រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងជិះគ្នា២នាក់ បួងចង្កូតទៅបុករទេះពោតស្ងោរ ប៉ើងទៅបុករថយន្តហ្វរ៉េន័រមួយគ្រឿងទៀត ដែលចតចោលនៅមុខផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២១យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវលេខ១៩ប្រសព្វនិងមហាវិថីព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1013 បើកបរដោយបុរសម្នាក់ និងម្នាក់ទៀតរួមដំណើរជាមួយ តាមបណ្តោយមហាវិថីព្រះសុរាម្រិត ក្នុងទិសដៅពីកើតទៅឡិច លុះទៅដល់ចំណុចកើតហេតុ ជនបង្កបានបួងចង្កូតរថយន្តបត់ត្រឡប់ក្រោយ ក៏បុករទេះពោតស្ងោរបណ្តាលឲ្យប៉ើងទៅបុកផ្ទប់នឹងរថយន្តហ្វរ៉េន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-8665ដែចតចោលនៅមុខផ្ទះ។
ក្រោយពេលកើតហេតុ ជនបង្កស្រវឹងជោកចុះមកនិយាយច្រងេងច្រងាង មិនព្រមសងសំណងទៅជនរងគ្រោះដែលខូចខាតរទេះពោតស្ងោរទាំងស្រុង និងរថយន្តហ្វរេន័រនោះទេ ទើបសមត្ថកិច្ចនាំភាគីទាំង៣ទៅដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាលចតុមុខតែម្តង ចំណែករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចររាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ៕