ្លួន​ឈ្មោះ ដួង ឆាយ បញ្ជូន​ឲ្យ​ទៅ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​លោក ឃុន រ៉ា​ន់ បាន​ធ្វើជា​មនុស្ស​ដ៏​កំសាក​មិន​ហ៊ាន​នាំខ្លួន​កូនប្រុស​របស់គាត់​ទាំង​២​ នាក់ គឺ​ឈ្មោះ ឃុន ដូ​រ៉េ និង ឃុន រ៉ា​ឌី ទៅ​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់​នោះទេ បើទោះពី​ជាមាន​ដីកា​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ក៏ដោយ​៕

9-May-13

 

Leave a Reply

(*) Required, Your email will not be published