ហ្វា​ល​ខាវ បដិសេធថា គ្មាន​ការព្រមព្រៀង​ជាមួយ​ក្រុម​ម៉ូ​ណា​កូ​ទេ​

, , Leave a comment

​ខ្សែប្រយុទ្ធ​ក្រុម​អា​ត្លិ​ក​ទិ​កូ ម៉ា​ឌ្រី​ដ (Atletico Madrid) រ៉ា​ដា​មែ​ល ហ្វា​ល​ខាវ (Radamel Falcao) បាន​និយាយថា គាត់​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ខណៈដែល​ពត៌មាន​បាន​ចេញផ្សាយ​ថាគាត់​បាន​ព្រមព្រាង​ជាមួយនឹង​ក្រុមបាល់ទាត់​បារាំង​ម៉ូ​ណា​កូ (Monaco) បន្ទាប់ពី​កាសែត​បារាំង និង​អេ​ស្ប៉ា​ញ​បាន​រាយ​ការ​ណ៏​ថា គាត់​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​ថ្មី​នៅ​រដូវក្តៅ​ខាងមុខ​។​
 

​កីឡាករ​អន្តរជាតិ​កូ​ឡុំ​ប៊ី បាន​និយាយ​នៅក្នុង​ស​ន្និសិទ​សារពត៌មាន មុន​ការប្រកួត​ផ្តាច់ព្រ័ត្រ ខូ​ផា ដេ​ល​រ៉េ (Copa del Rey) ជាមួយនឹង​ក្រុម​រៀល​ម៉ា​ឌ្រី​ដ (Real Madrid) នៅ​ថ្ងៃ​សុក្រ​នេះ​ថា «​ខ្ញុំ​មិនបាន​ដឹង​រឿង​អ្វី​ទាំងអស់ ចំពោះ​រឿង​ទាំងនោះ ហើយ​នៅ​២​ឬ​៣​ស​ប្តា​ហ៏​ចុង​ក្រោយនេះ ខ្ញុំ​ផ្តោត​អារ​ម្ម​ណ៏​ទៅលើ​តែ​ក្រុម​អា​ត្លិ​ក​ទិ​កូ ម៉ា​ឌ្រី​ដ​ទេ​។​»


​កាសែត​អេ​អេស (AS) និង​អិ​ល​អេ​ឃ្វី​ប (L'Equipe) បាន​រាយ​ការ​ណ៏​កាលពី​ថ្ងៃ​សៅ​រ៏​មុន​ថា ហ្វា​ល​ខាវ ត្រូវបាន​ទិញ​ដោយ​ក្រុម​ម៉ូ​ណា​កូ ដែល​ត្រូវ​ឡើងមក​លេង​នៅ​លី​ក​១ (Ligue 1) នៅ​រដូវ​កាល​ក្រោយ ខណៈដែល​ម្ចាស់​ក្លឹប​ថ្មី​ជា​មហាសេដ្ឋី​រុស្ស៊ី ឌី​ម៊ី​ទ្រី រី​បូ​ឡូ​វ​ឡិ​វ (Dimitri Rybolovlev) ត្រៀម​នឹង​វិនិយោគ​ដ៏​ធំ​ជាមួយនឹង​ក្លឹប​នោះ​។​
​ក្រុមបាល់ទាត់​នៃ​ប្រទេស​បារាំង បាន​និយាយថា ពួកគេ​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ​ជា ៦០​លាន​អ៊ឺ​រ៉ូ (៧៧.៤​លាន​ដុល្លា​) ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​ដែលមាន​រហ័ស​នាម​ថា «​ខ្លា​» រូបនេះ​មក​ចូលរួម​ជាមួយ​ក្រុម​នៅ​រដូវ​កាល​ថ្មី​។​


​ប៉ុន្តែ​ហ្វា​ល​ខាវ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ២៨​គ្រាប់ ក្នុង​ក្របខ័ណ្ឌ​ឡា​លីកា (La Liga) នៅ​រដូវ​កាល​នេះ បាន​និយាយថា គាត់​មិន​ឆ្លើយតប​ទៅនឹង​ការចាប់​អារ​ម្ម​ណ៏​ពី​ក្រុម​ម៉ូ​ណា​កូ ឬក៏​ក្រុម​ណាមួយ​នោះទេ​។​
​គាត់​និយាយ​ទាំងអស់​សំណើច​ថា «​បើ​អ្នក​ជឿ​ទៅតាម​អ្វី ដែល​កាសែត​បាន​រាយ​ការ​ណ៏​នោះ ពេលនេះ​ខ្ញុំ​ប្រហែលជា​កីឡាករ​ក្នុង​ក្រុម​ធំៗ​នៅ​អ៊ឺរ៉ុប​ដូចជា ម៉ែន​ឆេ​ស្ទើ យូ​ណៃ​ធី​ត (Manchester United), ឆែ​ល​ស៊ី (Chelsea) ឬ​ក្រុម​រៀល​ម៉ា​ឌ្រី​ដ (Real Madrid) បាត់ទៅហើយ​។​»


​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​បន្តថា «​កាលពី​ឆ្នាំមុន មុនពេល​ការប្រកួត​ផ្តាច់ព្រ័ត្រ​អ៊ឺ​រ៉ូ​ផា​លី​ក (Europa League final) ពួកគេ​និយាយថា ខ្ញុំ​នឹង​ចាក​ចេញពី​ក្លឹប ព្រោះតែ​ក្លឹប​ពុំមាន​ថវិការ​គ្រប់គ្រាន់​ដើម្បី​រក្សារ​ខ្ញុំ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ដឹង ខ្ញុំ​មាន​កិច្ចសន្យា​ដ៏​វែងឆ្ងាយ​ជាមួយ​ក្រុម​អា​ត្លិ​ក​ទិ​កូ ហើយ​រឿង​អ្វី​ផ្សេង ខ្ញុំ​មិន​ចាប់​អារ​ម្ម​ណ៏​នោះទេ​។​»


​ហ្វា​ល​ខាវ ដែលជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ បន្ទាប់ពី លី​យ៉ូ​នែ​ល ម៉េ​ស៊ី (Lionel Messi) និង​គ្រី​ស្ទែ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ក្នុង​ក្របខ័ណ្ឌ​ឡា​លីកា នៅ​រដូវ​កាល​នេះ នៅជាប់​កិច្ចសន្យា​ជាមួយ​ក្រុម​អា​ត្លិ​ក​ទិ​កូ ម៉ា​ឌ្រី​ដ រហូតដល់​ឆ្នាំ​២០១៦៕

18

 

Leave a Reply

(*) Required, Your email will not be published