តុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២១ ខែឧសភា បានសម្រេចលើកពេលសវនាការជំនុំជម្រះក្នុងសំណុំរឿងបាញ់កម្មករ រោងចក្រកៅវ៉េ (Kaoway) ៣នាក់ អោយរងរបួស ដែលមានអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនសង្ស័យ ដោយសំអាងថា អវត្តមានមេធាវីការពារជនជាប់ចោទ។ នៅក្នុងសវនាការគេឃើញមានវត្តមានជនរងគ្រោះ សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលឃ្លាំមើលរឿងក្ដីនេះ។ ប៉ុន្តែគេពុំឃើញមានវត្តមានជនជាប់ចោទ លោក ឈូក បណ្ឌិត និងមេធាវីការពារលោកឡើយ។
ករណីនេះចៅក្រមជំនុំជម្រះសម្រេចមិនបន្តដំណើរការ នីតិវិធីសវនាការភ្លាមៗបន្ទាប់ពីបានដំណើររយៈពេលជិតមួយម៉ោងទៅលើ សំណុំរឿងលោក ឈូក បណ្ឌិត ដែលបានបាញ់ប្រហារទៅលើហ្វូងកម្មករ បណ្តាលឲ្យកម្មការិនី ៣នាក់រងរបួសក្នុងអំឡុងពេលតវ៉ាក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានសាលាដំបូងខេត្តស្វាយរៀងសម្រេច ទម្លាក់ចោលការចោទប្រកាន់ម្តងរួចហើយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២។ ហើយនៅថ្ងៃទី៤មីនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍បានសម្រេចធ្វើការចោទប្រកាន់សាជាថ្មីឡើងវិញ ពីបទបង្ករបួសស្នាមដោយអចេតនា ហើយបង្វិលសំណុំរឿងនេះទៅឲ្យតុលាការខេត្តស្វាយរៀងបើកសវនាការសាជា ថ្មីឡើងវិញ។
ចៅក្រមជំនុំជម្រះ និងជាអនុប្រធានតុលាការខេត្តស្វាយរៀង លោក លាង សួគ៌ បានប្រកាសនៅក្នុងបន្ទប់សវនាការជាសាធារណៈចំពោះមុខជនរងគ្រោះតំណាង សហជីព និងអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលសវនាការថា មេធាវីការពារជនជាប់ចោទ គឺកញ្ញា ម៉ៅ សំវុទ្ធារី បានដាក់ពាក្យសុំពន្យារពេលសវនាការដោយមូលហេតុជាប់បំពេញបេសកកម្មនៅ ប្រទេសជប៉ុន។
ជនរងគ្រោះ តំណាងសហជីព និងអង្គការមិនមែនរដ្ឋាភិបាលបានខកចិត្តចំពោះការលើកពេលនេះ និងបានហៅការពន្យារពេលសវនាការថា ពុំបានឈរលើហេតុផលត្រឹមត្រូវ។ ជនរងគ្រោះលោកស្រី កែវ នា មានប្រសាសន៍ថា នាងបានរង់ចាំយុត្តិធម៌ជាង ១ឆ្នាំមកហើយ មកដល់ពេលនេះនាងនៅមានសង្ឃឹមតិចតួចប៉ុណ្ណោះ។ នាងទទូចអោយតុលាការរកយុត្តិធម៌អោយពួកនាង ដែលជាជនរងគ្រោះក្រីក្រ គ្មានអំណាច។
កាលពីថ្ងៃទី៤ មីនា សាលាឧទ្ធរណ៍បានចោទប្រកាន់លោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាមដោយអចេតនាតាមក្រមព្រហ្មទណ្ឌមាត្រា ២៣៦ ហើយបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។ ករណីនេះប្រសិនបើរកឃើញថា មានកំហុសជនល្មើសអាចជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោកនៅតែមើលឃើញថា យុត្តិធម៌នៅតែពិបាកត្រូវគេផ្ដល់អោយក្រុមកម្មកររងគ្រោះ។ តំណាងសហភាពសហព័ន្ធសហជីព កាលពីថ្ងៃទី១៧ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ រួមដោយទទូចសុំឲ្យតុលាការផ្តន្ទាទោសជនល្មើសឈូក បណ្ឌិតឲ្យបានធ្ងន់ធ្ងរបំផុតសមទៅនឹងទង្វើរបស់ខ្លួននិងបង់សំណង ជូនកម្មការិនីរងគ្រោះឲ្យបានសមរម្យនិងសូមឲ្យរដ្ឋាភិបាលផ្តល់ការ គាំទ្រចំពោះការផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរទៅលើលោកឈូក បណ្ឌិតដើម្បីបង្ហាញពីចេតនាលុបបំបាត់និទ្ទណ្ឌភាពនិងលុបបំបាត់ការ សង្ស័យនានាពីសំណាក់សាធារណជនលើករណីនេះ។
លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅខាងមុខតុលាការខេត្ត ស្វាយរៀងថា លោក ឈូក បណ្ឌិត ទំនងភ័យខ្លាចថាគាត់អាចនឹងមានបញ្ហានៅពេលប្រឈមមុខចំពោះមុខ ច្បាប់ ទើបរកលេសដើម្បីពន្យារពេល។ យ៉ាងណា លោកសង្ឃឹមថា តុលាការនឹងមិនទុកអោយសំណុំរឿងនេះអូសបន្លាយពេលបន្ថែមទៀតទេ៕