ទើបតែបានចប់ការសម្តែងលើទឹកដីប្រទេសកាណាដាជាមួយលោក សុខ រក្សា កាលពីខែមករាដើមឆ្នាំមិនបានប៉ុន្មានផងនោះ កញ្ញា កុល ដាវី ប្រាប់ថា នាងគ្រោងនឹងត្រឡប់ទៅសម្ដែងនៅទីនោះម្ដងទៀតនាពេលឆាប់ៗខាងមុខនេះ ក្រោយចប់ការសម្ដែងនៅអាមេរិកក្នុងពេលបច្ចុប្បន្ននេះ។ បញ្ហានេះ គឺដោយសារ Sponsor ដែលធ្លាប់ធានានាងទៅសម្ដែងម្ដងរួចមកហើយនោះបានបង្ហាញចេតនាចង់ធានានាងឱ្យទៅសម្ដែងម្ដងទៀត ក្រោយពីប្រជាជនខ្មែរនៅទីនោះពេញចិត្តចំពោះការសម្ដែងរបស់នាងជាមួយលោក សុខ រក្សា។
ឆ្លើយតបតាមរយៈសារអេឡិចត្រូនិកកញ្ញា កុល ដាវី បាននិយាយថា “នាងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលម្ចាស់ Sponsor នៅកាណាដាធានាខ្ញុំ និងលោក សុខ រក្សាឱ្យទៅសម្ដែងប្រទេសនេះម្ដងទៀត”។ តារាសម្ដែងសិចស៊ីរូបនេះបានបន្តថា ពេលនេះនាងកំពុងតែសម្ដែងនៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកហើយរយៈពេលមួយខែទៀតប៉ុណ្ណោះនឹងបញ្ចប់ការសម្ដែងនៅលើទឹកដីប្រទេសមហាអំណាចមួយនេះ។ ដូច្នេះក្រោយពីបញ្ចប់ការសម្ដែងនៅអាមេរិកនេះកញ្ញា កុល ដាវី នឹងដឹកដៃលោក សុខ រក្សា ទៅសម្ដែងនៅប្រទេសកាណាដាម្ដងទៀតជាទីដែលនាងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរនៅទីនោះ។
យ៉ាងណាក៏ដោយតារាសម្ដែងសិចស៊ីមានប្រភពមកពីខេត្តបន្ទាយមានជ័យរូបនេះមិនបានបញ្ជាក់លម្អិតពីមូលហេតុនាំឱ្យ Sponsor នៅកាណាដាជ្រើសរើសនាងឱ្យទៅសម្ដែងម្ដងទៀតទេ។ កុល ដាវី គ្រាន់តែបញ្ជាក់ដោយខ្លីថាបងប្អូនខ្មែរនៅទីនោះពេញចិត្តចំពោះការសម្ដែងរបស់នាងជាមួយលោក សុខ រក្សា។
ក៏ដូចគ្នាដែរ តារាសម្ដែង វ័យ២៧ ឆ្នាំរូបនេះ មិនបានបញ្ជាក់ពីរយៈពេលប៉ុន្មាននៃការទៅសម្ដែងនៅប្រទេសកាណាដា ទេ។ នាងអះអាងថា មកទល់នឹងពេលនេះ ខាងSponsor នៅកាណាដា កំពុងតែញាប់ដៃញាប់ជើង រត់ការឯកសារពាក់ព័ន្ធនានា នៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ។ ប៉ុន្តែនាងសង្ឃឹមថា អ្វីៗនឹងទទួលផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន។
កញ្ញា កុល ដាវី បង្ហាញ ទឹកចិត្តសប្បាយរីករាយ បន្ទាប់ពីសម្ដែងនៅអាមេរិកបានរយៈពេលពីរខែទទួលបានការគាំទ្រ ច្រើនពីទស្សនិកជន ហើយមានទស្សនិកជនខ្លះ ចង់ឱ្យតារាសម្ដែងរូបនេះបន្តសម្ដែងនៅលើទឹកដីអាមេរិកឱ្យបានយូរ បន្ថែមទៀត។
ទាក់ទងការចាប់ដៃគូសម្ដែងជាមួយតារាចម្រៀងលោក សុខ រក្សា នេះដែរ មានការចុះផ្សាយពីកាសែតក្នុងស្រុកជាច្រើនថាកញ្ញា កុល ដាវី មានស្នេហាក្រៅឆាកនឹងគ្នា។ ប៉ុន្តែជុំវិញបញ្ហានេះអ្នកទាំងពីរបានច្រានចោលចំពោះដំណឹងនេះ។ កញ្ញា កុល ដាវី បាន ឈានចាប់អាជីពជាអ្នកសិល្បៈក្នុងឆ្នាំ២០០៥។ នាងធ្លាប់សម្ដែងរឿងជាច្រើនឱ្យស្ថានីយទូរទស្សន៍ក្នុងស្រុកនានា ហើយរឿងចុងក្រោយរបស់នាងទទួលបានការគាំទ្រច្រើនគឺរឿង”សង្សារខ្ញុំ អាប”៕