ខេត្តកំពង់ចាម ៖ ថៅកែរកស៊ីឈើប្រណីតម្នាក់ដ៏ល្បីឈ្មោះនៅខេត្ដកំពង់ចាមលោក លី ឈុនអ៊ូ ដែលត្រូវបានគេដឹងថា បានចាញ់ល្បែងបញ្ជល់មាន់ដោយភាគីម្ខាងទៀត បិទទ្វារមិនឱ្យចេញពីកាស៊ីណូGMG ស្ថិតនៅច្រកត្រពាំងថ្លុង ដែលក្នុងស្រុកពញាក្រែក ខេត្ដកំពង់ចាម ដោយសារតែ លេងល្បែងជល់មាន់ចាញ់លុយខ្ទង់ម៉ឺនដុល្លារ រួចហើយអត់មានលុយឱ្យភាគីម្ខាងទៀត ។ ប៉ុន្ដែករណីអត់មានលុយឱ្យគេ ត្រូវគេបិទទ្វារមិនឱ្យចេញខាងលើនេះ ត្រូវបានលោក លី ឈុនអ៊ូ ទូរស័ព្ទចូលវិទ្យុក្នុងស្រុកមួយដោយភូតកុហកថា ជាករណីចាប់ជម្រិតទៅវិញ ធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅខេត្ដកំពង់ចាមចុះទៅជួយអន្ដរាគមន៍ ប៉ុន្ដែធាតុពិតជាការលេងល្បែងបញ្ជល់មាន់ចាញ់លុយអស់ពីខ្លួនហើយអត់មានលុយឱ្យគេ។
មេបញ្ជាការអាវុធហត្ថស្រុកពញាក្រែក លោក មៀច មិនបានឱ្យដឹងថា ករណីខាងលើនេះមិនមែនជាករណីចាប់ជម្រិតឡើយ ពោលជាការលេងចាញ់ល្បែងជល់មាន់អស់លុយឱ្យភាគីម្ខាងទៀត ទើបគេចាក់សោទ្វារមិនឱ្យចេញបន្ទាប់ពីលោក លី ឈុនអ៊ូ ចង់ចេញនោះ។ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ លោក លី ឈុនអ៊ូ បានចូលទៅលេងល្បែងជល់មាន់ ដោយភ្នាល់ដាក់លុយចន្លោះពី ២ម៉ឺន ទៅ ៥ម៉ឺនដុល្លារ ប៉ុន្ដែពេលនោះលោក លី ឈុនអ៊ូ ចាញ់អស់លុយ ហើយគ្មានលុយឱ្យគេរួចប្រុងចេញពីកាស៊ីណូ ទើបភាគីម្ខាងទៀតបិទទ្វារមិនឱ្យចេញ តែបែរជាបំភ្លៃព័ត៌មានថាជាករណីចាប់ជំរិតទៅវិញ។ អធិការនគរបាលស្រុកពញាក្រែកលោក ប្រាក់ ប៊ុនណុន បានឱ្យដឹងផងដែរថា ចំពោះបញ្ហានេះ ត្រូវបានភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុនោះ។
បញ្ហាដែលកើតឡើងនៅកាស៊ីណូខាងលើនេះ ជនជាតិខ្មែរមិនត្រូវបានអនុញ្ញាត ឱ្យចូលលេងល្បែងនោះឡើយ ប៉ុន្ដែធាតុពិតជនជាតិខ្មែរជាច្រើននាក់ ជាពិសេសថៅកែរកស៊ីឈើប្រណីតនៅខេត្ដកំពង់ចាម ជាច្រើននាក់បានចូលលេង ហើយល្បែងបញ្ជល់មាន់ សុទ្ធតែជនជាតិខ្មែរ ចូលលេងតែម្ដង។ សូមបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ខាងលើនេះ មិនមែនស្ថិតនៅក្នុងបរិវេណនៃកាស៊ីណូនោះទេ គឺស្ថិតនៅខាងក្រោយ កាស៊ីណូតែម្តង ដោយម្ចាស់សង្វៀន បានជួលដីពីកាស៊ីណូសម្រាប់ការបើកលេង៕