នេ​ត សុ​ចរិយា ចូលជ្រែក​តំណែង វីត​វីត ក្នុង​កម្មវិធី​អប្សរា Award របស់​ទូរទស្សន៍ អប្សរា

, , Leave a comment

​តារា​សម្តែង និង​ជា​ពិធី​ការិនី​កញ្ញា នេ​ត សុ​ចរិយា បាន​ចូល​ជំនួស​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​អប្សរា Award របស់​ទូរទស្សន៍ អប្សរា ដែលជា​កម្មវិធី​ផ្លាស់ប្តូរ​ពិធីករ​ពិធី​ការិនី​ញឹកញាប់​មួយ​កាលពីពេល​ថ្មីៗ​នេះ​។ ដំណើរ​ចូល​របស់​ពិធី​ការិនី​រូបនេះ ស្រប​នឹង​កញ្ញា កាវ សា​វី​សា​ទី​វីត ហៅ វីត​វីត បាន​ចាកចេញ​។​ ​ជាមួយ​ការផ្លាស់ប្តូរ​នេះ កញ្ញា នេ​ត សុ​ចរិយា បានបង្ហាញ​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយនឹង​សំលៀកបំពាក់​ប្រពៃណី​យ៉ាង​ស្រស់ស្អាត កាលពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុននេះ​។ តារា​វ័យក្មេង​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជា​ថ្ងៃ​ដំបូង​ដែល​នាង​បាន​លេចមុខ​នៅ​ទូរទស្សន៍​អប្សរា ក្នុងនាម​ជា​ពិធី​ការិនី​។ ចរិយា បន្តថា “​ខ្ញុំ​មក​ជំនួស​បង វីត​វីត  ព្រោះ​គាត់​ជាប់​ធុរៈ​ផ្ទាល់ខ្លួន​ទៅ​ប្រទេស​អូស្ត្រាលី​”​។​

 

​ថ្លែង​នៅក្នុង​ជំនួប​ដដែល​ក្រោយ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ នេ​ត សុ​ចរិយា បាន​ប្រាប់​បន្តថា នាង​មក​ជំនួស​កញ្ញា វីត​វីត តែ​មួយរយៈ​ប៉ុណ្ណោះ ក្រោយ​ពិធី​ការិនី​ផ្លាស់​ពី​ស៊ី​ធី​អិន​រូបនេះ បាន​សុំច្បាប់​សម្រាក​មួយរយៈ ចាក​ចេញទៅ​ប្រទេស​អូស្ត្រាលី​នោះ​។ សុ​ចរិយា ថ្លែងថា “​ខ្ញុំ​ជំនួស​គាត់ ត្រឹមតែ​កន្លះ​ខែ​ទេ ដល់​គាត់​មកវិញ គឺ​ខ្ញុំ​ក៏​នឹង​ចេញ​វិញ​ដែរ​!”​។​ ​វត្តមាន​របស់​កញ្ញា នេ​ត សុ​ចរិយា នៅ​អប្សរា​ពេលនេះ ទន្ទឹមនឹង​ការបាត់​មុខ​របស់​នាង នៅឯ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ជាទី​ដែល​នាង​បាន​កាន់​ក្បាល​មីក្រូហ្វូន ធ្វើជា​ពិធី​ការិនី​អស់​ពេល​ជាច្រើន​ឆ្នាំ​។​

 

​បញ្ហា​នេះ តារា​សម្ដែង​ដែល​ទើប​បើក​ប្រកាសថា​មាន​គូស្នេហ៍​រួចហើយ​រូបនេះ បាន​បញ្ជាក់ថា នាង​លែង​ជា​ពិធី​ការិនី​របស់​ទូរទស្សន៍​នោះ​ទៀតហើយ ព្រោះ​កុងត្រា​ការងារ​របស់​នាង​បានបញ្ចប់។ ចរិយា បន្ថែមថា “​ខ្ញុំ​អត់​មាន​ចុះ​កុងត្រា​ជាមួយ​ខាង​ណា​ទេ ដូច្នេះ​គឺ​ខ្ញុំ​អាច​ទៅណា​ក៏បាន​ដែរ បើ​ខាង​ណា​ហៅ ខ្ញុំ​ទៅខាង​នោះ​!”​។​ ​ទោះយ៉ាងណា អតីត​ពិធី​ការិនី​ប៉ុស្តិ៍​លេខ ៣ រូបនេះ​បញ្ជាក់ថា នាង​ទទួលបាន​ការងារ​ជា​ពិធី​ការិនី​មួយ​កម្មវិធី​ទៀត នៅ​ទូរទស្សន៍​អប្សរា ក្នុង​កម្មវិធី​របស់​ទូ​រ​ស័ព្ទ NOKIA ផងដែរ ខណៈ​មកដល់​បច្ចុប្បន្ន កម្មវិធី​នោះ ថត​បាន​មួយ Show ហើយ គ្រោង​នឹង​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ​។​

 

​កញ្ញា នេ​ត សុ​ចរិយា បាន​ឈាន​ចាប់​អាជីព​ជា​អ្នកសិល្បៈ​នេះ​ជាង​៣​ឆ្នាំ​មកហើយ ក្នុងនោះ ក្រៅពី​ធ្លាប់​ធ្វើជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៣ អាស៊ីអាគ្នេយ៍ និង​ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥​នោះ នាង​ក៏មាន​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​មួយចំនួន ផងដែរ ដែលមាន​ដូចជា​រឿង “​ពេជ្រ​ក្នុង​បេះដូង​”,​រឿង “​អព្ភូតហេតុ​ស្នេហ៍​” , “​លង​ម៉ា​ឆ្ងាញ់​” និង​ចុង​ក្រោយនេះ​គឺ រឿង “​រលក​បោក​ខ្សាច់​”៕​

9 (2) 9 (1)

 

Leave a Reply

(*) Required, Your email will not be published