អគ្គិភ័យ​ឆាបឆេះ ផ្ទះ​៤​ល្វែង ទាំង​កណ្តាល អា​ធ្រា​ត្រ នៅ​ក្រុង​ច្បារមន

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​មន្ត្រី​មន្ទីរ​សុរិយោដី​២​ល្វែង និង​ផ្ទះ​អ្នក ជិតខាង​ជាប់​គ្នា​២​ល្វែង​ទៀត ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​- ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់ អស់ទាំង​ស្រុងនៅវេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ សង្ស័យ​ផ្តើមចេញពី​ការឆេះ​រថយន្ត​សាំ​យ៉ុង ដែល​ចត​ចោល​នៅក្នុង​ផ្ទះ​។​


​ផ្ទះ​ដែល​រង​ការឆាបឆេះ​ខាងលើនេះ ជា​ប្រភេទ​ផ្ទះល្វែង ថ្ម​ក្រោម ឈើ​លើ ដោយ​២​ល្វែង​ជា​របស់លោក ម៉េង ចាន់​ធី អាយុ ៥៧​ឆ្នាំ មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ សូ​រិ​យោ​ដី​ខេត្តកំពង់ស្ពឺ និង​២​ល្វែង​ទៀត ជា​របស់លោក ព្រំ កឹម​គី​ថៃ  អាយុ ៥៧​ឆ្នាំ ដែល​រស់នៅ​ជាប់​គ្នា​នោះ​។​


​ការឆាបឆេះ​នេះ មិន​អា​ជួយសង្គ្រោះ​ទាន់ពេល​នោះទេ ពោល​ផ្ទះល្វែង​ដ៏​ស្រស់ស្អាត​ម៉ូដ​ខ្មែរ​បុរាណ​ទាំង ៤​ល្វែង​ត្រូវ ក្លាយជា​ចំណី​អគ្គិភ័យ​អស់ទាំង​ស្រុង​។ ក្រៅពី​ផ្ទះ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដ៏​ច្រើន​ហើយ​នោះ បើតាម​កា​បញ្ជាក់​ពី ម្ចាស់ផ្ទះ​ទាំងពីរ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា អគ្គិភ័យ​ឆេះ​អស់​គ្រឿងអលង្ការ​ជា​មាស​ជាង ៣​តម្លឹង និង លុយ​ជាង ៦​ពាន់​ដុល្លារ​ថែមទៀត​។​


​ក្នុងនោះ លោក ម៉េង ចាន់​ធី ឆេះ​អស់​គ្រឿងអលង្ការ ២​តម្លឹង និង​លុយ ៣​ពាន់​ដុល្លារ រីឯ​លោក ព្រំ កឹម​គី​ថៃ អស់​គ្រឿងអលង្ការ​១​តម្លឹង ព្រមទាំង​លុយ​ជាង ៣​ពាន់​ដុល្លារ​។​ ​ការឆាបឆេះ​នេះ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ តែបើ​តាំ​ការបញ្ជាក់​ពី​លោក ព្រំ កឹម​គី​ថៃ ក៏ដូចជា​កូន ប្រុស​របស់ខ្លួន បាន​អះអាងថា អគ្គិភ័យ​នេះ​ផ្តើម​ឆេះ​ចេញពី​រថយន្ត​សាំ​យ៉ុង​របស់លោក ម៉េង ចាន់​ធី ដែល​ចត​នៅ ក្នុងផ្ទះ​។​


​បើតាម​លោក ព្រំ កឹម​គី​ថៃ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែងកើតហេតុ​ថា ពេល​មានការ​ឆោឡោ​នោះ គឺ​គាត់ ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញ ពីក្រោម​រថយន្ត​សាំ​យ៉ុង ដោយ​គាត់​សង្ស័យ​រថយន្ត​ហៀរ​ប្រេង ទើប​បង្ក​ជាការ​ឆាបឆេះ​បែបនេះ​។​ ​ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​អះអាង​ពី​លោក ព្រំ កឹម​គី​ថៃ ប៉ុណ្ណោះ រីឯ​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន​នៅឡើយ​ទេ ពោល​ពួកគាត់​កំពុងតែ​ពិនិត្យ និង​ស៊ើបអង្កេត​បន្តទៀត​៕

18 (1) 18 (2)

 

Leave a Reply

(*) Required, Your email will not be published