យោងតាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថាន Mckinsey Global ឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាអាចបង្កើនផលិតផលក្នុងស្រុកសរុប៤ដងនៃផលិតផលក្នុងស្រុកបច្ចុប្បន្ននៅក្នុងរយៈពេល២០ឆ្នាំខាងមុខ ប្រសិនបើប្រទេសនេះបង្កើតជម្រើសនយោបាយ និងសេដ្ឋកិច្ចត្រឹមត្រូវ ។ វិទ្យាស្ថាននេះនិយាយថា មីយ៉ាន់ម៉ាស្ថិតនៅក្នុងពេលវេលាមួយសំខាន់ និងមានរឿងច្រើនដែលត្រូវធ្វើ ប៉ុន្តែក៏ជាហានិភ័យខកចិត្តធំចម្បងមួយដែរ ។ បន្ទាប់ពីប្រទេសនេះធ្វើកំណែទម្រង់ប្រជាធិបតេយ្យ និងទីផ្សារជាងពីរឆ្នាំកន្លងមកនេះ បណ្តាវិនិយោគិនជាច្រើនមានសុទិដ្ឋិនិយមដោយនាំគ្នាសម្រុកចូលមកប្រទេសនេះដើម្បីវិនិយោគទុន ។
យោងតាមរបាយការណ៍មួយដែលធ្វើឡើងដោយក្រុមហ៊ុនផ្តល់ប្រឹក្សាគ្រប់គ្រងពិភពលោកឯករាជ្យមានចំណងជើងថា«ពេលវេលារបស់មីយ៉ាន់ម៉ាៈ កាលានុវត្តភាពតែមួយគត់ បញ្ហាប្រឈមធំ» បានគូសបញ្ជាក់ពីអ្វីដែលវិនិយោគិនបានរៀនសូត្រ ។ របាយការណ៍នោះបង្ហាញថា ប្រទេសនេះមានភាពស្មុគស្មាញ ជាពេលវេលាមួយមិនអាចព្យាករបានហើយគេគួរតែកាត់បន្ថយក្តីសង្ឃឹមខ្ពស់ណាមួយជាមួយនឹងហេតុការណ៍និយម ។ ការសិក្សាបង្ហាញពីទ្រព្យសកម្មធនធានធម្មជាតិសំខាន់ ប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ។
មីយ៉ាន់ម៉ាជាប្រទេសអំណាយទានពីធម្មជាតិដែលមានផ្ទៃដីដាំដំណាំបានទី២៥លើពិភពលោក ព្រមទាំងមានកម្លាំងពលកម្មច្រើន ។ ទំហំសេដ្ឋកិច្ចប្រទេសនេះអាចកើនឡើង៤ដងពី៤៥ពាន់លានដុល្លារកាលពីឆ្នាំ២០១០ទៅដល់ជាង២០០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០៣០ ។ វិស័យ៤មានដូចជា វិស័យថាមពល និងរ៉ែ កសិកម្ម ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នឹងរួមចំណែកបានដល់ទៅជាង៨៥%នៃសេដ្ឋកិច្ចជាតិ ។
វិទ្យាស្ថានដដែលបានឲ្យដឹងទៀតថា មីយ៉ាន់ម៉ាចាំបាច់ត្រូវពឹងផ្អែកលើការគាំទ្រជាអន្តរជាតិពីវិនិយោគិន រដ្ឋាភិបាលបរទេស និងអង្គការពហុភាគីដើម្បីមូលធន វិនិយោគ និងពាណិជ្ជកម្ម ។ បណ្តាដៃគូពាក់ព័ន្ធទាំងនោះកំពុងសម្លឹងមើលព្រឹត្តិការណ៍នៅក្នុងប្រទេសនេះយ៉ាងកៀកបន្តទៀត ៕