ប្រធានាធិបតីនៃប្រទេស មីយ៉ាន់ម៉ា គឺលោក ថេន សេន បានលើកលែងទោសដល់អ្នកនយោបាយមួយចំនួន មុនពេលដែលលោកត្រូវបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ។ អ្នកទោសនយោបាយចំនួន២៣នាក់ត្រូវបានដោះលែងចេញពីពន្ធធនាគារចំនួន៨កន្លែង ទូទាំងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ។
គួររំលឹកថា កាលពីឆ្នាំមុន ក្រុមអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ាជាច្រើនរូបក៏ត្រូវបានដោះលែងផងដែរ ពោលគឺមុនពេលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទៅបំពេញទស្សនកិច្ច ក្នុងប្រទេសនេះ។ កាលពីខែមុន ក៏មានការដោះលែងអ្នកទោសនយោបាយមីយ៉ាន់ម៉ាដែរ ក្រោយពេលដែលសហគមអឺរ៉ុបបានបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់មី យ៉ាន់ម៉ា។
លោក ថេន សេន មេដឹកនាំ មីយ៉ាន់ម៉ា ដែលនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកលើកដំបូងក្នុងនាមជាប្រធានាធិបតី អំឡុងរយៈពេល៤៧ឆ្នាំនោះ គ្រោងជួបលោកប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ។ ក្រុមអ្នកអង្កេតបាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ារូបនេះ គ្រោងនឹងសុំឲ្យលោក អូបាម៉ា ជួយដល់ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសរបស់លោក៕