រមណី​ដ្ឋា​ន​ទឹកធ្លាក់​ល្បាក់ខោន ( ឬ សុភ​មិត្រ​)

, , Leave a comment

​ស្ទឹងត្រែង គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុ​ជាមាន​ចំងាយ​៤៤៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៧​។ ទោះបី​ខេត្ត​នេះ ពុំ​សូវ​មាន​រមណីយដ្ឋាន​វប្បធម៌ក៏ពិតមែន តែ​សំបូរ​ដោយ​​រមណីយដ្ឋាន​ធម្មជាតិ​មាន​ព្រៃព្រឹក្សា ព្រែក ស្ទឹង ទន្លេ ដែល​ពោរពេញ​ទៅដោយ​ល្បាក់ទឹក​ហូរ ជ្រោះ​ទឹកធ្លាក់ ពពួកសត្វ​ស្លាប សត្វព្រៃ​នានា និង​ជា​តំបន់​មច្ឆជាតិ​ពង​កូន​ដ៏​សំបូរបែប​សំរាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កំសាន្ត និង​មក​លំហែកាយ​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ទៀតផង​។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  ជា​ប្រមុខ សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅលើ​ទឹកដី​ខេត្ត​នេះ គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ហៅ​ស្ពាន​សេកុង​មាន​ប្រវែង​១.០៥៧​ម៉ែត្រ ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង​ឆ្ពោះទៅ​ព្រំដែន​ឡាវ​។ នេះ​ជាការ​ផ្តល់នូវ​សក្តានុពល​មួយ​ដល់​តំបន់​នេះ​សំរាប់​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​។​

 

​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​តាម​ស្ពាន​នេះ​បន្ត​ទៅមុខ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ទៀត នឹង​បានឃើញ​រមណីយដ្ឋាន​មួយ​ឈ្មោះថា ល្បាក់ខោន ឬ​ទឹកធ្លាក់​សុភ​មិត្រ ស្ថិតនៅ​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧​នៅសល់​ប្រហែល​២០​គីឡូម៉ែត្រ​ពី​ព្រំដែន​ឡាវ ហើយ​បត់​ឆ្វេង​តាម​ផ្លូវលំ​រហូតដល់​ឃុំ​អូរ​ស្វាយ រួច​ជិះទូក​សហគមន៍​ទៅកាន់​ឃុំ​ព្រះ​រំកិល​ដែល​នៅ​ទីនោះ​មានផ្ទះ​សំណាក់​សំរាប់​បំរើ​ដល់​ភ្ញៀវ​ផងដែរ​។ អ្នកទេសចរ​ទាំងឡាយ​ដែល​បាន​ស្នាក់​នៅក្នុង​សហគមន៍​នឹង​បានឃើញ​ពី​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​អ្នកភូមិ ជាពិសេស​ទៅទៀត​សហគមន៍​របស់គេ​នឹង​នាំ​ភ្ញៀវ​ធ្វើដំណើរ​កំសាន្ត គយគន់​សំរស់​ធម្មជាតិ​រហូតដល់​ទឹកធ្លាក់​តែម្តង​។​

 

​ទឹកធ្លាក់​ល្បាក់ខោន ឬ​សុភ​មិត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​មាតុភូមិ​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ទីនោះ​ជា​កន្លែង​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ធ្លាក់​យ៉ាងគំហុក​កាត់​តាម ថ្មដា​ដែលមាន​កំពស់​រហូតដល់​២៦ ម៉ែត្រ ហើយក៏​ជា​ព្រំសីមា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ដែរ​។  នៅ​រដូវវស្សា​ពេល​កំរិត​ទឹកទន្លេ​បន្ត​ឡើង​ខ្ពស់​ដល់​ចំណុច​អតិបរមា​ល្បឿន​ទឹក​ហូរ​មាន​កំលាំង​ខ្លាំង​ជាទីបំផុត​បង្កើតបានជា​ផ្ទាំងទស្សនីយភាព​ជា​ផ្សែង​អ័ព្ទ​នៃ​ទឹក​ពេញ​នភាល័យ​អមដោយ​សន្ធឹក​ទឹកធ្លាក់​ឮ​ខ្ទរ​ញ័រ​អស់​ប្រឹថពី​។ ចំណែក​នៅ​រដូវប្រាំង​វិញ​ល្បឿន​នៃ​ទឹក​ហូរ​ធ្លាក់​មានការ​ថមថយ​ម​ក​នៅត្រឹម​ចន្លោះ​ផ្ទាំង​ថ្ម​រដិប រដុប​ដែល​យើង​អាច​មើលឃើញ​ដុំថ្ម​ខ្លះ​មាន​រាង​ជា​ដុំ​ពក ទាល និង​ស្រួច​តាម​ធម្មជាតិ ធ្វើឱ្យ​ផ្ទៃ​លំហ​នៃ​ទីតាំង​ទឹកធ្លាក់​នោះបាន​ក្លាយជា​ទីវាល​ថ្ម​ចំរុះ​ពណ៌​គួរ​ជាទី​គយគន់​ក្រៃលែង​។​

តាមរយៈ​សៀវភៅ​មគ្គុទេសក៍​ភូមិភាគ​ឦ សាន​កម្ពុជា​បង្ហាញថា កាលពី​អតីតកាល​កម្រ​មាន​អ្នកទេសចរ​ធ្វើដំណើរ​មក​កំសាន្ត​នៅ​ល្បាក់ខោន​នេះ​ណាស់ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​ក្រុម​ទេសចរ​ចាប់ផ្តើម​ធ្វើដំណើ​រ​កំសាន្ត​មកកាន់ ទីនេះ ប៉ុន្តែ​នៅមាន​ចំនួន​តិច​នៅឡើយ ហើយ​ភាគច្រើន​ពួកគេ​ជា​អ្នកស្រាវជ្រាវ​។ ក្រុម​អ្នកទេសចរ​ចូលចិត្ត​ធ្វើដំណើរ​ទៅ​ទីនោះ​ដោយ​ថ្មើរជើង​ជាង​តាម​ទូក ព្រោះ​នៅ​រដូវប្រាំង​តំបន់​ល្បាក់ខោន​គោក ចំណែក​នៅ​រដូវវស្សា​ក​ន្លែ​ង​នោះ គឺជា​តំបន់​ទឹកធ្លាក់​ហូរ​កួច​ឃើញ​ផ្ទៃ​ទឹក​ល្វឹងល្វើយ​ហូរ​កាត់​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ទាំងមូល​។​

ជាការ​ពិតណាស់​ស្ថានភាព​នាពេល​បច្ចុប្បន្ន ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​នេះ​នៅមាន​បញ្ហា​ខ្លះៗ​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ ស្ពាន ពុំទាន់​មានការ​រៀបចំ​ឱ្យក្លាយ​ទៅជា​កន្លែង​រម ណី​យ​ដ្ឋា​ន​ដើម្បី​បំរើ​វិស័យ​ទេសចរណ៍​នៅឡើយ​ទេ ដោយសារ​គ្មាន​ផ្លូវ​ទៅដល់​ទីនោះ​។ ស្ថានភាព​ធ្វើដំណើរ​ទៅ​ទស្សនា​របស់​ភ្ញៀវ​នាពេល​បច្ចុប្បន្ន​អាច​ធ្វើទៅ​បានតែ​នៅ​រដូវប្រាំង​ចាប់ពី​ខែធ្នូ ដល់​ខែមេសា ឬ​ខែឧសភា ហើយ​មធ្យោបាយ​ធ្វើដំណើរ គឺ​ប្រើ​ទូក និង​ថ្មើរជើង​។​

ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​មួយ​ជួយ​រកប្រាក់ ចំណូល​យ៉ាងច្រើន និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ផង​នោះ ក្នុងនាម​មន្ទីរ​ទេសចរណ៍​ខេត្ត ស្ទឹងត្រែង​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង ឃុំ​ព្រះ​រំកិល សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​មេត្តា​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ក្រុមហ៊ុន ឬ​អ្នកវិនិយោគ​ដើម្បី​មក​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ​ជួយ​ឱ្យ​ប្រជាជន ដែល​រស់​នៅតាម​បន្ទាត់​ព្រំដែន​មានមុខ​របរ ដើម្បី​ចិញ្ចឹម​គ្រួសារ​តាមរយៈ​ការអភិវឌ្ឍន៍​តំបន់​នោះ​ផង​៕​

09 (1) 09 (2) 09 (3) 09 (4) 09 (5) 09 (6) 09 (7) 09 (8) 09 (9) 09 (10) 09 (11) 09 (12) 09 (13)

 

Leave a Reply

(*) Required, Your email will not be published