ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​

, , Leave a comment

ដំណើរ​ទស្សនកិច្ច​របស់ លោក​Isao Iijima ទីប្រឹក្សា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Shinzo Abe នៅ​ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​គេ​បិទ​យ៉ាង​ជិតឈឹង​។ គេ​បានដឹង​ដំណឹង​នេះ នៅពេល​កាសែត​ក្នុងស្រុក​ជប៉ុន និង​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​របស់​កូរ៉េខាងជើង​បាន​ចុះផ្សាយ​រូបថត របស់លោក Isao Iijima ដែល​ចាប់ដៃ​ជាមួយ​អនុប្រធាននាយកដ្ឋាន​អាស៊ី​នៃ​ក្រសួងការបរទេស កូរ៉េខាងជើង​។ រដ្ឋាភិបាល​ជប៉ុន​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ពី​គោលដៅ ឬ​ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ទេ​។ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​បាន​ត្រឹម​អះអាងថា លោក Isao Iijima​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​ដើម្បី​និយាយ​ពី​ករណី​ចាប់ជំរិត​ជនជាតិ ជប៉ុន នុយក្លេអ៊ែរ និង​មី​ស៊ី​ល​។​


 
​វត្តមាន​របស់​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​កូរ៉េខាងជើង ជា​រឿង​មួយ​ភ្ញាក់ផ្អើល​ដែល​គេ​មិនបាន​ទន្ទឹងរង់ចាំ ព្រោះថា​ប្រទេស​ទាំងពីរ​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ ១៩៧០​មកម្ល៉េះ​។ ម្យ៉ាងទៀត កាលពីពេល​ថ្មីៗ​នេះ​ទៀត គឺ​កាលពី​ខែកុម្ភៈ​កន្លងទៅ កូរ៉េខាងជើង​ទើបបាន​ស្រែក​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​ដាក់​ជប៉ុន ក្នុងករណី​ជប៉ុន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់ខ្លួន​។​ ​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន​និង​កូរ៉េខាងជើង ចេះតែ​រអាក់រអួល ចាប់ផ្តើម​ទំនាក់ទំនង​គ្នា បាន​មួយរយៈ​ក៏​ដាច់​ទៅវិញ​។ កូរ៉េខាងជើង​ចោទ​ជប៉ុន​ពី​រឿង​គំរាម​ខាង​ផ្នែក​អាវុធ​ធុន​ទំនើប ចំណែក​ជប៉ុន​ចោទ​កូរ៉េខាងជើង​ថា បាន​ចាប់ជំរិត​ប្រជាជន​របស់ខ្លួន​។ ប៉ុន្តែ​ជាទូទៅ ជប៉ុន​បាន​ថ្កោលទោស​កូរ៉េខាងជើង​ខ្លាំង ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។ គឺ​របប​កុ​ម្មុយ​និ​ស្ត​ព្យុងយ៉ាង​ចេះតែ​ផ្គើន​សហគមន៍​អន្តរជាតិ ដោយ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​គំរាម​ដល់​សន្តិសុខ​របស់​ជប៉ុន​ផង និង​ជាពិសេស​ល្មើ​សនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​។ កន្លងមក ជប៉ុន​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​អាមេរិក និង​កូរ៉េខាងត្បូង ដើម្បី​ដាក់​គំនាប និង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ បើតាម​ក្រុម​ជំនាញ​របស់​អង្គការសហប្រជាជាតិ ទណ្ឌកម្ម​ពាណិជ្ជកម្ម និង​ការដឹកនាំ​អាវុធ​ពិតជា​បានធ្វើ​ឲ្យ​កូរ៉េខាងជើង​ចុះខ្សោយ​កម្លាំង ក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ​យោធា​។​
 


​ប៉ុន្តែ គោលដៅ​ទាមទារ​ឲ្យ​កូរ៉េខាងជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​យោធា ពិតជា​មិនអាច​ទៅរួច​ទេ​។ កិច្ចចរចា ៦​ភាគី ដែលមាន​អាមេរិក​ជា​អ្នកដឹកនាំ​នៅតែ​ជាប់គាំង​ស្ទះ​។ កូរ៉េខាងជើង​មិន​សង្ឃឹម​ជួបចរចា​ជាមួយ​អាមេរិក​ដើម្បី​ឲ្យ​គេ​ដក​ទណ្ឌកម្ម ពី​ខ្លួន​វិញ​នោះទេ ពិសេស​នៅក្រោយពេល​ទីក្រុង​ព្យុងយ៉ាង​បានប្រកាស​ចាប់ផ្តើម​ផលិតឡើង​វិញ ជាតិ​Plutonium ដែល​គេ​យកទៅ​ប្រើ​សម្រាប់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​។​ ​ចំណែក​ចិន ឬ​រុស្ស៊ី​ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង ក៏​អាក់អន់ចិត្ត​ដែរ ដែល​កូរ៉េខាងជើង​នៅតែ​រឹង​ចចេស​បាញ់​សាកល្បង​នុយក្លេអ៊ែរ​។ ទាំងនេះ​អាច​ជាដើម​ហេតុដែល​ជំរុញ​ចិត្ត​ទីក្រុង​ព្យុងយ៉ាង​ឲ្យ​បើកទ្វារ ស្វា​គម​មន្ត្រី​ជប៉ុន បើទោះជា​ជប៉ុន​ធ្លាប់ជា​ប្រទេស​គូសត្រូវ​របស់ខ្លួន​យ៉ាងណាក៏ដោយ​។​ ​ដោយ​ពិត​ទៅ វត្តមាន​របស់លោក Isao Iijima​នៅ​ទីក្រុង​ព្យុងយ៉ាង អាចជា​រឿង​ភ្ញាក់ផ្អើល ប៉ុន្តែ វា​មិនមែនជា​រឿងថ្មីស្រឡាង​ទេ នៅក្នុង​ទំនាក់ទំនង​ជប៉ុន​-​កូរ៉េខាងជើង​។ លោក​Isao Iijima​ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​មុនៗ​បញ្ជូន​ឲ្យ​ទៅ​ចរចា​ជាមួយ ភាគី​កូរ៉េខាងជើង​។ រវាង​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៤ លោក Isao Iijima​ធ្លាប់​ចូលរួម​ចរចា​រហូតដល់​អាចធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន កាលណោះ គឺ​លោក Koizumi​អាច​ជួបពិភាក្សា​ជាមួយ​អគ្គ​មគ្គុទេសក៍ គីម ជុងអ៊ីល​។ ជំនួប​របស់​ថ្នាក់ដឹកនាំ​បាន​ឈានទៅដល់​ការដោះលែង​ជនជាតិ​ជប៉ុន ៥​នាក់ ដែល​កូរ៉េខាងជើង​ធ្លាប់បាន​ចាប់ជំរិត​ក្នុង​ទសវត្សរ៍​ឆ្នាំ ៧០ និង​៨០​។​


 
​លើក​នេះ បេសកកម្ម​របស់លោក Isao Iijima​អាច​នឹង​ដូច​មុន​។ គេ​ដឹង​ហើយ​ថា លោក​Shinzo Abe នៅពេល​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្លាប់បាន​សន្យាថា​នឹង​ជួយ ឲ្យ​គេ​ដោះលែង​ជនជាតិ​ជប៉ុន ដែល​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ជំរិត​។​ ​កូរ៉េខាងជើង​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ចាប់ជំរិត​ជនជាតិ​ជប៉ុន​១៣​នាក់ ដើម្បី​យកទៅ​បង្រៀន​ភាសា និង​ប្រពៃណី​ជប៉ុន​ដល់​ចារបុរស​កូរ៉េខាងជើង​។ ប៉ុន្តែ កូរ៉េខាងជើង​បានបញ្ជាក់​ថា ជនជាតិ​ជប៉ុន​ប្រាំ​នាក់​ត្រូវបាន​ដោះលែង និង​បញ្ជូនទៅ​ឲ្យ​ជប៉ុន​វិញ ចំណែក​៨​នាក់​ទៀត​បាន​បាត់បង់​ជីវិត នៅក្នុង​ទឹកដី​កូរ៉េខាងជើង​។ ទីក្រុង​តូ​ក្យូ​មិន​ជឿ និង​បន្ត​ទាមទារ​ឲ្យ កូរ៉េខាងជើង ដោះលែង​ប្រជាជន​របស់ខ្លួន​។​ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​អះអាង លោក​អាច​នឹង​ជួបប្រជុំ​កំពូល​ជាមួយ​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ប្រសិនបើ​កិច្ចប្រជុំ​នោះ នឹង​អាចធ្វើ​ឲ្យ​គេ​ដោះលែង​ចំណាប់ខ្មាំង​ជប៉ុន​ពី​ក្នុង​ទឹកដី​កូរ៉េខាងជើង​។​


 
​លោក​Shinzo Abe ជា​មេដឹកនាំ​ជប៉ុន​មួយរូប​ដែលមាន​លក្ខណៈ​ជាតិនិយម​យ៉ាង​ជ្រាលជ្រៅ​។ ចាប់តាំងពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក Shinzo Abe ខុសប្លែក​ពី​មេដឹកនាំ​មុន បានចាប់ផ្តើម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន និង​កូរ៉េខាងត្បូង ដែល​ជប៉ុន​មិនសូវមាន​ទំនាក់ទំនង​ការទូត​ល្អ​ប៉ុន្មាន​ទេ នៅក្នុង​សម័យ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​មុន​។ ដោយសារតែ​ជាតិនិយម សឹងតែ​ជ្រុល​ក៏​ថា​បាន លោក Shinzo Abe​ត្រូវគេ​មើលឃើញថា ជា​មេដឹកនាំ​ជប៉ុន​ដែល​នឹង​រក​ប្រយោជន៍​ឲ្យ​ប្រជាជន​ជប៉ុន បើទោះជា​នយោបាយ​របស់​លោក​នឹងធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ដូចជា​អាមេរិក និង​កូរ៉េខាងត្បូង​អាក់អន់ចិត្ត​ក៏ដោយ​៕

19

 

Leave a Reply

(*) Required, Your email will not be published