អ្នកភូមិ​ចោទ​មន្ត្រី​អគ្គិសនី​ផ្ដាច់​ភ្លើង​មួយ​ព្រឹក៧ដង​ នាំ​ឲ្យ​ទុស្សេ​ចរន្តអគ្គិសនី​ឆេះ​ផ្ទះមួយ​ខ្នង​គ្មាន​សល់

, , Leave a comment

ខេត្តបាត់ដំបង៖ ក្រុម​តបណ្ដាញអគ្គិសនី​ក្នុង​ក្រុង​បាត់ដំបង ​ត្រូវ​អ្នកភូមិ​ចោទថា បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង កាលពី​វេលា​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៣ នៅ​ភូមិ​សូ​ភី២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដោយសារតែ​ផ្ដាច់​ចរន្ត​អគ្គិសនី​មួយ​ព្រឹក៧លើក នាំ​ឲ្យ​ទុស្សេ​ខ្សែ​ភ្លើង​ឆេះ​ផ្ទះ​ជនជាតិខ្មែរ​អ៊ីស្លាម​មួយ​ខ្នង​អស់​គ្មាន​សល់។

 

អាជ្ញាធរ​ភូមិ​បាន​ប្រាប់ថា ម្ចាស់​លំនៅឋាន​នេះ​ឈ្មោះ ​ទិន សា អាយុ៥២ឆ្នាំ និង​ភរិយា​ឈ្មោះ​ ហ្វា រី​ណា អាយុ៤០ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម និង​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​ឈូក ក្រុង​បាត់ដំបង។ លំនៅឋាន​នេះ ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ និង​ប្រក់​ស័ង្កសី ដែលមាន​ទំហំ ៦ម៉ែត្រ​គុណ១២ម៉ែត្រ។ មន្ត្រី​ដដែល​បញ្ជាក់ថា ម្ចាស់ផ្ទះ​រវល់​ទៅ​លក់ដូរ​នៅឯ​ផ្សារ រួច​បិតទ្វា​រទុកចោល​ដោយ​គ្មាន​អ្នកណា​នៅ។ លុះ​មាន​អគ្គិភ័យ​កើតឡើង ​ទើប​គាត់​មក​មើល​ផ្ទះ ប៉ុន្តែ​ហួសពេល​ទៅហើយ ព្រោះ​ភ្លើង​បាន​ឆេះ​ផ្ទះ​គាត់​អស់។ អាជ្ញាធរ​និយាយថា អ្នកភូមិគ្រប់ៗគ្នា​បាន​សន្និដ្ឋានថា អគ្គិភ័យ​នេះ​គឺ​បណ្ដាលមកពី​ការ​ដាច់​ចរន្ត​អគ្គិសនី​ញឹកញាប់ ជាហេតុ​នាំ​ឲ្យ​ទុស្សេ​ខ្សែ​ភ្លើង​ក្នុងផ្ទះ​។ គេ​មិនអាច​សុំ​ការបំភ្លឺ​ពី​ម្ចាស់ផ្ទះ​បានភ្លាមៗទេ​នៅពេលនោះ អំពី​មូលហេតុ​ពិតប្រាកដ និង​អំពី​ទំហំ​នៃ​ការខូចខាត។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាងថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ការ«ទុស្សេ​ចរន្ត​អគ្គិសនី»។ អ្នកភូមិ​ថា អគ្គិសនី​បាន​ដាច់​ជា​បន្តបន្ទាប់​ចំនួន៧លើក​នៅ​តំបន់​នោះ ចាប់តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​កើតហេតុ ដោយ​មិនដឹង​ពី​មូលហេតុ។ ពួកគេ​បន្តទៀតថា ការ​ដាច់​ភ្លើង​លើក​ទី៧ គឺជា​លើកចុងក្រោយ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​តែម្ដង បន្ទាប់ពី​ភ្លើង​ត្រូវបាន​គេ​ត​ភ្ជាប់​វិញ​បាន​ប្រហែល​ជិត១នាទី។

 

សាក្សី​ដដែល​បញ្ជាក់ថា ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្នុងផ្ទះ​នោះ ​ដែល​មិនអាច​បង្ក្រាបបាន ប៉ុន្តែ​សំណាងល្អ​វា​មិន​រាលដាល​ដល់ផ្ទះ​ឈើ​នានា នៅក្បែរៗគ្នា​នោះ និង​ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​ជួយ​អន្តរា​គម​ន៏​ទាន់ និង​គ្រាន់តែ​បំផ្លាញ​ផ្ទះ​អស់១ខ្នង​ប៉ុណ្ណោះ។

ជំវិញបណ្ហានេះ ​ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​លោក​ ទីវ  រ៉ាវុធ បាន​ឆ្លើយតបភ្លាមៗទៅ​និង​ការចោទប្រកាន់​ពី​អ្នកភូមិ​ខាងលើនេះ​តាម​ទូរសព្ទ​ថា «លោក​មិនទាន់បាន​សួរ​នាំទៅ​ជំនាញ​ច្បាស់លាស់​ទេ ព្រោះ​កំពុងធ្វើដំណើរ​តាមផ្លូវ»។ ប៉ុន្តែ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «បើ​មាន​ក្រុម​ជំនាញ​ភ្ជាប់​បណ្ដាញ​ចុះ​ធ្វើការ​ជួសជុល​បិតបើកៗ បណ្ដាល​ឲ្យ​មានការ​ទុស្សេ​ឆេះ​ផ្ទះ​នោះ​មែន ចឹ​ង​ផ្ទះ​អ្នកដទៃ​នឹង​ឆេះ​អស់ហើយ»។

 

អនុប្រធាន​ការិយាល័យ​បង្ការពន្លត់អគ្គិភ័យ និង​សង្គ្រោះ​លោក ​រៀម សារ៉េត បាន​ប្រាប់​ដែរ​ថា អគ្គិភ័យ​នេះ ​អាច​បណ្ដាលមកពី​ការឆ្លង​ចរន្ត​អគ្គិសនី ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​មែន ដែល​អាជ្ញា​មូលដ្ឋាន​ក៏បាន​រាយ​ការ​ណ៏​ដូច្នេះ​ដែរ។ លោក​បញ្ជាក់ថា លោក​មិនទាន់មាន​របាយ​ការ​ណ៍ស្ដីពី​ការខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លំនៅឋាន​នោះ​ត្រូវ​បំផ្លាញ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ។ លោក ​រៀម សារ៉េត បញ្ជាក់ថា លោក​មានការ​បារម្ភ​មែន​ទេ​ន​ចំពោះ​អ​គ្គិ​ភ័យ​ដ៏​កំ​ហុក​នេះ ដោយសារតែ​លំនៅឋាន​ជាច្រើននៅក្បែរៗគ្នា តែ​សំណាងល្អ​យើង​បានចេញ​អន្តរា​គម​ន៏​ទាន់ពេល​វេ​លា ហើយ​កម្លាំង​ជំនាញ​បាន​បាញ់​ទឹក​ការពារ​អស់​ចំនួន៤រថយន្ត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​បាន បើ​មិន​ដូច្នេះ​ទេ លោក​ថា ផ្ទះ​ក្នុងភូមិ​នេះ​រាប់សិប​ខ្នង​និង​អាច​ក្លាយជា​ចំណី​ព្រះ​អគ្គី​ជាមិនខាន ​ខណៈ​អាកាសធាតុ​កំពុង​ក្ដៅ​ខ្លាំង​បែបនេះ៕

11 11 (1)

 

Leave a Reply

(*) Required, Your email will not be published