ញឹម ចាន់ថន កំណត់ព្រំដែន​សិច​ស៊ី

, , Leave a comment

​បើ ទោះជា​អ្នកផ្សេង​យល់ថា ខ្លួន​ជាតា​រា​សិច​ស៊ី​មួយ​ដួង តារា​សម្ដែង នាង ញឹម ចាន់ថន មិន​ព្រម​ទទួលយក​ការចាត់​ថ្នាក់​នេះឡើយ ដោយ​លើក​សម្អាងថា ភាព​សិច​ស៊ី​របស់​នាង មាន​ដែន​កំណត់ មិន​សមជា​តារា​សិច​ស៊ី​មួយ​ដួង​ឡើយ​។​
 
​និយាយ​បែបនេះ ញឹម ចាន់ថន ប្រាប់ថា ខ្លាច​ការចាត់​ថ្នាក់​រប​ស់​ទស្សនិកជន ជាការ​ចាត់ថ្នាក់​ខុស ជាហេតុ​នាំ​ឲ្យ​មានការ​ឃ្លាំមើល​ជាទូទៅ​លើ​ការ​ស្លៀកពាក់​របស់​នាង​។ តារាចម្រៀង​ដែល​វិវឌ្ឍន៍​មកជា​តារា​សម្ដែង​រូបនេះ ប្រាប់ថា ម្ដងម្កាល នាង​ហ៊ាន​បង្ហាញ​ភាព​សិច​ស៊ី​មែន ប៉ុន្តែ​គឺ​បានតែ​ក្នុង​កម្មវិធី​ឯកជន​ប៉ុណ្ណោះ​។ រីឯ​កម្មវិធី​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​វិញ គឺ​នាង​មិន​ហ៊ាន​សិច​ស៊ី​ហួសហេតុ​នោះទេ​។​


​ញឹម ចាន់ថន បន្ថែមថា “​ខ្ញុំ​មិនដែល​គិតថា ខ្លួនឯង​ជាតា​រា​សិច​ស៊ី​អី​នោះទេ ម្យ៉ាង ការ​ស្លៀកពាក់​របស់ខ្ញុំ ខ្ញុំ​អាច​ដឹងថា ប៉ុណ្ណា​សម ប៉ុណ្ណា​ល្មម មិន​ហួសហេតុ និង​មិន​ស្លៀកពាក់​ប្រាសចាក​កម្មវិធី​នោះទេ បើ​មិន​ដូច្នោះ គេ​នឹង​ថា យើង​ស្រែ​ង៉ោង​ហើយ​!”​។​


​តារា​សម្ដែង​ដែល​ចូល ចិត្ត​សម្ញែង​ដើមទ្រូង​រូបនេះ អះអាងថា ប្រសិនបើ​ឡើង​កម្មវិធី​ទូរទស្សន៍ នាង​មិនដែល​ហ៊ាន​ស្លៀកពាក់​អ្វី​សិច​ស៊ី​ហួសហេតុ​នោះទេ ព្រោះ​នាង​ខ្លាច ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​។ ម្យ៉ាង នាង​បានឃើញ​គំរូ​សិល្បករ​មួយចំនួន​ហើយ​។​


​យ៉ាងណាក៏ដោយ នាង ញឹម ចាន់ថន បន្តថា ជា​សិល្បករ​មួយរូប មិនអាច​មិន​ហ៊ាន​និយាយ ឬ​មិន​ហ៊ាន​បង្ហាញ​ពីអ្វី​ដែល​ខ្លួនឯង​មាន​នោះទេ​។ នាង បញ្ជាក់ “​យើង​មាន​របស់​ល្អ បើ​មិន​ហ៊ាន​បង្ហាញ​គេ គឺជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ប៉ុន្តែ​ក៏​បង្ហាញ​ទៅតាម​កម្មវិធី និង​មិន​ហួសហេតុ​ពេក​នោះដែរ ដូច​ប្រាប់​ពី​ខាងលើ​អីចឹង​”​។​


​វិល​មក​ការងារ​សិល្បៈ​វិញ ញឹម ចាន់ថន បាន​ឲ្យ​ដឹងថា សព្វថ្ងៃ នាង​កំពុង​មមាញឹក​ថត​ខ្សែភាពយន្ត​ភាគ ឲ្យ​ទូរទស្សន៍ My Tv ក្នុង​រឿង “​សន្យា​” ដែល​នាង​សម្តែង​ជា​តួអង្គ​ឆ្នាសឆ្នើម​។ ខ្សែភាពយន្ត​នេះ ថត​បាន ៤០​ភាគរយ​ហើយ ហើយ​គ្រោង​ចាក់​បញ្ចាំង​នៅ​ខែមិថុនា ឆ្នាំ​២០១៣ ខាងមុខ​។​


​ដោយសារ តែ​ជាប់​កុងត្រា​ថត​ខ្សែ​រឿង​ភាគ “​សន្យា​” នេះ​ចំនួន​មួយឆ្នាំ ទើប​នាង​បាន​បង្ខំចិត្ត​បោះបង់​ឱកាស​ចេញទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក និង​បារាំង កាលពី​ខែមីនា ឆ្នាំ​២០១៣ កន្លងទៅ ខណៈដំណើរ​ចេញ​ក្រៅប្រទេស នាង​ធ្លាប់បាន​ចេញទៅ​សម្តែង​តែ​ម្តងគត់​នៅ​ប្រទេស​អូស្ត្រាលី​កាលពី ឆ្នាំ ២០០៥​។ ញឹម ចាន់ថន បញ្ជាក់បន្ថែម​។​


​ទោះ​យ៉ាងនេះ​ក្តី អតីត​តារាចម្រៀង​នៅ​រង្គសាល​បុប្ផា​ទិព្វ​រូបនេះ ប្រាប់ថា ចាប់បាន​ការងារ​សម្ដែង​នៅក្នុង​ស្រុក​ជា​បន្តបន្ទាប់​ដែរ ដោយ​ថ្មីៗ​នេះ ទើបបាន​ចុះ​កុងត្រា​ថត​ខ្សែ​វីដេអូ​ភាគ​ថ្មី​មួយ​រឿង​ទៀត ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​នឹង​ចាប់ផ្តើម​ថត​ក្នុងពេល​ឆាប់ៗ​ខាងមុខ ប៉ុន្តែ​នាង​សូម​លាក់​ចំណងជើង​រឿង​សិន តាម​គោលការណ៍​របស់​អ្នកដឹកនាំ​រឿង​។ នាង នឹង​ប្រកាសប្រាប់​ចំណងជើង​រឿង​នោះ នៅពេល​ដំណើរ​ការថត ថត​បាន ៥០​ភាគរយ​៕

252 (1) 252 (2)

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published