ព័ត៌មានស្ដីពីទារកត្រូវបានម្ដាយយកទម្លាក់ចោលក្នុងលូបង្គន់ បានរីកសុះសាយពេញពិភពលោក ក្នុងនោះក៏បានរង្គោះរង្គើដល់កីឡាករ Adrian Mutu ផងដែរ។ អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះ បានបញ្ជាក់ថានឹងយកទារកដែលត្រូវបានគេជួយសង្គ្រោះពីលូបង្គន់នេះ ទៅធ្វើជាកូនចិញ្ចឹម។ទារ ក ដែលមិនទាន់មានឈ្មោះនោះ ត្រូវបានគេរកឃើញថាបានជាប់គាំងនៅក្នុងបំពង់លូបង្គន់នៅក្រោម បន្ទប់ទឹករួមមួយក្នុងអគារស្នាក់នៅមួយកន្លែងនៅខេត្ត Jinhua ប្រទេសចិន កាលពីពុធកន្លងទៅ។ បណ្ដាញផ្សព្វផ្សាយរដ្ឋក្នុងប្រទេសចិន បានបញ្ជាក់ថា ទារកនេះមានបញ្ហាបេះដូងពេលជួយសង្គ្រោះដំបូង ប៉ុន្តែពេលនេះស្ថិតក្នុងស្ថានភាពល្អប្រសើរវិញហើយ។
ក្រោយ កើតហេតុនោះម្ដាយរបស់ទារករងគ្រោះបានចេញមុខមកបញ្ជាក់ថាខ្លួន ធ្វើដាច់ចិត្តធ្វើបែបនេះដោយសារជ្រុលជ្រួសមានផ្ទៃពោះដោយ ចៃដន្យជាមួយបុរសម្នាក់ ហើយនាងមិនមានលទ្ធភាពចិញ្ចឹមកូននោះ។ Mutu បានប្រាប់ស្ថានីយទូរទស្សន៍របស់រ៉ូម៉ានីថា៖ “ខ្ញុំចង់ចិញ្ចឹមទារកនោះ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ សូម្បីតែញ៉ាំអាហារពេលព្រឹក ក្រោយឃើញព័ត៌មានទារកនោះតាមទូរទស្សន៍។ នៅពេលខ្ញុំឃើញ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថាត្រូវយកទារកនោះមកចិញ្ចឹម ព្រោះគាត់ជាកូនដែលត្រូវបានព្រះបញ្ជូនមក”។
កីឡាករ កូនបី វ័យ៣៤ឆ្នាំដែលកំពុងលេងឲ្យក្លិប AC Ajaccio ក្នុងប្រទេសបារាំងរូបនេះ បានបន្ថែមទៀតថា៖ “ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំថានឹងជួយគាត់ (ទារក) យើងនឹងធ្វើអ្វីតាមដែលអាចធ្វើទៅបាន។ ខ្ញុំមិនដែលគិតថាខ្ញុំនឹងយកកូនចិញ្ចឹមនោះទេ ហើយក៏គ្មានផែនការចិញ្ចឹមនោះដែរ ប៉ុន្តែខ្ញុំទើបតែដឹងថាខ្ញុំត្រូវជួយទារកនោះ”។ Mutu បានចូលលេងនៅ Chelsea កាលពីឆ្នាំ២០០៣ ក្រោយផ្ទេរពី Parma ក្នុងតម្លៃ ១៥,៨លានផោន។ លេងនៅ Stamford Bridge បានតែមួយឆ្នាំក៏ត្រូវតោខៀវបញ្ចប់កិច្ចសន្យាដោយសារបញ្ហា សារជាតិញៀន៕