បើក​គោយន្ត​កន្ត្រៃ​ថយក្រោយ​មិន​ប្រយ័ត្ន​គាប​ក្បាល​កូនប្រុសនឹង​រនូត​ផ្ទះ​ស្លាប់ភ្លាមៗ

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ កុ ​មា​រា​​ម្នាក់ ដែល​មាន​​អាយុ​​ទើប​តែ​​៣​​ឆ្នាំ ត្រូវ​បាន​​ស្លាប់​​គួរ​​ឲ្យ​​សង្វេគ បន្ទាប់​ពី​កុ​មា​រា​​ម្នាក់​​នោះ ត្រូវ​បាន​​ឪ​ពុក​​ដាក់​ឱ្យ​​អង្គុយ​​ក្នុង​​ទ្រុង​​គោ​យន្ត​​កន្ត្រៃ​​​ ម្នាក់​ឯង ហើយ​​បើក​​ ថយក្រោយ​​បម្រុង​​ចេញ​ពី​​ក្រោម​ផ្ទះ ។ ខណៈ​នោះ​​ដោយ​សារ​តែ​​ផ្ទះ​​ទាប​​ពេក ពេល​​កុ​មា​រា​​រង​គ្រោះ​ងើប​ឈរ​​ក៏​​បណ្តាល​ឱ្យ​​បុក​គាប​​​ក្បាល​​ជា​មួយ​ ​ទ្រុង​​គោ​យន្ត​​កន្ត្រៃ​​ផ្នែក​​ខាង​មុខ​​ផ្ទប់​​ទៅ​នឹង​​រនូត​ផ្ទះ បណ្តាល​ឱ្យ​បែក​ហូរឈាម​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​។

 

​បើតាម​រៀបរាប់​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​ខាងលើនេះ​មានឈ្មោះ ហួន បញ្ញា អាយុ​៣​ឆ្នាំ ឪពុក​ឈ្មោះ ហួរ ហួន អាយុ​៣៨​ឆ្នាំ និង​ម្តាយ​​ឈ្មោះ សុខ វណ្ណៈ អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ គ្រួសារ​នេះ​ទើបតែ​មានកូន​ម្នាក់នេះ​គត់ ។ ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃកើតហេតុ ម្តាយ​កុមារា​រងគ្រោះ​កំពុង​ដាំបាយ​ធ្វើ​ម្ហូប​នៅលើផ្ទះ ចំណែក​ឪពុក​របស់គេ​បានរៀបចំ​ខ្លួន​បម្រុង​នឹង​ចុះពីលើផ្ទះ​មក​ខាងក្រោម ដើម្បី​បើក​គោយន្ត​កន្ត្រៃ​ចេញពី​ក្រោមផ្ទះ តែដោយសារ​កូនប្រុស​របស់គាត់​យំ​តាម ទើប​លើក​ពកូន​ប្រុស​ចុះមក​ក្រោមផ្ទះ​ជាមួយ​ដែរ ។​

 

​មុនពេល​ទៅ​បញ្ឆេះ​គោយន្ត បុរស​ជា​ឪពុក​បាន​លើក​កូនប្រុស​ដាក់ឱ្យ​អង្គុយ​នៅក្នុង​ទ្រុង​ផ្នែក​ ខាងក្រោយ ប៉ុន្តែ​ជា​អកុសល ពេល​បើក​គោយន្ត​ថយ​ក្រោយ​​​ចេញពី​ក្រោមផ្ទះ កូនប្រុស​តូច​របស់គាត់​បាន​ងើបឈរ​តោង​ទ្រុង​គោយន្ត​ខាងមុខ ទើប​បណ្តាលឱ្យ​គាប​ក្បាល​នឹង​រនូត​ផ្ទះ លុះ​ឪពុក​ងាក​បែរ​ក្រោយ​មើល​ក៏​ឃើញ​កូនប្រុស​របស់ខ្លួន​បែកក្បាល​ហូរឈាម គួរឱ្យ​សង្វេគ​បាត់ទៅហើយ ។ ខណៈ​ឃើញ​ដូច្នេះ​ឪពុក​ក៏​ស្រឡាំងកាំង​ស្ទើរតែ​និយាយ​មិន​​ចេញ ទើប​ខំ​ស្រែកហៅ​គេឯង​ឱ្យមក​ជួយ​មើល និង​លើក​បីកូន​ដាក់​លើ​ម៉ូតូ​ប្រញាប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ភ្នំ​ព្រាល តែដោយសារ​របួសធ្ងន់​ពេក កូនប្រុស​តូច​រូបនេះ​ក៏​ស្លាប់​នៅតាម​ផ្លូវ​តែម្តង ។​

 

​បច្ចុប្បន្ន​សាកសព​រប​ស់​កុមារា​រងគ្រោះ​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៅផ្ទះ​។​នេះ​ជា​មេរៀន ​មួយ​សម្រាប់​អា​ណា​ព្យា​បាល​​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​ចំពោះ​សុវត្ថិភាព​របស់​កូនតូច​នោះទេ ចៀសវាង​មានការ​សោកស្តាយ​នៅពេល​ក្រោយ​៕

w

w1

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published