មនុស្ស​៥-៦​នាក់​សង្ស័យថា​ជាប់​នៅ​ខាងក្រោម​រណ្ដៅ​ជីក​រក​រ៉ែ​មាស​ដែល​បាក់ស្រុត​

, , Leave a comment

​ខេត្ដ​ព្រះវិហារ ៖ ប្រជាពលរដ្ឋ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ​បាន​រាយការណ៍​ថា  រណ្ដៅ​ជីក​រក​រ៉ែ​មាស​មួយកន្លែង​នៅ​តំបន់ភ្នំ​អន្លង់ ឋិត​ក្នុង​ឃុំ​រមទម ស្រុក​រវៀង បាន​បាក់ស្រុត​ហើយ​ពួកគាត់​សង្ស័យ​មាន​ជនរងគ្រោះ​៥-៦​នាក់​ត្រូវ​កប់​នៅ ក្នុង​រណ្ដៅ​នោះ​។ ​ករណី​បាក់​រណ្ដៅ​ជីក​រូង​រក​រ៉ែ​មាស​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩ ​ខែឧសភា ឆ្នាំ​២០១៣ ហើយ​រហូត មកទល់​ម៉ោង​៦​និង​៣០​នាទី ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០១៣*​នៅ​ពុំទាន់​ជីក​រកឃើញ​ជនរងគ្រោះ​នៅឡើយ ។


ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​ខ្នះខ្នែង នាំគ្នា​កាប់​មុខ​រណ្ដៅ​បាន​ជម្រៅ​ប្រមាណ​ជាង​៣០​ម៉ែត្រ តែ​នៅ​ពុំទាន់​ទៅដល់​គោលដៅ​ដែល​គេ​សង្ស័យថា​មាន​ជនរងគ្រោះ​ជាប់​នៅ ក្រោម​គំនរ​ដី​នោះ​នៅ ឡើយ​ទេ ។ ​អភិបាលស្រុក​រវៀង​លោ​កឯ សារ៉ូ ពុំបាន​ពន្យល់​ពី​ករណី​និង​ហេតុការណ៍​បាក់ រណ្ដៅ​ដី​រុករក​រ៉ែ​មាស​នេះ​ទេ​ដោយ​លោក កំពុង​ជាប់រវល់ ។
​អធិការ ស្រុក​រវៀង​លោក​សាយ ដេ​ត បានឱ្យដឹងថា ពិតជា​មាន​បាក់​រណ្ដៅ​ជីក រក​រ៉ែ​មាស​មែន ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​ម៉ោងជាង​៩​យប់​មក ម្ល៉េះ​នៅ​ចំណុច​រណ្ដៅ​ចាស់​ដែល​គេ​រុករក រ៉ែ​មាស​ពេលកន្លងមក ។​


​លោក​អធិការ​អះអាងថា កូន​អ្នកស្រុក ម្នាក់​បាន​បាត់​ខ្លួន និង​ប្រជាពលរដ្ឋ​ដែល  មករក​រ៉ែ​មាស​នៅ​តំបន់​នេះ គេ​ក៏​មិនដឹង ថា​ជាប់​នៅក្រោម​រូង​នោះ​ឬ​យ៉ាងណា​នោះ ទេ ប៉ុន្ដែ​កម្លាំង​កងរាជអាវុធហត្ថ​កម្លាំង  នគរបាល​ព្រមទាំង​លោក​អភិបាលខេត្ដ បាននិងកំពុង​ព្យាយាម​ប្រើ​ចប បង្គី​កាប់ បើកមុខ​រណ្ដៅ​ដើម្បី​ស្វែងរក​ជនរងគ្រោះ ។ ​លោក​បញ្ជាក់ថា “​ខ្ញុំ​មិន​ប្រាកដ​ទេ ថា​មាន​មនុស្ស​ជាប់​នៅ​ខាងក្រោម ពីព្រោះ  ប្រជាពលរដ្ឋ​គាត់​រាយការណ៍​មក​ដូច្នេះ​”  តែ​យ៉ាងណា​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ជីក​ឱ្យដល់​ទីបញ្ចប់​។ លោក​អធិការ​បន្ថែមថា នៅ​តំបន់ភ្នំ​អន្លង់​មាន​រណ្ដៅ​ជីក​រក​រ៉ែ​មាស​ច្រើនតែ​មិនអាច​យក​គ្រឿង ចក្រ​ចូលទៅ​បានទេ ព្រោះ​តំបន់​នោះ​ជ្រៅ ។​


​អ្នករាយការណ៍​ព័ត៌មាន​កាសែត​នគរ​វត្ដ ប្រចាំ​ខេត្ដ​ព្រះវិហារ​ដែល​ចុះ​ទៅដល់ ចំណុចកើតហេតុ​បានឱ្យដឹងថា រណ្ដៅ ដែល​គេ​កំពុង​ជីក​ស្វែងរក​ជនរងគ្រោះ ដែល​សង្ស័យ​ជាប់​នៅ​ខាងក្រោម​នោះ​ឋិត នៅលើ​ចង្កេះភ្នំ​អន្លង់ ហើយ​គ្រាន់តែ ជម្រៅ​ច្រកចូល​មាន​ប្រវែង​៣០-៤០ ម៉ែត្រ ត្រូវ​ដី​បាក់​សង្កត់​ជិតឈឹង ។ រយៈ ពេល​បាក់​រហូតមកដល់​ល្ងាច​ថ្ងៃទី​២០ ខែឧសភា កម្លាំង​បាន​ជីក​កកាយ​រហូត ដល់​ផ្លូវ​ចូល ហើយ​គេ​ឃើញ​មាន​រូង​ផ្លូវ បំបែក​កាច់​ចុះ​កាច់​ឡើង​ក្រោម​ផ្ទាំង​ថ្ម ប៉ុន្ដែ​គេ​ពុំ​ដឹងថា​ជម្រៅ​ប៉ុន្មាន​នោះទេ​។ រូង​ទាំងនោះ​មើលទៅ​គួរឱ្យ​ញញើត  ដោយ​អ្នករុករក​រ៉ែ​ពុំមាន​បច្ចេកទេស ហើយ​រូង​ដែល​លូន​ចូល​ទៅនោះ​ពុំមាន ដាក់​ទល់​ឈើ​អ្វី​ឡើយ។


​អាជ្ញាធរ​បានឱ្យដឹង​ដែរ​ថា នៅ​តំបន់ រុករក​រ៉ែ​មាស​ខាងលើនេះ​មិនត្រូវ​បាន អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រុករក​រ៉ែ​នោះទេ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ខ្លះ​មកពី​ខេត្ដ​ផ្សេងៗ​ចេះតែ​លបលួច​ព្យាយាម​ចូល​រក រ៉ែ​នៅ​តំបន់​នោះ ។​
​តាម​បុរស​ម្នាក់​ឈ្មោះ​យ៉េក ឃី ដែលមាន​កូនប្រុស​ឈ្មោះ​ឃី ណាត អាយុ​១៨​ឆ្នាំ ដែល​រងគ្រោះ​ដោយសារ​បាក់​ដី​សង្កត់​នោះបាន ឱ្យដឹងថា នៅក្នុង​រណ្ដៅ​រ៉ែ​មាស គឺ​មុនពេល​កើតហេតុ​មាន​មនុស្ស​រាប់សិប​នាក់​ឯណោះ តែ​បាន​ចេញមកក្រៅ​ខ្លះ នៅសល់តែ​ប្រមាណ ៦​ទៅ​៨​នាក់​ប៉ុណ្ណោះ​ដែល​ជាប់​នៅ​រណ្ដៅ​នោះ​៕

16-21

 

Leave a Reply

(*) Required, Your email will not be published