ប្រទេសរុស្ស៊ីកំពុងពិចារណា អញ្ជើញតារាភាពយន្តសកម្មភាពអាមេរិក ស្ទីវែន ស៊ីហ្កល ( Steven Seagal ) ផ្សាយពាណិជ្ជកម្មក្នុងឧស្សាហកម្មអាវុធសម្រាប់ប្រទេសខ្លួន ដោយទីក្រុងម៉ូស្គូចង់ឈានយកទីតាំងទីមួយនៅលើទីផ្សារអាវុធពិភពលោក។ ទីភ្នាក់ងារសារព័ត៌មានAP បានដកស្រង់សម្តីឧបនាយករដ្ឋមន្ដ្រីរុស្សីលោកឌ្មីទ្រី រ៉ូហ្កូហ្សីន (Dmitry Rogozin) ដែលបានឱ្យដឹងថាតារាហូលីវូដ អាចលើកកំពស់យុទ្ធនាការទីផ្សារអន្ដរជាតិមួយ ដើម្បីលើកកម្ពស់រោងចក្រអាវុធDegtyarev។
តារាSeagal បានរួមជាមួយ Rogozin ទៅទស្សនារោងចក្រកាលពីថ្ងៃទី 4មិថុនា ។ លោក Rogozin បានឧទ្ទេសនាមឲ្យតារាល្បីឈ្មោះSeagalដែលដើរតួជាច្រើនទាក់ទងទៅនឹង ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ឲ្យបានស្គាល់ពីរោងចក្រ។ Rogozin បានឱ្យដឹងថា"អ្នកមានភាគហ៊ុន និងខ្ញុំ បានពិភាក្សាអំពីលទ្ធភាពរបស់ Seagal ក្នុងការចូលរួមការងារទីផ្សារក្នុងស្រុក ក្នុងគោលបំណងបង្ហាញពីគុណសម្បត្តិនៃអាវុធរុស្ស៊ីនិងលើកកម្ពស់ម៉ាក របស់យើងនៅក្នុងការតាំងពិព័រណ៍អន្ដរជាតិ និងដើម្បីបង្ហាញឲ្យពួកគេឃើញថាអាវុធរុស្សីឈានហួសពីគំរូអាវុធដ៏ ល្អបំផុតរបស់សហរដ្ឋអាមេរិកនិងទំរង់ដ៏ល្អបំផុតនៃអាវុធរបស់លោក ខាងលិច "។
Seagal គឺជាតារានិងជាកីឡាករប្រដាល់អាមេរិក ដែលបានល្បីឈ្មោះតាំងពីទស្សវត្សរ៍ឆ្នាំ 1980ម្លេះ ។ ក្រុមមន្ត្រីរុស្ស៊ីគឺជាអ្នកដែលចូលចិត្ត Seagal។ តារាអាយុ61 ឆ្នាំរូបនោះធ្លាប់បានជួបប្រជុំជាមួយលោកប្រធានាធិបតីវ្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងខែមីនាឆ្នាំនេះ។ គាត់ទើបតែ បានក្លាយទៅជាអ្នកតភ្ជាប់នយោបាយរបស់អាមេរិក និងរុស្ស៊ី។ ថ្មីៗនេះ គណៈប្រតិភូមួយនៃសភាសហរដ្ឋអាមេរិកបានពឹងពាក់Seagalឲ្យជំរុញឲ្យមាន ការជួបជជែកគ្នាជាមួយមន្ត្រីរុស្ស៊ី។ គណៈប្រតិភូនេះបានទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីស៊ើបការណ៍ព័ត៌មានចារកម្មទាក់ទងទៅនឹងការវាយប្រហារដោយគ្រាប់បែក នៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងនៅ Boston កាលពីខែមុន។
កាលពី ខែកុម្ភៈ, Seagal បានចូលរួមក្នុងការរៀបចំវគ្គមួយនៅរដ្ឋអារីហ្សូណា (Arizona) ដើម្បីបណ្តុះបណ្តាលអំពីរបៀបដែលត្រូវដោះស្រាយករណីមានបើក ការបាញ់ប្រហារនៅតាមសាលារៀន។ Seagalបានណែនាំអំពីការប្រើប្រាស់អាវុធនិងសិល្បៈក្បាច់គុនសម្រាប់ អ្នកស្ម័គ្រចិត្ត៤៨រូប ដោយបានបង្ហាញពួកគេពីរបៀបការពារថ្នាក់រៀន បន្ទាប់ពីមានការបាញ់កាំភ្លើងនៅសាលាបថមសិក្សាSandy Hookរដ្ឋខនណិតធីខាត់កាលពីចុងឆ្នាំមុនដែលបង្កឲ្យមានភាពរញ្ជួយ ញាប់ញ័រទូទាំងប្រទេសអាមេរិក៕