បុគ្គលិក​ហាង​ម៉ាស្សា​ជាង​១០០​នាក់ ផ្ទុះ​កំហឹង​ផ្អើល​ក្រុង​សៀមរាប ដោយសា​ថៅកែ កូរ៉េ ដោះ​ស្បែកជើង​គប់​ក្បាល​ពួកគេ​

, , Leave a comment

​ខេត្តសៀមរាប ៖ បុគ្គលិក​បំរើការ​ក្នុង​ហាង​ម៉ាស្សា យីហោ អាយ​ស៌​ស្ប៉ា ប្រមាណ​១៣០​នាក់ បាន​ផ្ទុះ​កំហឹង​នាំគ្នា​ឡោមព័ទ្ធ​ហាង​បំ​រ៉ុង​ឃាត់ខ្លួន​ថៅកែ ប្រគល់​ឲ្យ​ប៉ូលិស ធ្វើ​ឲ្យ​ផ្អើល​ក្រុង​ទាំងយប់ បន្ទាប់ពី​ថៅកែ​ហាង​ជា​ជនជាតិ​កូរ៉េ ដោះ​ស្បែកជើង​គប់​ក្បាល​ពួកគេ​។ តែ​ស្ថាន​ការ​បាន​ស្ងប់​ទៅវិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ពេល​ប៉ូលិស​ទៅ​ឃាត់ខ្លួន ថៅកែ​នោះបាន​មុន ហើយ​ប្រាប់​ពួកគេ​ឲ្យ​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។​


 ហេតុការណ៍​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​នេះ បានកើត​ឡើង​នៅ​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​២៤​ខែ ឧសភា ឆ្នាំ​២០១៣ នៅក្នុង​ហាង​ម៉ាស្សា​យីហោ អាយ​ស៌​ស្ប៉ា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងកើត​ភូមិ​វប្ប​ធ​ម៏ កម្ពុជា​ប្រហែល​៣០០​ម៉ែត្រ​។​
    


 ថៅកែ​ហាង​ម៉ាស្សា​ខាងលើ មានឈ្មោះ​ស៊ុន អិន​ស៊ូ (son insoo)​ប្រុស​អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​កូរ៉េ ជន​រូប នេះ​បាន​ដោះ​ស្បែកជើង ដែល​ខ្លួន​កំពុង​ពាក់​ទៅ​គប់​ក្បាល​ក្រុម​បុគ្គលិក​របស់ខ្លួន ជា​ជនជាតិខ្មែរ ដែល​ពួកគាត់ កំពុង​ត្រៀមខ្លួន​ចាំ ម៉ាស្សា​ឲ្យ​ភ្ញៀវ​។ ចំណែក​ជនរងគ្រោះ​ដែល​រង​ការវាយប្រហារ​ពី​ថៅកែ ៤​នាក់​ក្នុងចំណោម ជាង​១០០​នាក់ ទី​១​ឈ្មោះ​ហ៊ី​ន ឆាយ​ឡាយ ប្រុស​អាយុ​១៩​ឆ្នាំ ទី​២​ឈ្មោះ​ហឿន ហ៊ីម ប្រុស ទី​៣​ឈ្មោះ​យ៉ាន់ ភា​រុន​ប្រុស និង​ទី​៤​ឈ្មោះ​ឡាយ គុ​ន្ធី ស្រី​។​
    


​នៅមុខ​ស្នងការ​នគរបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៥​ឧសភា ដែលមាន​វត្តមាន​ថៅកែ​ហាង និង​ស្ថានទូត​កូរ៉េ​ផង​ក្រុម​បុគ្គលិក​បាន​រៀបរាប់ថា ពួកគាត់​មក​ដាក់ពាក្យ​បណ្តឹងទាមទារ​ពីរ​ចំណុច ទី​១ ឲ្យ​ថៅកែ​ជា​ជនជាតិ កូរ៉េ សុំទោស​ចំពោះមុខ​បុគ្គលិក​ទាំងអស់ និង​ទី​២​ទាមទារ​ឲ្យ​ថៅកែ​សងជំងឺចិត្ត ៤០០០ ដុល្លារ​ទៅ​ជនរងគ្រោះ ៤​នាក់​។ ក្នុងករណី​ថៅកែ​មិន​ទទួលយក​ទេ ពួកគាត់​នឹង​ប្តឹង​បន្តទៅ​តុលាការ​ទៀត​។ ពួកគាត់​បន្តថា ដើមចម​ដែល​ធ្វើ​ឲ្យ​មានរឿង​កើតឡើង ថៅកែ​បាន​ហៅ​ពួកគាត់​១៥​នាក់​ឲ្យ​ត្រៀមខ្លួន​ចាំ​ម៉ាស្សា​ឲ្យ​ភ្ញៀវ ក្នុងខណៈដែល​ភ្ញៀវ​ពុំទាន់​មកដល់ ពួកគាត់​ខ្លះ​ទម្រេត​ខ្លួន​លើ​កៅអី ខ្លះ​នៅ​អង្គុយ​ជាធម្មតា ប៉ុន្តែ​ថៅកែ​ដ៏​គ្មាន​មនុស្សធម៌ បែរជា​ដើរមក​ដោះ​ស្បែកជើង​គប់​ក្បាល​ពួកគាត់ បណ្តាល​ឲ្យ​មនុស្ស​៤​រងរបួស​។​


    
 ក្រុម​បុគ្គលិក​បន្តថា ក្រោយ​ឃើញ​ថៅកែ​ធ្វើ​ទង្វើ​បែប​គ្មាន​មនុស្សធម៌​យ៉ាងនេះ ពួកគាត់​ក៏​ផ្ទុះ​កំហឹង​ហើយ ឡោមព័ទ្ធ​បំ​រ៉ុង​ឃាត់ខ្លួន​ថៅកែ​នោះ​ប្រគល់​ឲ្យ​ប៉ូលិស តែ​សំណាងល្អ​ប៉ូលិស​មកឃាត់​បាន​មុន​។ តាម​ការពិត ថៅកែ​រូបនេះ ធ្លាប់​បញ្ចេញ​សកម្មភាព​បែបនេះ​ច្រើនដង​ហើយ តែ​ពួកគាត់​ខំ​នាំគ្នា​ស៊ូទ្រាំ ព្រោះ​ដើម្បី​ការងារ​។ តែ​ពេលនេះ​ប្រសិនបើ ពុំមាន​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ពួកគាត់​មិន​បញ្ចប់​ឡើយ​។​


    
 នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល លោក​វរសេនីយ៍ត្រី យិន សូ បាន​ឲ្យ​ដឹងថា ក្នុងពេល​កើតហេតុ​កម្លាំង​របស់លោក និង​ប៉ូលីស​អន្តោ​ន​ប្រវេ​ស្តន៍​បាន​ចុះទៅ​ដល់ ដោយបាន​នាំ​ថៅកែ​ហាង​ទៅ​ស្នងការ​ភ្លាមៗ និង​បាន​សម្រួល​ស្ថាន​ការ ឲ្យ​ស្ងប់​ទៅវិញ​ផងដែរ​។ លោក​បន្តថា ក្រោយពេល​សួរនាំ​នា​ព្រឹក​ថ្ងៃទី​២៥ ឧសភា​បុរស​ជនជាតិ​កូរ៉េ បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​ដូច្នេះ​មែន ដោយសា​តែ​គេ​ខឹង​ខ្លាំងពេក​។​


    
​លោក​វរ​សេនី​យ៏​ត្រី ឲ្យ​ដឹង​ទៀតថា នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រុម​បុគ្គលិក​បាន​ប្តឹង​ថៅកែ​រូបនោះ ពីបទ​ហឹ​ង្សា ដោយ​ចេតនា និង​ទាមទារ​ពីរ​ចំណុច ទី​១​ឲ្យ​ថៅកែ​សុំទោស​ចំពោះ​បុគ្គលិក​ទាំងអស់ ទី​២​ទាម​ទារជំងឺចិត្ត ៤០០០ ដុល្លារ​សម្រាប់​ជនរងគ្រោះ​៤​នាក់​។​


    
​លោក​នាយរង​បញ្ជាក់ ចុងក្រោយ​នៅ​រសៀល​ថ្ងៃ​ដដែល​ថា រឿង​ដែល​កើតឡើង​បានបញ្ចប់​ហើយ ពួកគេ​បាន​វិល​ទៅធ្វើ​ការ​រៀងខ្លួន​វិញ ដោយ​ថៅកែ​ហាង​ព្រម​សុំទោស​បុគ្គលិក​ទាំងអស់ ហើយ​ជនរងគ្រោះ​៤​នាក់ ព្រម​ទទួល​ប្រាក់​សំណង ១៥០០ ដុល្លារ​៕

gfgg

 

Leave a Reply

(*) Required, Your email will not be published