ឃុំខ្លួន​បុរស​ចិន​៣​នាក់ ពីបទ​ប្រើ​ទូរ​សព្ទ​កម្ពុជា ទៅ​បោក​ប្រាក់​ប្រជាជន​នៅ​ចិន​

, , Leave a comment

រាជធានី​ភ្នំពេញ​៖ បុរស​ចិន​៣​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣ ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេតករណី​ប្រើ​ប្រព័ន្ធ​ទូរ​សព្ទ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ទំនាក់ទំនង​បោក​ប្រាក់​ប្រជាជន​នៅ​ប្រទេស​ចិន​។​ ​បុរស​ចិន​ទាំង​៣​នាក់​នេះ ទី​១​ឈ្មោះ លីន ហុង​អ៊ី អាយុ​៣៦​ឆ្នាំ ទី​២​ឈ្មោះ ឈិន ឆឹង​អាន អាយុ​៥១​ឆ្នាំ និង​ទី​៣​ឈ្មោះ ថាំង ហើ​លី អាយុ​៣២​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៩A ផ្លូវ​លេខ​៥០៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
 

 

​មូល​ហេតុដែល​នាំឱ្យមាន​ការឃាត់ខ្លួន​នេះ ត្រូវបាន​ប្រភព​មួយ​បង្ហើប​ឱ្យដឹងថា បុរស​ចិន​ទាំង​៣​នាក់ បាន​ទូរ​សព្ទ​កុហក​ប្រជាជន​នៅ​ប្រទេស​ចិន​ថា ពួកខ្លួន​ជា​សមត្ថកិច្ច និង​ជា​គ្រូពេទ្យ ហើយ​ប័ណ្ណ​ពិនិត្យ​សុខភាព​របស់​ប្រជាជន​នៅ​ចិន គឺ​ត្រូវ​ផុតកំណត់ ហើយ​ពួកគេ​អាច​ធានា​ធ្វើ​ប័ណ្ណ​នេះ​ថ្មី​បាន បើសិនជា​មិន​ធ្វើ​ថ្មី​ទេ អាចមាន​បញ្ហា​ក្នុងពេល​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា តែ​ត្រូវ​ការប្រាក់​មួយចំនួន​ក្នុង​ការធ្វើ​ប័ណ្ណ​។​
 

ដោយ​ការជឿទុកចិត្ត​លើ​បុរស​ចិន​ទាំង​៣​នាក់​នេះ ទើប​ប្រជាជន​នៅ​ចិន បាន​វេរ​ប្រាក់​មួយចំនួន​មកឱ្យ​បុរស​ចិន​ទាំង​៣​នាក់​។ ប៉ុន្តែ​ពេល​ទទួលបាន​ប្រាក់​គ្រប់​ចំនួន ស្រាប់តែ​បែកធ្លាយ​នូវ​រឿង​ធ្វើ​ប័ណ្ណ​ពិនិត្យ​សុខភាព​ជូន​ប្រជាជន​នៅ​ចិន ទើប​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ រួច​ឈាន​ឃាត់ខ្លួន​បុរស​ចិន​ទាំង​៣​នាក់​នេះ​តែម្តង​។​ ​ក្រោយ​ការសាកសួរ​រួចហើយ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​បុរស​ចិន​ទាំង​៣​នាក់​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ក្នុងនោះ​លោកស្រី ស៊ឺ វ​ណ្ណី បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ឆបោក​៕

10-2 (2) 10-2 (1)
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Leave a Reply

(*) Required, Your email will not be published