គ្រូ Dortmund ខូចចិត្ត​ត្បិត Kagawa អត់​សូវ​បាន​លេង​នៅ Man Utd

, , Leave a comment

​គ្រូបង្វឹក​ក្រុម Borussia Dortmund លោក Jurgen Klopp បានបង្ហាញ​អារម្មណ៍​ពិត​ថា លោក​ពិតជា​ខូចចិត្ត​រហូត​ស្រក់​ទឹកភ្នែក នៅពេល​កីឡាករ​សំណព្វចិត្ត Shinji Kagawa មិនសូវ​បាន​ចូល​លេង​នៅ​ក្លិប​បិសាច​ក្រហម Manchester United​។​


Klopp បាន​នាំយក Kagawa មកកាន់​តំបន់​អឺរ៉ុប​ពី​ក្លិប Cerezo Osaka ក្នុងតម្លៃ​ត្រឹមតែ ៣៥​ម៉ឺន​អឺរ៉ូ (​ជាង​៤៥​ម៉ឺន​ដុល្លារ​) ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១០​។ ប៉ុន្តែ​កីឡាករ​អន្តរជាតិ​ជប៉ុន​រូបនេះ​បាន​ប្រែខ្លួន​ជា​កីឡាករ​ដ៏​មុត ស្រួច​ម្នាក់​នៅ​ក្លិប Dortmund ក៏ដូចជា​នៅ​ទ្វីបអឺរ៉ុប​ទាំងមូល ពោលគឺ​បាន​ជួយ​រួមចំណែក​ឲ្យ ក្លិប​នេះ​ឈ្នះ​ពាន​លី​ក​កំពូល​អាល្លឺម៉ង់​២​រដូវ​កាល​ជាប់​គ្នា​។​


 
​យ៉ាង ណា​ក្ដី ក្រោយពេល​បិសាច​ក្រហម​ទិញ​កីឡាករ​វ័យ​២៤​ឆ្នាំនេះ​ក្នុងតម្លៃ​១៧​លាន​ផោន (​ជាង​២៥​លាន​ដុល្លារ​) កាលពីដើម​រដូវ​កាល​មុន លោក Sir Alex Ferguson មិនសូវ​បាន​ប្រើ Kagawa ក្នុង​ឈុត​១១​នាក់​ដំបូង​ជាប្រចាំ​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក Jurgen Klopp ខកចិត្ត​ក្រៃ​។​


 អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ បាន​និយាយថា​៖ “Shinji Kagawa គឺជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​លោក ប៉ុន្តែ​ឥលូវ​គាត់​លេង​បាន​២០​នាទី​នៅ Manchester United ហើយ​នៅ​ស្លាប​ឆ្វេង​! បេះដូង​ខ្ញុំ​ស្ទើរ​បែក​ជា​ពីរ​។ ពិតណាស់ ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក​ដោយសារ​រឿងនេះ​”​។​


​លោក Klopp បាន​បន្តទៀតថា​៖ “​បម្រើ​កណ្ដាល គឺជា​តំណែង​ដ៏​ល្អ​បំផុត​របស់ Shinji​។ គាត់​គឺជា​ខ្សែបម្រើ​ដ៏​ល្អ​ម្នាក់ ដែល​អាច​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​។ ប៉ុន្តែ​ជនជាតិ​ជប៉ុន​ភាគច្រើន គិតថា​លេង​នៅ Man Utd មានន័យ​ជាង​លេង​នៅ Dortmund​។ នៅពេល​គាត់​ចាកចេញ គាត់ និង​ខ្ញុំ​បាន​យំ​ឱប​គ្នា​អស់​រយៈពេល​ដល់​ទៅ​២០​នាទី​”​។​
 
 Kagawa បាន​រងរបួស​អស់​ជាង​២​ខែ​នៅ Old Trafford និង​បាន​បង្ហាញខ្លួន​បាន​២២​ប្រកួត​នៅក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៦​គ្រាប់ គិត​ទាំង​ការធ្វើ​បាន​ហ៊ែ​ត​ទ្រី​ក ពេល Man Utd ប៉ះ Norwich កាលពី​ខែមីនា​៕

15

 

Leave a Reply

(*) Required, Your email will not be published