កីឡាករ ដិ​ម​សី ទាត់​ចូល​ទី​២​គ្រាប់ ជួយ​ឲ្យ​អាមេរិក​ឈ្នះ​អាឡឺម៉ង់​

, , Leave a comment

​ខ្សែបម្រើ​ប្រយុទ្ធ​ឃ្លី​ន ដិ​ម​សី (Clint Dempsey) បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​២​គ្រាប់ ហើយ​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​សហរដ្ឋអាមេរិក យកឈ្នះ​ក្រុម​ខ្លាំង​ឥន្ទ្រី​ដែក​អាឡឺម៉ង់ ដោយ​លទ្ធផល ៤-៣ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​យប់មិញ ហើយ​បាន​ជួយ​ឲ្យ​គ្រូបង្វឹក​អាមេរិក​លោក​ចឺ​ចិន ឃ្លី​ន​ស្មាន (Juergen Klinsmann) អាច​យកឈ្នះ​ប្រទេស​កំណើត​របស់គាត់​ដែរ​។​


​គ្រាប់​បាល់​២​គ្រាប់​របស់​ដិ​ម​សី នៅ​វគ្គ​ទី​២ បាន​ជួយ​ឲ្យ​អាមេរិក​ធ្វើការ​នាំមុខ​៤-១ មុន​ពេលដែល​អាឡឺម៉ង់​វាយបក​នៅ​ចុង​ម៉ោង​បាន​២​គ្រាប់​វិញ នា​កីឡាដ្ឋាន​អរ​អេ​ហ្វ​ឃេ (RFK) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី (Washington DC)​។​

លោក​ឃ្លី​ន​ស្មាន បាន​និយាយថា «​យើង​ពិតជា​រីករាយ និង​ពេញចិត្ត​ខ្លាំងណាស់ ជាមួយនឹង​ការប្រកួត​លក្ខណៈ​ដូចជា​កំសាន្ត​ផង និង​លក្ខណៈ​អន្តរជាតិ​ផង​មួយ​នេះ​។ ការ​មាន​កីឡាករ​ដូចជា​ឃ្លី​ន ដិ​ម​សី ជាមួយ​ក្រុម វា​ជា​រឿង​មោទនភាព​ណាស់​។ គាត់​ជា​កីឡាករ​ដ៏​កំពូល​ម្នាក់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាមេរិក​។​»

គួរ​បញ្ជាក់ថា ក្រុម​ឥន្ទ្រី​ដែក​អាឡឺម៉ង់ ពុំមាន​កីឡាករ​សំខាន់ៗ​ដែល​លេង​ក្នុង​ការប្រកួត​ឆែម​ពាន​លី​ក (Champions League) វគ្គ​ផ្តាច់ព្រ័ត្រ របស់​ក្រុម​បា​យឺន ម៉ូ​និជ (Bayern Munich) និង​ក្រុម​បូរ៉ា​ស្សៀ ដ​ត​ម័ន (Borussia Dortmund) នោះទេ ខណៈដែល​កីឡាករ​ឆ្នើមៗ​ទាំងនោះ ត្រូវបាន​សហព័ន្ធ​ឲ្យ​មាន​វិសមកាល បន្ទាប់ពី​មានការ​នឿយហត់​ខ្លាំង​ពេញ​មួយ​រដូវ​កាល​រួចមក​។​

ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់ ក៏បាន​ប្រកួត​ឈ្នះ​ក្រុម​អេ​ក្វា​ឌឺ ដោយ​លទ្ធផល ៤-២ ដែរ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។​ ​ចំណែកឯ​ការប្រកួត​មិត្តភាព​អន្តរជាតិ​សំខាន់​មួយគូ​ទៀត​នោះ ក្រុម​ស៊ាំ​បា​ប្រេ​ស៊ី​ល ធ្វើបាន​ត្រឹម​ស្មើ ២-២ ជាមួយនឹង​ក្រុម​តោ​កំណាច​អង់គ្លេស នៅក្នុង​ទឹកដី​ខ្លួនឯង​។​ ​ខ្សែ​ប្រ​យុ​ទ​ហ្វ្រេ​ដ (Fred) បាន​ជួយ​ឲ្យ​ប្រេ​ស៊ី​ល​នាំមុខ​មុន នៅ​នាទី​ទី​៥៧ ខណៈដែល​ខ្សែបម្រើ​ក្រុម​អា​សិណ​ល (Arsenal) អា​ឡិច​អុ​កឡាត់ ឆាំ​បឺ​ឡិន (Alex Oxlade-Chamberlain) ទាត់​បាល់​រ៉ា​មួយ​ជើង ចូល​ទី​បានសម្រេច​ជួយ​ឲ្យ​អង់គ្លេស​តាម​បាន​ស្មើ​មកវិញ​។​

 

​ខ្សែប្រយុទ្ធ​ក្រុម​បី​សាច​ក្រហម​ម៉ែន​ឆេ​ស្ទើ យូ​ណៃ​ធី​ត (Manchester United) វ៉ែន រ៉ូ​នី (Wayne Rooney) បាន​ទាត់​បាល់​មួយ​ទំហឹង​ចំ​មុំ​៩០​ដឺ​ក្រេ ចូល​ទី​បានសម្រេច ហើយ​ជួយ​ឲ្យ​តោ​កំណាច​នាំមុខ​វិញ​ម្តង​។ ប៉ុន្តែ​នៅ​នាទី​ទី​៨២ ខ្សែបម្រើ​ផូ​លី​ញ៉ូ (Paulinho) បានបញ្ចប់​ក្តីសង្ឃឹម​របស់​អង់គ្លេស បន្ទាប់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ទាត់​កាប់​មួយ​ទំហឹង ផុតដៃ​អ្នកចាំទី​អង់គ្លេស​ចូ ហាត (Joe Hart) បានសម្រេច​ដូចគ្នា ហើយក៏​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើគ្នា​។​ ​គួរ​រំ​ឮ​កថា ក្រុម​ស៊ាំ​បា​ប្រេ​ស៊ី​ល ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤​នោះ ប្រកួត​ឈ្នះ​តែ​១​លើក​ទេ ក្នុងការ​ប្រកួត​៦​លើកចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​លោក​ល្វី​ស​ហ្វី​លី​ប ស្ករ​ឡា​រី (Luiz Felipe Scolari)​។ ហើយ​នេះ​ជា​ក្តីកង្វល់​ដ៏​ធំ​មួយ​របស់​ពួកគេ ដែលមាន​មហិច្ឆតា​ចង់​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក នាពេលខាងមុខ​៕​

10

 

Leave a Reply

(*) Required, Your email will not be published