ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមានប្រហែលជា ៥០% នៃបុរសទូទៅដែលមានកើតបញ្ហាជ្រុះសក់ហើយក្នុងនោះការចាប់ផ្តើមកើតមានឡើងនូវបញ្ហាជ្រុះសក់គឺនៅអាយុក្រោម ៣០ឆ្នាំ។ការសិក្សាស្រាវជ្រាវខាងលើនេះបានបង្ហាញថាបញ្ហាជ្រុះសក់នៅលើបុរសគឺទាក់ទងជាមួយនឹងសេនេទិកបានន័យថាបញ្ហានេះមានគឺលក្ខណៈតពូជដែលយើងសម្គាល់ឃើញថាក្នុងករណីដែលយើងមានបងប្រុស ឬឪពុកដែលមានបញ្ហាជ្រុះសក់។
រោគសញ្ញាទាំងឡាយណាដែលទាក់ទងជាមួយនឹងការជ្រុះសក់ចំពោះបុរស
រោគសញ្ញាដំបូងបំផុតនៃការជ្រុះសក់នៅលើបុរសគឺចាប់ផ្តើមឡើងដោយការជ្រុះសក់នៅជើងសក់ និងនៅលើថ្ងាសទាំងសងខាង ដោយគ្មានការព្យាបាល ជើងសក់ដែលជ្រុះទាំងនេះនឹងបន្តជ្រុះជាដរាបហើយការជ្រុះសក់ទាំងនេះគឺដេញរហូតទៅដល់ផ្នែកខាងលើនៃក្បាលរបស់យើងដែលធ្វើឲ្យយើងនៅសល់តែសក់ដែលមានរាងដូចជាអក្សរ M នៅចំពីលើ ហើយដំណាក់កាលចុងក្រោយគឺយើងមានសក់ត្រឹមតែផ្នែកខាងក្រោយនៃក្បាលដែលមានដូចជាអក្សរ U។ គេបានសម្គាល់ឃើញថា សក់នៅផ្នែកខាងក្រោយនៃក្បាលគឺពុំមានប៉ះពាល់ទាក់ទងជាមួយបញ្ហាជ្រុះសក់ឡើយ។
ក្នុងខណៈពេលដែលយើងឃើញបុរសម្នាក់ក្បាលទំពែកយើងតែងគិតថាគាត់មានអាយុច្រើន។ ប៉ុន្តែនេះគឺជាការយល់ខុសមួយពីព្រោះថាការជ្រុះសក់គឺទាក់ទងយ៉ាងផ្ទាល់ជាមួយនឹងហ្សែនដែលវាពុំទាក់ទងទៅនឹងអាយុឡើយ។ ហេតុនេះហើយបានជាយើងសង្កេតឃើញថាបុរសវ័យក្មេងដែលជ្រុះសក់ច្រើនតែជ្រើសយកនៅបញ្ហាកោរសក់ចេញដើម្បីកុំឲ្យយើងមើលទៅឃើញថាគាត់មានអាយុច្រើន។
វិធីសាស្ត្រនៃការព្យាបាលបញ្ហាជ្រុះសក់នៅលើបុរស
បញ្ហាជ្រុះសក់នៅលើបុរសគឺមានលក្ខណៈរុំារ៉ៃដូចបញ្ហាលើសឈាម និងទឹកនោមផ្អែមដូច្នោះដែរ ដែលគាត់ចាំបាច់ត្រូវការនូវវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញដើម្បីព្យាបាលបញ្ហាទាំងនេះ។
ការព្យាបាលមានច្រើនវិធីសាស្ត្រប៉ុន្តែដោយយោងទៅតាមប្រភេទនៃការជ្រុះសក់យើងអាចធ្វើការចាប់ផ្តើមព្យាបាលជាមួយនឹងការផ្តល់ថ្នាំម្យ៉ាងដែលមានតួនាទីសម្រាប់ទប់ការបង្កើតឡើងនូវអង់ស៊ីមម្យ៉ាងដែលយើងហៅថា អង់ស៊ីម DHT។ FINASTERIDE(PROPECIA) គឺជាថ្នាំម្យ៉ាងដែលទទួលស្គាល់ដោយអង្គការសុខភាពចំណីអាហារនៅប្រទេសអាមេរិកសម្រាប់ធ្វើការព្យាបាលបញ្ហាជ្រុះសក់នៅលើបុរស។ ធម្មតាអ័រម៉ូនDHT គឺជាអ័រម៉ូនម្យ៉ាងដែលមានគុណវិបត្តិខ្ពស់ដែលបង្កឲ្យមានការជ្រុះសក់ ឬធ្វើឲ្យសក់របស់យើងមានភាពស្តើង។ ដូច្នេះការប្រើប្រាស់ថ្នាំប្រភេទហ្វីណាស្ទីរីត(FINASTERIDE)គឺជាវិធីសាស្ត្រម្យ៉ាងដែលព្យាបាលដល់ឫសគល់របស់វាតែម្តង។ ថ្នាំនេះបានបង្ហាញនូវគុណសម្បត្តិដ៏ខ្ពស់របស់វាដែលអាចបង្កើតឡើងវិញនូវបរិមាណសក់នៅលើក្បាលនិងជួយបង្កើតឡើងវិញនូវជើងសក់និងតំបន់ដែលបាត់បង់កន្លងមក។ ប៉ុន្តែគួរឲ្យសោកស្តាយដែលលទ្ធផលរបស់វាអាចឃើញរយៈពេលប្រហែលពី ៣ ទៅ ៦ ខែក្រោយការព្យាបាលហើយបើសិនជាយើងបញ្ឈប់ការព្យាបាលថ្នាំប្រភេទហ្វីណាស្ទីរីតនេះ ការជ្រុះសក់នឹងកើតមានឡើងវិញ។ ប៉ុន្តែផលវិបាកមួយដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំនេះគឺទាក់ទងជាមួយនឹងឥទ្ធិពលរបស់ថ្នាំនៅក្នុងនោះប្រមាណពី ១% ទៅ ២% នៃបុរសដែលប្រើប្រាស់ថ្នាំប្រូហ្វីសែលនេះ វាបណ្តាលឲ្យមានការថយចុះនូវចំណង់រួមភេទ ឬក៏អវយវៈភេទពុំឡើងរឹងសម្រាប់រួមភេទ។ ប៉ុន្តែវានឹងបាត់ទៅវិញក្នុងករណីយើងឈប់ប្រើថ្នាំប្រភេទនេះ។
មីណុកស៊ីឌែល(MINOXIDEL)៥ភាគរយគឺជា ប្រភេទថ្នាំម្យ៉ាងដែលអនុញ្ញាតឲ្យប្រើប្រាស់។ វាមានតួនាទីបង្កើតឡើងនូវបរិមាណឈាមហូរនៅលើស្បែកក្បាលដែលជួយជំរុញឲ្យមានការវិវត្តនៅលើគល់សក់។ ការព្យាបាលនេះគឺការប្រើប្រាស់ឡូហ្សិន(lotion) ឬក៏ប្រភេទក្រែមដែលលាបពេញនៅលើស្បែកក្បាលដែលទំពែករបស់យើងមួយថ្ងៃពីរដង ហើយថ្នាំទាំងនេះត្រូវរក្សាទុកដោយមិនលាងសក់យ៉ាងហោចណាស់ក៏ ៤ ម៉ោងក្រោយពេលនៃការព្យាបាលផងដែរ។
ក្រៅពីការព្យាបាលខាងលើមានការព្យាបាលម្យ៉ាងដែលតម្រូវឲ្យមានការចាក់បញ្ចូលនូវប្រភេទថ្នាំម្យ៉ាងទៅក្នុងស្បែកក្បាលដែលយើងហៅថាម៉េហ្សូតេរ៉ាពី( mesotherapie)។ ជាគោលការណ៍នៃការប្រើប្រាស់វិធីសាស្ត្រម៉េហ្សូតេរ៉ាពីក្នុងការព្យាបាលជំរុញឲ្យមានការដុះសក់ឡើងវិញ។ទាំងនេះគឺទាក់ទងជាមួយនឹងការប្រើប្រាស់ប្រភេទពួកវីតាមីន និងប្រូតេអ៊ីន ហើយសារធាតុរ៉ែកម្រទាំងឡាយដើម្បីចាក់បញ្ចូលទៅក្នុងស្បែកក្បាលជាពិសេសនៅលើតំបន់ដែលមានការជ្រុះសក់។ ការព្យាបាលប្រភេទនេះបានផ្តល់យ៉ាងសំខាន់ដល់ស្បែកក្បាលនូវសារធាតុចាំបាច់សម្រាប់ជំរុញការបណ្តុះសក់ និងទប់ស្កាត់នៅឥទ្ធិពលរបស់រ៉ាឌីកាល់សេរីដែលមានផលវិបាកធ្វើឲ្យមានការជ្រុះសក់។ ប៉ុន្តែការព្យាបាលនេះត្រូវការរយៈពេលយូរយ៉ាងហោចណាស់ក៏ត្រូវការប្រើប្រាស់ប្រហែលជាការព្យាបាល ១០លើកដែលការព្យាបាលរយៈពេលមួយអាទិត្យម្តងៗ។ ការព្យាបាលប្រភេទម៉េហ្សូតេរ៉ាពីសម្រាប់ផ្តល់ប្រភេទវីតាមីនទៅលើស្បែកក្បាលគឺមានលក្ខណៈចាំបាច់សម្រាប់បង្កើតឲ្យមានសុខភាព ស្បែកក្បាលឡើងល្អហើយអាចអនុញ្ញាតឲ្យការប្រើប្រាស់ប្រភេទថ្នាំប្រភេទប្រូហ្វីសែល(propecia) និង មីណុកស៊ីឌែលមានគុណភាពខ្ពស់។
ក្រៅពីការប្រើប្រាស់នូវប្រភេទថ្នាំទាំងនោះយើងមានប្រភេទឡេស៊ែរម្យ៉ាងដែលអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសអាមេរិកគឺវាផ្តល់នូវពន្លឺចាំបាច់ដែលជួយជំរុញឲ្យស្បែកក្បាលបណ្តុះឡើងវិញនូវគល់សក់។ ការព្យាបាលនេះគឺមានរយៈពេល ២០នាទីដែលអនុវត្តឡើងរយៈពេល ៣ដងក្នុងមួយសប្តាហ៍ហើយយើងអាចចាប់ផ្តើមឃើញមានការដុះឡើងវិញនូវសក់ប្រហែល ៦ខែក្រោយការព្យាបាល។ ការព្យាបាលគឺមានលទ្ធផលល្អក្នុងករណីយើងចាប់ផ្តើមការព្យាបាលនៅដំណាក់កាលដំបូងនៃការជ្រុះសក់៕