ខឹង​ម្តាយមីង​អស់​រយៈពេល ៤ ឆ្នាំ ក្មួយប្រុស​រក​ឱកាសល្អ​ស្ទាក់​កាប់​ជាច្រើន​កាំបិត​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត​

, , Leave a comment

​ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ដែល​ជិះ​កង់​មក​ផ្សារ​តានី ស្រុក​អង្គរជ័យ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ស្ទាក់​កាប់​ត្រូវ ជាច្រើន​កាំបិត​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៦ឧសភា​កន្លងមក​នោះ ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​នគរបាល​ស្រុក​សហការ ជាមួយ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្រាវ ជ្រាវ​វែកមុខ​រកឃើញ​ហើយ គឺ​ជនសង្ស័យ​ជា​ឃាតករ​នោះ​ត្រូវជា ក្មួយប្រុស​របស់​ស្ត្រី​រងគ្រោះ ហើយ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២០ ឧសភា ។​


​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ការ សម្លាប់​ស្ត្រី​ឈ្មោះ ពៅ អ៊ុត អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ​នោះ​គឺ​ឈ្មោះ យុង មីនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ។ មន្ត្រីនគរបាល​បន្តទៀត​ថា បើតាម​សម្តី​របស់​ជនសង្ស័យ​បាន​សារភាពថា រូបគេ​បាន​ខឹង​នឹង​ម្តាយមីង​កាលពី​៤​ឆ្នាំមុន កាលនោះ​ម្តាយបង្កើត​របស់គេ មាន​ជំងឺ​ឈឺ​ធ្ងន់ ក៏​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ហើយ​ម្តាយមីង​រូបនេះ​បាន​ទៅ ថែទាំ​មើល​ម្តាយ​ខ្លួន​នៅ​មន្ទីរពេទ្យ ហើយ​បាន​ជេរ​និង​វាយ​ធ្វើបាប​រូបគេ​។​


​ឃាតករ​ជា​ក្មួយ​រូបនេះ​បាន​សារភាព​បន្តថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មីង ពៅ អ៊ុត បាន​បាត់​លុយ​ជិត​៥០​ម៉ឺន​រៀល ហើយ​បាន​ចោទប្រកាន់ថា​ក្រុមគ្រួសារ​របស់គេ​ជា​អ្នក​លួច​លុយ​គាត់ ។ ចាប់តាំងពី​ពេលនោះ​មក រូបគេ​បាន​ចងគំនុំ​ជាប់​នៅក្នុង​ខ្លួន​រហូតមក លុះ​មកដល់​ថ្ងៃកើតហេតុ នា​វេលា​ម៉ោង​៤​ទៀបភ្លឺ រូបគេ​ជា​ក្មួយ​បានឃើញ​ម្តាយមីង​ជិះ​កង់​ទៅ​ផ្សារ​តានី នៅពេល​ឃើញ​ឱកាសល្អ​ខ្លួន​ក៏បាន​យក​កាំបិតផ្គាក់​មួយ​ទៅ​ពូន​ចាំ​នៅក្នុង​គុម្ពោត​ព្រៃ ។ នៅពេល​ម្តាយមីង​ជិះ​កង់​មកដល់​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង គេ​ក៏​ស្ទុះ​មក​កាប់​សំដៅទៅ​ត្រូវ​ម្តាយមីង​បណ្តាលឱ្យ​ដួល ហើយ​គេ​ក៏​កាប់​បន្ថែមទៀត បន្ទាប់មក​គេ​ក៏​ត្រឡប់ទៅផ្ទះ​ហើយ​យក​កាំបិត​ទៅ​ទុក​នៅក្នុង​ផ្ទះ​វិញ ។​


​នៅពេល​ចាប់ខ្លួន ឃាតករ​ជា​ក្មួយ​នេះ​បានបង្ហាញ​កាំបិត​ដែល​ខ្លួន​បាន​កាប់សម្លាប់ ។ ទោះជា​បែបណា នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២១ ឧសភា បាន​នាំ​ជនសង្ស័យ​ទៅ​បង្ហាញ​ទីតាំង​សម្លាប់ និង​ប្រមូល​វត្ថុតាង​ផ្សេងៗ​ទៀត​សម្រាប់ ធ្វើជា​ភស្តុតាង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

24

 

Leave a Reply

(*) Required, Your email will not be published