កូរ៉េខាងជើង​បានប្រកាស​ត្រៀមខ្លួន​ដើម្បី​ធានា​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ

, , Leave a comment

នៅក្នុង​កិច្ចសន្ទនា​នោះ លោក​ប្រេសិត​ពិសេស​របស់លោក​គីម ជុង​អ៊ុន​កា​ពី​ល​ថ្ងៃ​សុក្រ ទី​២៤ ឧសភា​បានបញ្ជាក់​ប្រាប់​លោក​ស៊ី ជីន​ពីង​ថា កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ចាត់វិធាន ការ​ប្រកបដោយ វិជ្ជមាន​ក្នុងការ​រក្សា​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ ជាមួយគ្នានេះ លោក​ប្រេសិត​ពិសេស​រូបនោះ​ក៏បាន​ប្រគល់​សំបុត្រ​មួយច្បាប់​របស់លោក​គីម ជុន​អ៊ុន​ទៅ​ឲ្យ​លោក​ស៊ី​ជីន​ពីង​ផងដែរ​។​


​បើតាម​មើលទៅ គ្មាន​ថ្ងៃ​ណាមួយ​ដែល​គេ​អាច​ដឹង​អំពី​ខ្លឹមសារ​នៅក្នុង​សំបុត្រ​ដែល អគ្គ​មគ្គុទ្ទេសក៍​កូរ៉េខាងជើង​គីម ជុង​អ៊ុន​បាន​សរសេរ​ជូន​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​នោះឡើយ​។ អ្វីដែល​គេ​ដឹង​តាមរយៈ​ប្រេសិត​ពិសេស​របស់លោក​គីម ជុន​អ៊ុន​នោះ គឺ​គោលជំហរ​របស់​កូរ៉េខាងជើង​ចំពោះ​វិបត្តិ​នៅក្នុង​ឧបទ្វីប​កូរ៉េ ប​ច្ចុ​ប​ប្បន្ន​។ នៅក្នុង​ជំនួប​ជាមួយ​លោក​ប្រមុខរដ្ឋ​ចិន​ស៊ី ជីន​ពីង ប្រេសិត​ពិសេស​របស់លោក​គីម ជុន​អ៊ុន​បាន​ថ្លែងថា កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​រួមសហការ​ជាមួយ​បណ្តា ប្រទេស​ផ្សេងទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​សំណុំរឿង នុយក្លេអ៊ែរ​។ តាម​រូបលោក​ប្រេសិត​ពិសេស ការដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​នឹង​អាច​ធ្វើឡើង​តាមរយៈ​ការផ្តើម​បើក កិច្ចចរចា ៦​ភាគី​ជាថ្មី​ដូចដែល​ធ្លាប់​បានធ្វើ​កន្លងមក ឬមួយ​ក៏​តាម​រូបភាព​នៃ​កិច្ចសន្ទនា​ផ្សេងៗ​ទៀត​។​


 
​ជាការ​ឆ្លើយតប​វិញ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​បាន​បញ្ជាក់ថា ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ គឺជា​សេចក្តីប្រាថ្នា​រួម និង​ជា​និន្នាការ​មួយ​ដែល​មិនអាច​ខ្វះ​បាន​។ លោក​ស៊ី ជីន​ពីង​បាន​បន្ថែមថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែកំណត់​ក​ម្ម​វត្ថុ​រួម គឺ​គ្មាន​នុយក្លេអ៊ែរ​។ ទន្ទឹមគ្នានេះ លោក​ប្រមុខរដ្ឋ​ចិន​ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា គ្រប់ភាគី​ទាំងអស់​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នុយ​ក្លែ​អ៊ែរ កូរ៉េខាងជើង​ពិតជា​រក្សា​ភាព​ស្ងាប់​ស្ងាត់ និង​មានការ​អត់ធ្មត់​ដើម្បី​ឈានទៅ​បើក​កិច្ចចរចា ៦​ភាគី​ជាថ្មី​នៅ​ថ្ងៃ​ខាងមុខ​។ រីឯ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​វិញ​បានបញ្ជាក់​ដោយ​ក្តី​សង្ឃឹមថា ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​របស់លោក​គីម ជុន​អ៊ុន​ក្នុងប្រទេស​ចិន​ពេលនេះ នឹង​អនុញ្ញាត​ឲ្យ​មានការ​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ ពិសេស​គឺ​ការរំសាយ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​ទាំងមូល​។​


 
​គួរ​ជម្រាបជូន​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​គីម ជុន​អ៊ុន​បាន​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​លោក​ទៅកាន់​ប្រទេស​ចិន ព្រោះថា ចាប់តាំងពី​លោក​បាន​ឡើងកាន់​អំណាច​បន្ត​ពី​ឪពុក​មក រូបលោក​មិនដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ហើយក៏​មិនដែល​មានការ​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ណា​ម្នាក់​ទៅ​ចិន​ដែរ​។ ម្យ៉ាងទៀត ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​របស់លោក​គីម ជុង​អ៊ុន​បានធ្វើ​ឡើង ចំពេល​ដែល​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​កំពុង​ស្ថិតក្នុង​ភាព រកាំរកូស​ខ្លាំង​។ ទីក្រុង​ព្យុងយ៉ាង និង​ប៉េកាំង​ចាប់ផ្តើម​មើលមុខ​គ្នា​មិន​ចំ នៅក្រោយ​ពេលដែល​ក្រុង​ព្យុងយ៉ាង​បានធ្វើ​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ កាលណោះ ប៉េកាំង​ក៏បាន​ចូលរួម​ជាមួយ​អាមេរិក បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង​ដែរ​។​


 
​បន្ទាប់មក ភាពចម្រូងចម្រាស​មួយទៀត​រវាង​ចិន និង​កូរ៉េខាងជើង គឺ​ទាក់ទង​នឹង​ការចាប់​ជម្រិត​អ្នកនេសាទ​ចិន ១៦​នាក់ ដោយ​ក្រុម​ជនប្រដាប់អាវុធ​កូរ៉េខាងជើង កាលពី​ពីរ​សប្តាហ៍​មុន និង​ដែល​កូរ៉េខាងជើង​សុខចិត្ត​ដោះលែង​វិញ ក្រោយពី​មានការ​តវ៉ា​ទាមទារ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕

fgf

 

Leave a Reply

(*) Required, Your email will not be published