នគរ​បាល​ ​សណ្តាប់​ធ្នាប់​​របស់​លោក កែវ រក្សា ធ្វើ​បាប​​ពល​រដ្ឋ​​ក្រី​ក្រ ហើយ​​រក្សា​ទុក​​ភាព​​រញ៉េ​រញ៉ៃ តាម​​ដង​ផ្លូវ​​ដើ​ម្បី​​ប្រ​មូល​លុយ​

, , Leave a comment

​ខេត្តសៀមរាប ៖  ប្រជាពលរដ្ឋ​ក្រីក្រ​មកពី​តាម​បណ្តា​ខេត្ត​នានា បាន​យក​កូនចៅ​របស់ខ្លួន​ទៅពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជ័យ​​​ វរ្ម័នទី​៧ ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​គោកចក សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​ហើយ​ ពួក​គាត់​រង​នូវ​ការប្រមាថ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ខេត្តសៀមរាប​ របស់លោក កែវ រក្សា ហើយ​មាន​ពេល​​ខ្លះ​ប្រជាពលរដ្ឋ​បាន រិះគន់​សមត្ថកិច្ច​ទាំងនោះ​ដែល​គ្មាន​មនុស្សធម៌​ក្នុង​ខ្លួន គឺ​ទាមទារ​ឲ្យ​លោក ស៊​ត ណា​ឌី ជា​ស្នងការ​នគរ​បាល​ខេត្តសៀមរាប ពិនិត្យមើល​លក្ខណសម្បត្តិ​របស់​នគ​របាល​សណ្តាប់ធ្នាប់​ដែលមាន​សកម្ម​ភាពមិន​ គប្បី​ចំពោះ​ប្រជាពលរដ្ឋ​ឡើងវិញ​ជាបន្ទាន់​។​

 

​សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​បាន​នាំ​កូនចៅ​ទៅ​ព្យាបាល​និង​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ ​ជ័យ​វរ្ម័ន​ទី​​៧ ភាគច្រើន មកពី​បណ្តា​ខេត្ត​នានា​មាន​ជីវភាព​ទីទ័លក្រ​បំផុត ក្នុង​មួយថ្ងៃៗ​រាប់រយ​នាក់ ហើយ​ពួកគាត់​បាននាំគ្នា​សម្រាក​នៅ​តាម​របង​មន្ទីរពេទ្យ​នៅពេល​ថ្ងៃ ដោយ​ប្រើប្រាស់​ប៉ៅ​អ៊ី​តូចៗ ដើម្បី​សម្រាក​ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​សៀម​ រាប ចុះទៅ​រឹបអូស​យក​ប៉ៅ​អ៊ី​ប្រមាថ តិះដៀល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ​យ៉ាង​អមនុស្សធម៌​បំផុត ហើយ​ប្រ​ជា​ពល​រដ្ឋ​​ខ្លះ​ទៀត​ក៏ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ទាំងនោះ​ បណ្តេញ​មិន​ឲ្យ​សម្រាក ឬ​ឈរ​នៅជាប់​បរិវេណ​មន្ទីរពេទ្យ ព្រះបាទ ជ័យ​វរ្ម័នទី​៧ នោះទេ​រួច​ថែមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​ដាក់​លើ​រថយន្ត​គ្មាន​ការយោគយល់​ អ្វី​ឡើយ​។​

 

​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​បាន​លើកឡើងថា ពួកគាត់​ទាំងអស់គ្នា​បាន​នាំ​កូន​មកពី​ខេត្ត​ឆ្ងាយៗ​មក​ព្យាបាល​និង​ពិនិត្យ ​ជំងឺ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ គ្មាន​ញាតិសន្តាន​ក្នុង​ខេត្តសៀមរាប​ទេ ដូច្នេះហើយ​ទើប​គាត់​បាន​យក​កៅអី​បង្អែក​មក​ដាក់​ក្បែរ​របង​មន្ទីរ​​ពេទ្យ​ ដើម្បី​សម្រាក នៅពេល​ពួកគាត់​អស់កម្លាំង​បន្ទាប់ពី​ពួកគាត់​កំដរ​កូន​មាន​ជំងឺ​នៅពេល​យប់​។ ជាពិសេស​នៅក្នុង​ម៉ោង​ព្យា​បាល គេ​មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​នៅ​ថែទាំ​ក្មេង​ដែលមាន​ជំងឺ​លើសពី​ម្នាក់​ នោះទេ  ដូច្នេះ​អ្នក​ថែទាំ​ជំងឺ​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា គឺ​មាន​តែ​​ម្នាក់​ប៉ុណ្ណោះ​នៅក្នុង​មន្ទីរពេទ្យ ហើយ​អ្នក​ផ្សេងទៀត​ត្រូវ​ចេញមក​សម្រាក​នៅ​ខាងក្រៅ ទម្រាំ​ផុត​ម៉ោង​ធ្វើការ​ទើប​អាច​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​វិញ​បាន​។

 

​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ខេត្តសៀមរាប ដែល​បាន​ចុះទៅ​ដកហូត​ប៉ៅ​អ៊ី និង​ប្រមាថ​ប្រជាពលរដ្ឋ​ដែល​នាំ​កូនចៅ​ទៅ​ព្យា​បាល​​ជំ​ងឺ​នោះបាន​អួតអាង​ពី ​ការរៀបចំ​សណ្តាប់ធ្នាប់ ប៉ុន្តែ​ធាតុពិត​គេ​សង្កេតឃើញ​ដងផ្លូវ​ជាច្រើន​នៅ​ទូទាំង​ខេត្តសៀមរាប​មាន​ ភាព​រ​ញ៉េ​រញ៉ៃ មានការ​លក់ដូរ​លើ​ចិញ្ចើមផ្លូវ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ គេ​មិនដែល​ឃើញ​លោក កែវ រក្សា ជា​មេ​ប៉ូ​លិស​សណ្តាប់ធ្នាប់​ខេត្តសៀមរាប​យកចិត្តទុកដាក់​ចុះទៅ​រៀបចំ​ សណ្តាប់ធ្នាប់​នោះទេ​។​គេ​ដឹងថា នៅតាម​ភោជនីយដ្ឋាន​ទីតាំង​សេ​វាកម្ម អាជីវកម្ម​ជាច្រើន​កន្លែង សុទ្ធ​តែមាន​កាតព្វកិច្ច​បង់លុយ​ប្រចាំខែ ឲ្យ​មន្ត្រីនគរបាល​សណ្តាប់ធ្នាប់​របស់លោក កែវ រក្សា ទើប​អាច​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​តាម​ចិញ្ចើមផ្លូវ​ដោយ​គ្មាន​ការរំខាន​អ្វី ​ឡើយ​។

 

​គេ​មិន​ច្បាស់​ទេ​ថា តើ​ភាព​អសកម្ម​របស់​នគរបាល​សណ្តាប់ធ្នាប់​ខេត្តសៀមរាប ដែល​កំពុង​ព្យាយាម​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ និង​តាម​ទីតាំង​អាជីវកម្ម​ជាច្រើន​កន្លែង​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ​ផ្ទាល់ខ្លួន លោក ស៊​ត ណា​ឌី ដែលជា​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ដឹង ឬ​ធ្វើ​មិនដឹង​នោះទេ ព្រោះ​គេ​មិនដែល​ឃើញ​លោក ស៊​ត ណា​ឌី ណែនាំ​នគរបាល​សណ្តាប់ធ្នាប់រ​ប​ស់លោក កែវ រក្សា ម្តងណា​ឡើយ​។ ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ទទូច​សុំ​ការយោគយល់​ពី​លោក ស៊​ត ណា​ឌី ជាពិសេស​ទទូច​សុំ​ឲ្យ​លោក​អភិ​បាលខេត្ត​សៀមរាប ឃឹម ប៊ុ​ន​សុង មេត្តាជួយ​ឲ្យ​ពួកគាត់​បាន​សម្រាក​នៅតាម​របង​មន្ទីរពេទ្យ​ផង ព្រោះ​ពួកគាត់​មាន​ជីវភាព​ទី​ទ័ល​ក្រ ​​គ្មាន​កន្លែង​សម្រាក​ទេ ហើយ​ការ​សម្រាក​របស់​ពួកគាត់ ក៏​មិន​ប៉ះពាល់​អ្វី​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​នោះដែរ ៕

១28-400x300

 

Leave a Reply

(*) Required, Your email will not be published