​បុរស​ម្នាក់​ចាប់​ប្អូនថ្លៃ​អាយុ​ ១២ ​ឆ្នាំ​រំលោភ​បានសម្រេច​ ២ ​ដង ពេល​សមត្ថកិច្ច​ចាប់ខ្លួនឆ្លើយថា​ច្រឡំស្មានតែ​ប្រពន្ធ​

, , Leave a comment

ខេត្តបន្ទាយមានជ័យ ​៖ ជនសង្ស័យ​ម្នាក់ ក្នុងករណី​ចាប់រំលោភ​ប្អូនថ្លៃ​អាយុ​១២​ឆ្នាំ​បានសម្រេច​២​ដង ហើយ​ថា​ខ្លួន​ស្រវឹង​ស្មានថា​ជា​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​បាន​ព្យាយាម​រត់​ត្រូវបាន​ចាប់​មកវិញ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ភូមិ​គោកចក ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​បាន​បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​៣ មិថុនា​។​

 

​លោក ឆេង អ៊ី​សុខា អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ក្នុងករណី​រំលោភ​ប្អូនថ្លៃ ដែលជា​អនីតិជន​មានឈ្មោះ ខុម ស្នា អាយុ​២២​ឆ្នាំ​នៅ​ភូមិ​គោកចក ឃុំ​សូ​ភី ស្រុក​អូជ្រៅ ចំណែក​ក្មេងស្រី រងគ្រោះ ទើបតែ​អាយុ​១២​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​រស់នៅ​ជាមួយគ្នា​។ ដោយ​ទទួលបាន​ពាក្យបណ្ដឹង​របស់​កុមារី​រងគ្រោះ និង​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ប៉ុស្តិ៍​រដ្ឋបាល​សូ​ភី ស្រាប់តែ​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀបភ្លឺ ចូល​ថ្ងៃទី​២ ខែមិថុនា ជនសង្ស័យ​បាន​រត់គេចខ្លួន តែ​ដោយ​ខ្លាច​ការប្រើ​អំពើហិង្សា​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ស្អប់​នូវ​ទង្វើ​លាមក​បែបនេះ ក៏​រត់​មក​ឲ្យ​នគរបាល​ឃាត់ខ្លួន​វិញ ខណៈដែល​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន នៅវេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក​ដដែល ។​

 

​យោងតាម​បណ្ដឹង​របស់​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា បងថ្លៃ​របស់ខ្លួន​បាន​ចាប់រំលោភ​ខ្លួន​បានសម្រេច​រហូត​ទៅដល់​ពីរដង កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ នៅឯ​វាលស្រែ ក្នុងភូមិ​គោកចក ឃុំ​សូ​ភី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ រូ​ច​បងថ្លៃ​របស់​នាង​បាន​បបួល​នាង ទៅ​ឆ្លុះ​កង្កែប នៅ​វាលស្រែ​ក្បែរ​ភូមិ ពេលដែល​ខ្លួន​ដើរ​ពីមុខ បងថ្លៃ​បាន​ចាប់​នាង​រំលោភ​ទាំង​កំរោល រហូត​បានសម្រេច​ចំនួន​២​ដង និង​បាន​គំរាម​មិន​ឲ្យ​នាង​ស្រែក និង​ប្រាប់​អ្នកណា​ឡើយ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួនគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លាមក​ទៅលើ​ប្អូនថ្លៃ​របស់ខ្លួន​ពិតមែន ដោយ​យក​លេស​ថា​ខ្លួន​ស្រវឹង ស្មានថា​ប្រពន្ធ​ខ្លួន ។​ ​ទោះបីជា​ជនសង្ស័យ​ឆ្លើយ​សារភាព​យ៉ាងនេះ​ក៏ដោយ យោងតាម​ចម្លើយ​ក្មេងស្រី​រងគ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​រូបនេះ ទៅ​ស្នងការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​ទៅ​តុលាការ ធ្វើការ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​៕​

7

 

Leave a Reply

(*) Required, Your email will not be published