សួន​​ កម្សាន្ត​​ឌ្រីម​​លែន​ឌ៍​បង្ក​​​គ្រោះ​ថ្នាក់​​ដល់​​ភ្ញៀវ​​ញឹក​ញាប់ ល្មម​​ដល់​ពេល​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ​ចុះ​​ផ្អាក​​អា​ជី​វ​កម្ម​ហើយ​

, , Leave a comment

រាជធានីភ្នំពេញ ៖ មាន ​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​​បាន​កើត​​ឡើង ដោយ​សា​រ​​តែ​មាន​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​​ឧប​ករណ៍​​កម្សាន្ត (​ទ្វី​ន​ទ្វី​ស​ស្ទ័​រ ) នៅក្នុង​សួនកម្សាន្ត ឌ្រី​ម​លែ​ន​ឌ៍ ដែល​មាន​​ទី​តាំងនៅ​​ទល់​មុខ​​កាស៊ីណូ​ណាហ្គា​វើ​ល ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ ។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ភ្ញៀវ​ទេស​ចរ​មួយ​ក្រុមដែល​មាន​ជនជាតិ​ខ្មែរ​​​ និង​បរទេស ដែលជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​អង្គការ​អែន​ស៊ូ​ស៊ី បាននាំគ្នា​មកលេង​កម្សាន្ត​នៅ​ទីនោះ។ ពេលនោះ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ឈ្មោះ​ គឹម គង្គា អាយុ​៣០​ឆ្នាំ ជា​អ្នកមើល​ក្មេង​នៅ​ក្នុង​អង្គការ​នោះ បាន​ធ្លាក់​ពីលើ​ឧបករណ៍​កម្សាន្ត (​ទ្វី​ន​ទ្វី​ស​ស្ទ័​រ ) ដែលមាន​កម្ពស់​ជាង​១០​ម៉ែត្រ ហើយ​បាន​​បណ្តា​ល​ឲ្យ​​ស្លាប់​បាត់​​បង់ជីវិត​នៅ​មន្ទីរពេទ្យ​។ ប្រភព​ដដែល​បាន​បន្ត​ទៀតថា ជនបរទេស​និង​ជនជាតិខ្មែរ​ម្នាក់ទៀត​ក៏បាន​រងរបួស​ធ្ងន់ធ្ង​រ​កំពុងតែ​ស្ថិត​ ក្នុង​​ការជួយ​សង្គ្រោះបន្ទាន់​ផងដែរ​។ មានការ​បញ្ជាក់បន្ថែម​ទៀតថា ខណៈដែល​ស្ត្រី​រងគ្រោះ​កំពុងតែ​ជិះ​ក្នុង​ឧបករណ៍​កម្សាន្ត​នោះ ទ្វារ​ក៏​ចាប់ផ្តើម​របើក​ឡើង បណ្តាល​ឲ្យ​ធ្លាក់​ស្ដ្រី​រងគ្រោះ​មកក្រោម​។​

 

​ក្រោយពេល​កើតហេតុ​គឺ​ខាង​ភាគី​គ្រប់គ្រង​មណ្ឌល​កម្សាន្ដ​មួយ​នេះ បាន​ព្យាយាម​បិទបាំង​ព័ត៌​មាន មិន​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ចូលធ្វើ​កំ​ណត់​ហេតុ​នោះទេ ហើយ​ថែម​បាន​សុំ​ឲ្យ​គ្រួសារ​របស់​ជនរងគ្រោះ​កុំ​និយាយ​អ្វី​ឲ្យ​កាសែត​ បានដឹង​ថែម​ទៀតផង​។ គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​ករណី​​ទី​១​ទេ ដែល​បាន​កើតឡើង​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​នេះ គឺ​ធ្លាប់មាន​ករណី​ដែល​ស្រដៀង​គ្នា​នេះ​បានកើត​ឡើងជា​ច្រើនដង​មកហើយ ដូចជា​រយៈ​ពេល​​​ប៉ុន្មាន​ខែ​មុ​នេះ មាន​ករណី​ឆក់​ខ្សែភ្លើង បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ជាច្រើន ប៉ុន្តែ​ខាង​ថៅកែ និង​អ្នកគ្រប់គ្រង​នៅ​ទី​នោះបាន​បិទបាំង​យ៉ាង​ល្អ​មិន​​ឲ្យ​លេចឮ​ខ្ចរខ្ចាយ​ ព័ត៌មាន​ខាងក្រៅ​នោះទេ​។​

 

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បានធ្វើការ​រិះគន់​យ៉ាង​ធ្ងន់ៗ​ចំពោះ​ខាង​ភាគី​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ ដែល​គ្មាន​ភាព​ទទួល​ខុស​​ត្រូវចំ​ពោះ​សុវត្ថិភាពរបស់​ភ្ញៀវ​ដែល​ចូលទៅ​ កម្សាន្ត​នៅ​ទី​នោះឡើយ គឺ​ចេះតែ​លក់​សំបុត្រ​យកលុយ​តែប៉ុណ្ណោះ​។ ចំណែកឯ​ប្រជាពលរដ្ឋ​មួយ​ចំ​នួន​ទៀត​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពួកគាត់​ក៏ធ្លាប់បាន​បាត់​កាបូប និង​សម្ភារៈ​មានតម្លៃ​ជាច្រើន​ទៀត​ខណៈពេលដែល​ចូល​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​។ នេះ​​គឺជា​មេរៀន​មួយ​សម្រាប់​បងប្អូន​ដទៃទៀត ដែល​ចង់​ទៅលេង​កម្សាន្ត​នៅ​ទីនោះ សូម​ឲ្យមានការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិ​ផ្ទាល់ខ្លួន​ផង ព្រោះ​ខាង​អ្នក​គ្រប់គ្រង​ទីនោះ​មិនបាន​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​ ប្រជាពលរដ្ឋ​ដែល​បាន​ចូលទៅ​កម្សាន្ត​នោះទេ​៕

1

292980_371321209656042_502279990_n

 

Leave a Reply

(*) Required, Your email will not be published