តារា​សម្តែង ហេង ប៊ុន​លាភ ដែល​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ សម្ងំ​រកស៊ី​ធំ​នៅ​សៀមរាប

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រោយពី​ដកខ្លួន​ចេញពី​សិល្បៈ​មិនទាន់បាន​ប៉ុន្មាន និង​មាន​សាច់ឈាម​ស្រកស្រុត​ស្គម​ស្លេកស្លាំង​យ៉ាងខ្លាំង​នោះ​ប្រុស ស្អាត និង​ជា​តារាចម្រៀង​ម្ចាស់​បទ ជីដូន​កាកីនិង​បទ​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ លោក ហេង ប៊ុន​លាភ ក៏មាន​ពាក្យ​ល្បី​តៗ​គ្នា​ថា (​ស្លាប់​)​។ នៅក្រោយ​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ​តារាចម្រៀង​ដែល​វិ​វត្ត​ខ្លួន​ចេញ ពី​ចំណាត់ថ្នាក់​ប្រុស​ស្អាត​លេខ​២ ឆ្នាំ​២០០១ លោក ហេង ប៊ុន​លាភ ពេលនេះ​មិន​ត្រឹមតែ​បង្ហាញ​រូបរាង​ដ៏​ស្រស់​សង្ហា លាងជម្រះ​ពាក្យ​ចចាមអារ៉ាម​នោះទេ ថែមទាំង​បង្ហាញ​សមិទ្ធផល​ផ្ទះសំណាក់​យ៉ាង​ធំ​មួយ​ដែល​លោក​ទើប​បំផុស​វា​នៅ លើដី​ក្រុង​អង្គរ ខេត្តសៀមរាប​។​


​ជាង​មួយឆ្នាំ​ហើយ​ដែល​តារាចម្រៀង លោក ហេង ប៊ុន​លាភ បាន​ដកខ្លួន​ចេញពី​សិល្បៈ​បន្ទាប់ពី​លោក​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ ពី​ក្រុមហ៊ុន​មហាហង្ស​ដែលជា​ក្រុមហ៊ុន​ផលិត​ចម្រៀង និង​ភាពយន្ត​។ ការដកខ្លួន​ចេញពី​សិល្បៈ​និង​តំណែង​ដ៏​ធំ​របស់​អតីត​ប្រុស​ស្អាត​មាន កំណើត​នៅ​បាត់ដំបង មក​ទើរ​លើ​បង្គង​ស្នេហ៍​កូនស្រី​អតីត​ថៅកែ​ឡូត៍​នេសាទ​ទ្រព្យ​ស្តុក ខេត្ត​ពា​ធិ៍​សាត់​នោះ លោក ហេង ប៊ុន​លាភ មិនមាន​ប្រភព​ណា​ដឹងថា លោក​ទៅ​ប្រកប​របរ​អ្វី​ឡើយ ក្រៅពី​លេច​ឮថា តារាចម្រៀង​និង​តារាភាពយន្ត​រូប​សង្ហា​ម្នាក់នេះ​ស្ពាយ​ជំងឺ​ប្រចាំកាយ នោះ​។​


​ដោយ​ដិតដាម​នូវ​ពាក្យ​ថា ស្ពាយ​ជំងឺ​ប្រចាំកាយ និង​ម្តងម្កាល​គេ​ឃើញ​រូបរាង​តារាចម្រៀង​លោក​ហេង ប៊ុន​លាភ ស្គម​ស្លេកស្លាំង​ផង​នោះ ដើមឆ្នាំ​២០១៣​នេះ​ក៏​ស្រាប់​តែមាន​ពាក្យ​ចចាមអារ៉ាម​មួយ​ប្រាវ​ផ្ទុះ ឡើង​ថា លោក ហេង ប៊ុន​លាភ បាន​ស្លាប់​ហើយ​។ តែ​មិនមាន​នរណាម្នាក់​ថា អ្នកសិល្បៈ​វ័យ​៣៣​ឆ្នាំ​រូបនេះ​ស្លាប់​ដោយសារ​ជំងឺ​អ្វី​ទេ​។​


​យ៉ាងណា​ព័ត៌មាន​ដែល​ល្បី​ថា តារាចម្រៀង​ម្ចាស់​បទ ជីដូន​កាកី និង​បទ ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ ដែល​កក្រើក​កាលពី​ឆ្នាំ​២០០៦ ស្លាប់​នេះ​ក៏​មិនមាន​ប្រភពព័ត៌មាន​ណា សាច់ញាតិ និង​ម្ចាស់ខ្លួន​ចេញមុខ​បកស្រាយ​ការពិត​យ៉ាងណា​នោះទេ​។​


​ការរក្សា​ភាព​ស្ងៀមស្ងាត់​ដូច​ចោរលួច​សេះ​នេះ ស្រាប់តែ​ថ្មីៗ​លោក ហេង ប៊ុន​លាភ បំផុស​ព័ត៌មាន​ខ្លួន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​សំណង់​ផ្ទះសំណាក់​បើក​ដំណើរការ​នៅ​លើដី​ក្រុង​សៀមរាប​យ៉ាង​ធំ ស្កឹមស្កៃ​។ តារាចម្រៀង​ដែល​ដិតដាម​ដំណឹង​អកុសល​ថា​ស្លា​ប់លោក ហេង ប៊ុន​លាភ បាន​និយាយថា សំណង់ផ្ទះ​សំណាក់​ដែល​បើក​ដំណើរការ​នៅ​សៀមរាប នោះបាន​បើកទ្វារ​ទទួលភ្ញៀវ​ចូល​៥​ខែ​ហើយ ដែលមាន​ទីតាំងនៅ​កណ្តាល​ក្រុង​សៀមរាប​។ លោក បាន​ប្រាប់ថា​៖«​ផ្ទះសំណាក់​ដែល​ខ្ញុំ​បើក​ដំណើរការ​ហើយ​នោះ មាន​យីហោ​ថា​ផ្ទះសំណាក់​ឋានសួគ៌ និង​ប្រកបដោយ​ស្តង់ដារ អន្តរជាតិ និង​មាន​សេវា​ដូចដែល​ផ្ទះសំណាក់​នានា​ក្នុង​ក្រុង​នោះដែរ​»​។​


​តារាចម្រៀង និង​តារាភាពយន្ត​គ្រង​តំណែង​តួឯក​៦៦​រឿង​វ័យ​៣៣​ឆ្នាំ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​ងាក​មករក​ស៊ី​លើ​របរ​នេះ​តាំងពី​ខ្ញុំ​សម្រាក​ពី​សិល្បៈ​ម្ល៉េះ​តែ ពេលនោះ​ហើយ​មិនបាន​បើក​ដំណើរការ​ភ្លាមៗ​ទេ ទើបតែ​រួចរាល់​បើក​ដំណើរការ​កាលពីដើមឆ្នាំ​២០១៣​នេះដែរ​ទេ​»​។ ប៉ុន្តែ​លោក ហេង ប៊ុន​លាភ ក៏​អះអាងថា មិនមែន​ដោយសារ​លោក​មក​បើក​ផ្ទះសំណាក់​រកស៊ី​ទើប​លោក​សម្រាក​ពី​សិល្បៈ ទេ លោក​បញ្ជាក់ថា​៖«​ការងារ​សិល្បៈ​ជាការ​ងារ​ស្នូល​ដែល​ស្ថិតក្នុង​ចិត្ត ខ្ញុំ​រហូត ព្រោះ​បើ​កុំ​មាន​សិល្បៈ​នោះ​ក៏​ខ្ញុំ​មិនមាន​ថ្ងៃ​នេះដែរ​»​។ លោក​បន្ថែមថា​៖«​ការដែល​ខ្ញុំ​ឃ្លាត​ពី​សិល្បៈ​គ្រានោះ​មកពី​ខ្ញុំ​មិន មាន​ពេល​នឹង​សិល្បៈ​ហើយ​ខ្លាច​គេ​អន់ចិត្ត​ទើប​ខ្ញុំ​សម្រេចចិត្ត​សម្រាក​។​


​ក្នុង​ហេតុផល​ជាក់លាក់​នោះ លោក ហេង ប៊ុន​លាភ បាន​ប្រាប់ថា​៖«​ពេលនោះ​ណាមួយ​សុខភាព​ខ្ញុំ​មិនល្អ មាន​ជំងឺ​ក្រពះ​ធ្វើទុក្ខ ត្រូវ​ចេញ​ចូលទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​រាល់​ខែ និង​មួយទៀត​ខ្ញុំ​ជាប់​បំពេញការងារ​ក្នុង​ក្រុមយុវជន ក្រុម​១៥៧ ផង ទើប​ខ្ញុំ​សម្រេច​សម្រាក​ពី​ការងារ​សិល្បៈ​តែម្តង​»​។ ថ្លែង​បែប​សោកស្តាយ​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​នោះ​លោក​និយាយថា​៖«​ពេល នេះ​ទាំង​ការងារ​រកស៊ី​ការងារ​ក្នុង​ក្រុមយុវជន និង​ទាំង​សុខភាព​ល្អប្រសើរ​ហើយ ហើយក៏​ចង់​ចូលប្រឡូក​ក្នុង​ការងារ​សិល្បៈ​វិញ​ដែរ​»៕

22 (2) 22 (1)

 

Leave a Reply

(*) Required, Your email will not be published