រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូហុងដា សេ១២៥ មួយគ្រឿង ដែលជិះឌុបគ្នាបីនាក់ បណ្តាលឲ្យយុវជន ពីរនាក់រងរបួសធ្ងន់ នឹង ម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពពីនគរបាលចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុយុវជនបីនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-8765 ហើយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលបោកចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ យុវជនពីរនាក់ដែលជិះពីក្រោយរងរបួសធ្ងន់ នឹង ម្នាក់រងរបួសស្រាល។ រីឯរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងកេងកងទី៣ បណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារឲ្យមកទទួលយកទៅវិញ ៕