ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ ជាច្រើននាក់ ដែលចុះទៅឡោមព័ទ្ធ ទីបញ្ជាការអាវុធហត្ថ ក្រុងសែនមនោរម្យ កាលពីវេលាម៉ោង៥ជាងល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ដោយសង្ស័យថា មានលាក់ទុកឈើគ្រញូង តែបាន ដកថយទៅវិញអស់ហើយមិនបានចូលទៅឆែកឆេនោះទេ។ការចុះឆែកឆេរដឹកនាំដោយ ព្រះរាជអាជ្ញារងនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត មានសមត្ថកិច្ចប៉ូលិស និងរដ្ឋបាលព្រៃឈើ បានចេញប្រតិបត្តិការមួយឈុតក្នុងគោលបំណងឆែកឆេរទីតាំងមូលដ្ឋានរបស់ទីបញ្ជាការកងរាជអាវុធហត្ថក្រុងសែនមនោរម្យដោយសង្ស័យថា ទីតាំងនោះមានលាក់ទុកឈើប្រណីតមានក្រញូង បេង និងធ្នង់ដោយខុសច្បាប់។ ប៉ុន្តែបេសកកម្មនោះមិនបានជោគជ័យនោះទេ ដោយសារតែកម្លាំងកងរាជអាវុធហត្ថក្រុងបានដាក់ប៉ារ៉ាស់ និងមានកម្លាំងប៉េអឹមជាច្រើននាក់បានឈររារាំងជាខែលជុំជិតបរិវេណនោះ។
សេចក្ដីរាយការណ៍ឲ្យដឹងថា នៅម៉ោង៥និង៣៥ នាទីរសៀលថ្ងៃទី១៧ ខែឧសភានេះ មន្ត្រីតុលាការខេត្តមណ្ឌលគិរី ដឹកនាំដោយលោកសោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើននាក់ផងនោះ ចុះទៅឆែកឆេរទីតាំងមូលដ្ឋានទីបញ្ជាការកងរាជអាវុធហត្ថក្រុងសែនមនោរម្យ ដោយសង្ស័យទីតាំងនោះមានលួចលាក់ស្ដុកឈើប្រណីតខុសច្បាប់។
ប្រភពបន្តថា ទោះជាលោកព្រះរាជអាជ្ញារងខំព្យាយាមសម្របសម្រួលជាមួយអ្នកទទួលខុសត្រូវនៅស្នាក់ការកងរាជអាវុធហត្ថនោះយ៉ាងណាក៏ដោយ ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅឆែកឆេរ ក្នុងបរិវេណខាងក្នុងនោះដែរ នៅទីបំផុតរហូតដល់ម៉ោង៦រសៀលថ្ងៃដដែលនេះ មន្ត្រីតុលាការ និងក្រុមការងារប្រតិបត្តិការបានដកថយត្រឡប់ទៅវិញដោយមិនបានភស្តុតាងអ្វីនោះទេ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា មូលហេតុដែលសមត្ថកិច្ច បាននាំគ្នាដកថយ ទៅវិញនោះ ប្រហែលមកពីហួសម៉ោងរដ្ឋបាល ៕