រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចោមរោម ព័ទ្ធចាប់ប្រគល់ ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្តាលទី១ បន្ទាប់ពីពួកគេបានជិះម៉ូតូធ្វើសកម្មភាពឆក់យក
ទូរស័ព្ទ ដៃម៉ាក Iphone 5 នៅចំណុចហាងឃីវីម៉ាត កាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅអាសយដ្ឋានលេខ២៦E0 នៅកែងផ្លូវលេខ១១០ និងលេខ៥ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះម្នាក់ឈ្មោះ សុក ទី ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់នេះស្នាក់នៅមិនពិតប្រាកដ ។បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ យូ ដាលីន ភេទស្រី អាយុ២៥ឆ្នាំ ជាបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះលេខ៥ ផ្លូវ លេខ៣ ភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានឲ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោងង១០ និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ នាងបានចេញពីកន្លែងធ្វើការមកម្តុំផ្លូវលេខ៥កែងផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ហើយឈរនៅមុខហាងឃីវីម៉ាតរួចយកទូរស័ព្ទដៃម៉ាក Iphone 5 ពណ៌ស មកថតរូបខ្លួនឯង ។ ខណៈនោះស្រាប់តែមានមនុស្សប្រុសពីរនាក់បើកម៉ូតូមកឈប់ក្បែរ ហើយជនម្នាក់ដែលជិះពីក្រោយបានឆក់យកទូរស័ព្ទដៃរបស់នាងរួច រត់ឡើងជិះម៉ូតូ ក៏ប៉ុន្តែត្រូវបានសន្តិសុខយាមហាងឃ័វីម៉ាតជួយអន្តរាគមន៍ ធាក់ម៉ូតូជនសង្ស័យបណ្តាលឲ្យដួលកណ្តាលថ្នល់ ។
បន្ទាប់ពីកើតហេតុជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូន ពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ប្រភព វត្តភ្នំ